ខេត្តរតនគិរី ៖ ក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុប (HOANG ANH GIALAI Group) របស់វៀតណាមបានសម្រេចធ្វើការបោះទុនវិនិយោគក្នុងរង្វង់ទឹកប្រាក់សរុបប្រមាណ៥០០លានដុល្លារអាមេរិក ដើម្បីវិនិយោគដំណាំកៅស៊ូ និងដំណាំដូងប្រេងនៅខេត្តរតនគិរី។
បន្ទាប់ពីសម្លឹងឃើញព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានការអភិវឌ្ឍ និងមានសក្តានុពលយ៉ាងធំធេងសម្រាប់ពង្រីកការនាំចេញបានប្រកបដោយឧត្តមភាពប្រកួតប្រជែងនាពេលខាងមុខ ក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុបមកវិនិយោគនៅខេត្តរតនគិរីនេះ គោលបំណងសំខាន់ទៀតនោះគឺចង់ជួយប្រជាពលរដ្ឋកម្ពុជាឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង និងមិនមែនធ្វើក្នុងលក្ខណៈឆក់កណ្តៀតនោះទេ ។ នេះគឺជាប្រសាសន៍របស់លោកង្វៀន វ៉ាន់ស៊ឺ អគ្គនាយកនៃក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុបកាលពីព្រឹកថ្ងៃទី១ មិថុនា ឆ្នាំ២០១៣ ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនៅភូមិកាចក់ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
លោកអគ្គនាយកក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុបបានថ្លែងថា ក្រុមហ៊ុនបានទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាចំនួន៣ម៉ឺនហិកតា រយៈពេល៧០ឆ្នាំនៅក្នុងស្រុកកូនមុំ ស្រុកអណ្តូងមាស និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ចាប់ពីឆ្នាំ២០១០ ដល់២០១២ ក្រុមហ៊ុនកំពុងវិនិយោគដាំដូងប្រេង និងដាំកៅស៊ូបានចំនួន១ម៉ឺនហិកតានៅតំបន់ស្រុកកូនមុំ ។ ដោយឡែក នៅស្រុកអណ្តូងមាស ក្រុមហ៊ុនដាំកៅស៊ូបានចំនួន៦.០០០ហិកតាដោយប្រើប្រាស់កម្លាំងកម្មករជាង៣០០នាក់ដើម្បីជម្រះស្មៅ ហើយទិសដៅនៅឆ្នាំ២០១៤ ក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុប និងបន្តដាំ៤.៥០០ហិកតាទៀត។
ក្នុងការវិនិយោគដាំកៅស៊ូ និងដាំដូងប្រេងនៅខេត្តរតនគិរីនេះ ក្រុមហ៊ុនបានចំណាយទុនប្រមាណ៥០០លានដុល្លារអាមេរិក។ នៅចុងឆ្នាំ២០១៤ ដើមឆ្នាំ២០១៥ ក្រុមហ៊ុនមានគម្រោងសាងសង់រោងចក្រកែច្នៃចម្រាញ់ប្រេងដូងនៅស្រុកកូនមុំ ដែលត្រូវចំណាយថវិកាចំនួន១០០លានដុល្លារអាមេរិក ដែលគម្រោងនេះត្រូវតែអនុវត្ត ហើយជាមួយគ្នាក្រុមហ៊ុនក៏មានគម្រោងសាងសង់រោងចក្រអគ្គិសនីដោយប្រើកាកសំណល់ដូងប្រេង និងស្មៅផងដែរ ។ ក្រុមហ៊ុនក៏មានទិសដៅជួយដល់សហគមន៍ចំនួន១៨ ដែលមានប្រជាពលរដ្ឋរស់នៅជុំវិញដីគម្រោងដើម្បីកសាងផ្លូវ សាលារៀន មណ្ឌលសុខភាព ហើយត្រូវអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០១៣ អូសបន្លាយដល់ឆ្នាំ២០១៦ ។
លោកអគ្គនាយកថ្លែងថា កម្មវិធីនេះនឹងបំពេញបន្ថែមជាជំហានៗឱ្យស្របតាមលក្ខណៈពិសេសរបស់សហគមន៍នីមួយៗដោយចំណាយថវិកាប្រហែល១០លានដុល្លារអាមេរិក ។ ក្រុមហ៊ុនចំណាយថវិកាចំនួន៣០លានដុល្លារអាមេរិកក្នុងការសាងសង់ផ្ទះឱ្យកម្មករស្នាក់នៅដោយឥតគិតថ្លៃប្រមាណជា២.០០០ខ្នង ហើយត្រូវការកម្មករចំនួន៩.០០០នាក់ និងអ្នកបច្ចេកទេសចំនួន១.០០០នាក់ ។ ប្រាក់ខែកម្មករជាមធ្យម២២៥ដុល្លារអាមេរិកទិសដៅរបស់ក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុបត្រូវការកម្លាំងកម្មករជាជនជាតិកម្ពុជាមិនអាចខ្វះបានចំនួន៩០ភាគរយ ។
ក្រុមហ៊ុនក៏មានផែនការបង្រៀនកម្មករឱ្យចេះរបៀបថែរក្សាដើមកៅស៊ូ និងការចៀរជ័រ ហើយក្រុមហ៊ុននឹងធ្វើឱ្យប្រជាពលរដ្ឋដែលក្រឱ្យបាត់ក្រ ឱ្យកាត់បន្ថយបាននូវភាពក្រីក្រ ។ ប្រជាពលរដ្ឋដែលអត់ឃ្លានឱ្យបាត់អត់ឃ្លាន នេះជាបំណងដ៏ល្អរបស់ក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុបចង់បានទៅអនាគត ។ ក្រុមហ៊ុនបានទទួលដីសម្បទានសេដ្ឋកិច្ចរយៈពេល៧០ឆ្នាំ ដូច្នេះក្រុមហ៊ុនត្រូវតែធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋឱ្យបានស្អិតរមួត ដែលបញ្ហានេះមិនអាចខ្វះការចូលរួមពីប្រជាពលរដ្ឋបានឡើយ ។
លោកង្វៀង វ៉ាន់ស៊ី អគ្គនាយកក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុបបានបញ្ជាក់ថា ក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុបនឹងរៀបចំពិនិត្យសុខភាព និងចែកថ្នាំឥតគិតថ្លៃតាមការកំណត់ជាប្រចាំ៦ខែម្តង ។ ចំពោះប្រជាពលរដ្ឋណាដែលមានជំងឺធ្ងន់ធ្ងរ ក្រុមហ៊ុនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ៊ងអាញយ៉ាឡាយនៅប្រទេសវៀតណាមដោយឥតគិតថ្លៃ ហើយជួយឧបត្ថម្ភអាហារូបករណ៍ឱ្យកូនក្មួយរបស់សហគមន៍បានទៅរៀននៅខេត្តយ៉ាឡាយ និងខេត្តកង់ទុំ ។ ត្រៀមចូលរួមនូវថវិកាមួយភាគសម្រាប់ទិញឧបករណ៍សម្ភារឱ្យសាលាបង្រៀនវិជ្ជាជីវៈរបស់ខេត្ត ប្រសិនបើខេត្តបង្កើតសាលាសម្រាប់បង្កើតធនធានមនុស្សឱ្យខេត្ត និងតាមបណ្តាខេត្តផ្សេងៗស្ថិតក្នុងតំបន់ភូមិភាគឥសាននៃប្រទេសកម្ពុជា ។
វិនិយោគនូវអគ្គិសនី និងដំណើររៀបចំបណ្តាញឱ្យបណ្តាសហគមន៍ផ្សេងៗប្រើប្រាស់ដោយឥតគិតថ្លៃ ហើយក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុបប្តេជ្ញាបង្កើតកម្មវិធីនេះឱ្យក្លាយទៅជារូបភាពគំរូដើម្បីពង្រីកទៅបណ្តាតំបន់ផ្សេងជាមួយនឹងថវិកាចំណាយជាច្រើនលានដុល្លារ ។ កម្មវិធីវិនិយោគអភិវឌ្ឍន៍សហគមន៍នឹងត្រូវបានកត់ត្រាជារបាយការណ៍តាមការកំណត់ជាត្រីមាស និងបានបំពេញបន្ថែមលើកកម្ពស់សមស្របទៅតាមតម្រូវការរបស់បណ្តាសហគមន៍ ។
លោកអគ្គនាយកថ្លែងទៀតថា ក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុបនឹងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋរស់នៅតាមសហគមន៍ដើម្បីរកដំណោះស្រាយផលប៉ះពាល់ និងធ្វើការស្រាវជ្រាវវាយតម្លៃពីស្ថានភាពប្រាក់ចំណូល អំពីជីវភាព ស្មារតីសម្ភារ និងការងារពលកម្មហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ អគ្គិសនី សាលារៀន មណ្ឌលសុខភាព) ដើម្បីជាមូលដ្ឋានក្នុងការកសាងកម្មវិធីឧបត្ថម្ភសហគមន៍ជាក់ស្តែង ។ ជាពិសេសជាងនេះទៀត ក្រុមហ៊ុនសុំឱ្យបណ្តាប្រព័ន្ធសារព័ត៌មានទាំងឡាយចូលរួមពិនិត្យអង្កេត និងផ្តល់យោបល់មកដល់ក្រុមហ៊ុនហ៊ងអាញយ៉ាឡាយគ្រុបក្នុងអន្តរកាល អនុវត្តកម្មវិធីនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់បំផុតផងដែរ ។
លោកប៉ាវ ហមផាន អភិបាលខេត្តរតនគិរី បានឱ្យដឹងថា នៅក្នុងខេត្តរតនគិរីបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន៣០ក្រុមហ៊ុនទាំងតូចទាំងធំ ហើយក្រុមហ៊ុនចំនួន២៨ ដែលកំពុងមានសកម្មភាពឈូសឆាយដាំដុះដំណាំកសិឧស្សាហកម្មទៅតាមកិច្ចសន្យា និងផែនការមេរបស់ខ្លួន ហើយបច្ចុប្បន្នបានដាំដុះរួចកៅស៊ូ១៦.២៦៩ហិកតា ដូងប្រេង១.៧៩០ហិកតា និងក្រុមហ៊ុនស្តារអភិវឌ្ឍន៍កៅស៊ូរដ្ឋ (ស្វីហ្វរ៉ាប់ប៊ើ) ដាំកៅស៊ូរួច៩៥៥ហិកតា និងកៅស៊ូចាស់១.៥៣៩ហិកតា ។ សរុបក្នុងខេត្តរតនគិរីមកដល់បច្ចុប្បន្នមាន ៈ
-កៅស៊ូ=៤៧.៩៩៨ហិកតា (វិនិយោគ=១៨.៧៦៣ហិកតា និងឯកជន=២៩.២៣៥ហិកតា) ។ ក្នុងនោះកៅស៊ូកំពុងចៀរជ័រ=៣.៩៧៥ហិកតា (កៅស៊ូរដ្ឋ=១.៥៣៩ហិកតា និងឯកជន=២.៤៣៦ហិកតា)
-ដូងប្រេង=១.៧៩០ហិកតា
-ដំឡូងមី=១៤.៥៧៦ហិកតា
-សណ្តែកសៀង=៤.១៤៩ហិកតា
-ស្វាយចន្ទី=១៧.៤៧៩ហិកតា
ខេត្តក្រចេះ=៧៣ហិកតា
-ដំណាំឈើហូបផ្លែ=៥១៤ហិកតា
-ស្រូវ ចម្ការ=១៣.៥១៨ហិកតា
លោកអភិបាលខេត្តរតនគិរីបានបញ្ជាក់ថា ដោយការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនៅក្នុងខេត្តរតនគិរីមានការរីកចម្រើនជារៀងរាល់ឆ្នាំ ហើយត្រូវប្រើប្រាស់ដីព្រៃឈើមកធ្វើការដាំដុះ ដូច្នេះផ្ទៃដីព្រៃត្រូវបានថយចុះជាលំដាប់ជារៀងរាល់ឆ្នាំដោយកត្តាមួយចំនួន ៈ ការដាំដុះដំណាំកសិ-ឧស្សាហកម្ម (កៅស៊ូ ស្វាយចន្ទី ដំឡូងមី) ទាំងការវិនិយោគលើដីសម្បទានសេដ្ឋកិច្ច និងឯកជន ។ លោកអភិបាលខេត្តថ្លែងថា បច្ចុប្បន្ននេះដែរ ដីសម្បទានសង្គមកិច្ចមាន៨.៧៣០ហិកតា និងដីសម្បទានសេដ្ឋកិច្ចមាន១៩១.៨៤១ហិកតា (កសិកម្ម ១៨ក្រុមហ៊ុន=៩០.៣៣១ហិកតា និងបរិស្ថាន ១២ក្រុមហ៊ុន=១០១.៥១០ហិកតា) ៕
ចែករំលែកព័តមាននេះ