បុរសវ័យចំណាស់ម្នាក់បានស្លាប់ បន្ទាប់ពីបើករថយន្តបុកដើមឈើ ហើយធ្លាក់ចូលប្រឡាយក្រឡាប់បះជើងទ្រមេឃ ។ ហេតុការណ៍ខាងលើបានកើតឡើងនៅលើដងផ្លូវ ក្នុងឃុំសារីប្រាច័ន្ទ ខេត្តសូផានបូរី ប្រទេសថៃ កាលពីថ្ងៃទី២ មិថុនា ។ក្រោយពេលកើតហេតុ ប៉ូលិសបានទៅដល់ឃើញរថយន្តប្រភេទមួយបាំងកន្លះមា៉កដាតសាន់ (Datsun) ផលិតនៅឥណ្ឌា ពណ៌ក្រហម ពាក់ស្លាកលេខ៧៦៤៦-ខេត្តកានថាណាបុរី បានក្រឡាប់ផ្ងារជើងឡើងលើក្នុងប្រឡាយ ឯអ្នកបើកបរគឺលោក តេង ឆាវប៉ូអេន អាយុ៧០ឆ្នាំ បានស្លាប់ ។
ខណៈពេលប៉ូលិសកំពុងយកសាកសពចេញពីរថយន្ត ក៏ឃើញនាងសំបូរឆាវប៉ូអេន អាយុ៤៤ឆ្នាំ ជាកូនស្រីរបស់ជនរងគ្រោះរត់ចូលទៅឱបសពឪពុក ។ តាមការសាកសួររបស់សមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា លោក តេង ឆាវប៉ូអេន ជាកសិករ មានជំងឺលើសឈាមនិងបេះដូង ។ មុនពេលកើតហេតុ គាត់ជិះរថយន្តចេញពីផ្ទះទៅបូមទឹកដាក់ស្រែតែម្នាក់ឯង តាំងពីព្រឹកព្រលឹម ក្រោយមកក៏ត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុគឺជាផ្លូវបំបែកឆ្លងប្រឡាយក៏ជួបគ្រោះថ្នាក់តែម្តង ។
សមត្ថកិច្ចសន្និដ្ឋានថា ខណៈពេលបុរសរងគ្រោះកំពុងបើកបរ ជំងឺបេះដូងក៏រើឡើង មិនអាចបញ្ជារថយន្តបាន ទើបជ្រុលទៅបុកដើមឈើក្បែរផ្លូវ ហើយក្រឡាប់ចូលប្រឡាយបណ្តាលឱ្យស្លាប់តែម្តង ៕
ចែករំលែកព័តមាននេះ