អាជ្ញាធររាយការណ៍ថា ការរញ្ជួយដីមួយមានកម្លាំងជាង៦រីស្ទ័រកើតមានកាលពីថ្ងៃទី២ មិថុនា នៅតៃវ៉ាន់ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរបួស២១នាក់ ហើយធ្វើឱ្យអគារទាំងឡាយនៅក្រុងតៃប៉ិមានការញ័ររង្គើរយ៉ាងខ្លាំង ញ៉ាំងឱ្យប្រជាជនភ័យជ្រួលច្របល់នាំគ្នារត់ចេញមកកាន់ដងវិថីទាំងឡាយ ។
ការរញ្ជួយដីនេះញ័ររង្គើរដល់ក្រុងហុងកុងស្ថិតនៅចម្ងាយជាង៧០០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ប៉ុន្តែពុំមានការប្រកាសអាសន្នស៊ូណាមីឡើយ រួចកើតមានក្នុងជម្រៅក្រោមដីត្រឹមតែ១០គីឡូម៉ែត្រប៉ុណ្ណោះ ។ មជ្ឈមណ្ឌលសិក្សាការរញ្ជួយដីតៃវ៉ាន់និយាយថា ការរញ្ជួយដីនេះមានកម្លាំង៦,៣រីស្ទ័រ ខណៈវិទ្យាស្ថានភូមិរូបវិទ្យាអាមេរិក USGS ថា មាន៦,២រីស្ទ័រ ។
មនុស្ស២នាក់បានត្រូវស្លាប់ដោយសារការបាក់ដុំថ្មសង្កត់លើ ក្នុងនោះមានបុរសម្នាក់ដែលឡើងភ្នំអាលីភាគកណ្តាលតៃវ៉ាន់ ។ ក្នុងចំណោមមនុស្ស២១នាក់ដែលត្រូវរបួស ៣នាក់របួសធ្ងន់។ នៅទីក្រុង CHUSHAN ជាទីក្រុងមួយនៅតំបន់ណានទូ ពួកអ្នកជួយសង្គ្រោះប៉ុនប៉ងកាយរកបុរសម្នាក់ដែលជាប់ក្រោមគំនរបាក់បែក ។ បណ្តាទូរទស្សន៍បានផ្សាយរូបភាពនៃការបាក់ដី និងបង្ហាញធូលីហុយលើតំបន់ភ្នំនានា ។
តំបន់ណានទូកាលពីខែកញ្ញាឆ្នាំ១៩៩៩ ធ្លាប់ជួបប្រទះនឹងការរញ្ជួយដីកម្លាំង៧,៦រីស្ទ័រមួយ បណ្តាលឱ្យមនុស្សស្លាប់២.៤០០នាក់ ដែលនោះជាគ្រោះមហន្តរាយធម្មជាតិមានមនុស្សស្លាប់ច្រើនបំផុតនៅតៃវ៉ាន់ ៕
ចែករំលែកព័តមាននេះ