ក្រសួងយុត្តិធម៌លីប៊ីរាយការណ៍កាលពីថ្ងៃទី២ មិថុនាថា ប្រទេសលីប៊ីនឹងធ្វើការតវ៉ាទៅសាលាឧទ្ធរណ៍ចំពោះសេចក្តីសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ CPI ដែលស្នើកាលពីសប្តាហ៍មុនដល់ក្រុងទ្រីប៉ូលីឱ្យប្រគល់ខ្លួនលោកសៃអីុហ្វអាល់អីុស្លាម កូនប្រុសរបស់អតីតមេដឹកនាំលោកមូអាម៉ាកាដាហ្វី ។
យោងតាមក្រសួងនេះថា លីប៊ីអាចបើកធ្វើសវនាការកាត់ទោសជននេះដោយសមធម៌សមស្របតាមស្តង់ដាអន្តរជាតិ ។ ក្រុមមួយរបស់លីប៊ី រួមជាមួយពួកអ្នកជំនាញការអន្តរជាតិកំពុងរៀបចំសម្រាប់ធ្វើការតវ៉ាទៅសាលាឧទ្ទរណ៍ ។អាជ្ញាធរលីប៊ីនិយាយថា ការស្រាវជ្រាវសំណុំរឿង ស្តីពី សៃអីុហ្វអាល់អីុស្លាម កំពុងធ្វើក្នុងប្រទេស ក៏ប៉ុន្តែបណ្តាចៅក្រមនៃតុលាការ CPI យល់ថា លីប៊ីពុំបានបង្ហាញថា ខ្លួនធ្វើការស៊ើបអង្កេតសំណុំរឿងនោះដូចការស៊ើបអង្កេតរបស់តុលាការអន្តរជាតិឡើយ ។ តុលាការ CPI ចង់កាត់ទោសកូនប្រុសលោកកាដាហ្វីនោះពីបទឧក្រិដ្ឋ នាសម័យសង្គ្រាមស៊ីវិលឆ្នាំ២០១១ ។
សៃអីុហ្វអាល់អីុស្លាម ជាកូនប្រុសលោកកាដាហ្វីលេចធ្លោជាងគេ ហើយជារឿយៗត្រូវបានគេចាត់ទុកថា ជាអ្នកត្រូវឡើងបន្តវេនពីឪពុករបស់គេ រហូតដល់មានបដិវត្តន៍ដែលផ្ទុះឡើងនៅលីប៊ីកាលពីខែកុម្ភៈ ឆ្នាំ២០១១ ហើយនាំទៅដល់ការដួលរលំនៃរបប និងការស្លាប់របស់លោកកាដាហ្វីកាលពីខែតុលា ឆ្នាំ២០១១ ៕
ចែករំលែកព័តមាននេះ