រាជធានីភ្នំពេញ ៖ រថយន្តដឹកកុងតឺន័រមួយគ្រឿងបើកបោះពួយយ៉ាងលឿន បានបុកនិងកិនម៉ូតូដែលកំពុងឆ្លងផ្លូវ បណ្តាលឱ្យបុរសបើកម៉ូតូមា្នក់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តជ្រុលក្បាលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយចំតិតគូទគ្រហ៊ីតឡើងលើទាំងកិនជាប់ម៉ូតូខូចខាតទាំងស្រុង ឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។
ឧប្បត្តិហេតុនេះកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ មិថុនា លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាសង្កាត់ចោមចៅ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង ខណ្ឌពោធិ៍សែនជ័យ ។ បុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល៣០ឆ្នាំ ជិះម៉ូតូមា៉កហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BU-2634 ប៉ុន្តែត្រូវក្រុមជនខិលខូចលួចកាច់យកទៅបាត់ ។ រថយន្តដឹកកុងតឺន័រមា៉កនីស្សាន់ឌីសែល ពណ៌ទឹកប្រាក់ ក្បាលពាក់ស្លាកលេខភ្នំពេញ 3A-1669 និងកន្ទុយក្រោយពាក់ស្លាកលេខភ្នំពេញ 4A-0856 ។
តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកកុងតឺន័រខាងលើធ្វើដំណើរក្នុងល្បឿនលឿនពីកើតទៅលិច ឯម៉ូតូរបស់បុរសរងគ្រោះបើកឆ្លងផ្លូវពីជើងទៅត្បូងមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តបុកកិនតែម្តង បន្ទាប់មករថយន្ត បានរេចង្កូតជ្រុលធ្លាក់ក្បាលចូលទៅក្នុងប្រឡាយទឹកស្អុយចំតិតគូទឡើងលើ និងកិនម៉ូតូជាប់កង់ក្រោយខូចខាតទាំងស្រុង ។ ក្រោយពេលកើតហេតុរថយន្តសង្គ្រោះ៧១១ របស់មន្ទីរពេទ្យកងពលតូចលេខ៧០ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ បន្ទាន់ ។
សមត្ថកិច្ចប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះធ្វើការវាស់វែងនិងយកវត្ថុតាងទៅរក្សាទុក ។
ជនរងគ្រោះក្រោយពីទទួលការជួយសង្គ្រោះក៏ដឹងខ្លួនវិញ ហើយនិយាយថាពេលគ្រោះថ្នាក់នោះគាត់បានបាត់ខ្សែ.ក១ខ្សែ និងកាបូបលុយមានលុយ៣០០ដុល្លារ ព្រមទាំងអត្តសញ្ញាណប័ណ្ណកាតគ្រីម៉ូតូ និងរបស់របរមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ