ខេត្តបន្ទាយមានជ័យ ៖ ផ្លូវលេខ 159C ដែលនឹងត្រូវកសាងថ្មីនាចុងឆ្នាំនេះ នៅឃុុំអូរប្រាសាទ ស្រុកមង្គលបុរី ត្រូវបានគេដឹកអង្កាមមកចាក់ចោលនៅតាមចិញ្ចើមផ្លូវរហូតលិចក្បាល ហើយដុតឆេះហុយទ្រលោមបង្កឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងបរិស្ថាន ហើយក៏ប៉ះពាល់ដល់ការកសាងផ្លូវនេះដែរ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវលេខ 159C និយាយថា រយៈពេលជិត១សប្តាហ៍នេះតាមផ្លូវលេខ 159C ចំណុចភូមិអូរស្ងួត ឃុំអូរប្រាសាទ គេឃើញមានការចាក់អង្កាមតាមចិញ្ចើមផ្លូវ ដែលគំនរអង្កាមមានកម្ពស់លិចក្បាល និងមានប្រវែងជិត៣០០ម៉ែត្រខាងត្បូងផ្លូវ ។ ម្យ៉ាងទៀត ដោយសារតែការដុតអង្កាមនោះធ្វើឱ្យហុយផ្សែងស្ទើរតែរកមើលផ្លូវមិនឃើញ និងមានការព្រួយបារម្ភពីគ្រោះថ្នាក់ ។ ជាមួយនេះ សំរាមដែលគេនាំចេញពីផ្សារអូរស្ងួតក៏យកមកចោលក្បែរផ្លូវនេះដែរ ។
បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរនោះប្រាប់ថា អង្កាមដែលគេយកមកចាក់ចោលនៅតាមចិញ្ចើមផ្លូវលេខ 159C ចំណុចភូមិអូរស្ងួតនេះ គឺឈ្មោះ ថុង វិសិទ្ធ ហៅវិត ជាម្ចាស់ឡឥដ្ឋដែលមានរថយន្តស៊ីឈ្នួលដឹកតាមរោងម៉ាស៊ីនក្នុងមួយរថយន្តតម្លៃ៦ម៉ឺនរៀល យកមកចាក់ចោលតាមផ្លូវនេះ ។លោកគឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តថ្លែងថា ផ្លូវលេខ 159C គ្រោងកសាងនៅចុងឆ្នាំ២០១៣ ដែលមានប្រវែង១៩,៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ចំណុចភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរីរហូតដល់ស្រុកបវេល ខេត្តបាត់ដំបង ។
ចំពោះការដឹកអង្កាមយកមកចាក់ចោលតាមចិញ្ចើមផ្លូវនេះ គឺជាការប៉ះពាល់ដល់ការកសាងផ្លូវ និងប្រឡាយទឹក ។ លោកប្រធានមន្ទីរបានព្រមានថា បើបុគ្គលណាយកអង្កាមមកចាក់ចោល ត្រូវកាយចេញវិញឱ្យបានឆាប់ បើមិនកាយចេញទេ នឹងមានវិធានការតាមច្បាប់ជាមិនខាន ៕
ចែករំលែកព័តមាននេះ