សេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងនិងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ នឹងត្រូវគណៈកម្មការជំនាញរដ្ឋសភាលើកយកមកពិនិត្យនិងលើកយោបល់ នៅព្រឹកថ្ងៃទី០៤ មិថុនា ២០១៣នេះ ។ នេះបើយោងតាមលោក ញ៉ែម ថ្ថាវី តំណាងរាស្រ្តមណ្ឌលកំពង់ធំរបស់គណបក្សប្រជាជនកម្ពុជា ដែលបា្រប់កោះសន្តិភាពនៅព្រឹកថ្ងៃទី០៣ មិថុនា ២០១៣ ។
បើតាមលោក ញ៉ែម ថ្ថាវីដដែល បន្ទាប់ពីបញ្ចប់ការពិនិត្យនិងលើកយោបល់រួច គណៈកម្មការជំនាញ នឹងបញ្ជូនសេចក្តីស្នើច្បាប់នេះទៅគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភាបន្តពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភា។
នៅក្នុងសេចក្តីព្រាងច្បាប់ដែលមាន៥មាត្រានេះ បានកំណត់ថា ជនទំាងឡាយណាដែលប្រឆាំងនិងការមិនទទួលស្គាល់ថា របបកម្ពុជាប្រជាធិបតេយ្យ( ប៉ុល ពត) ពុំមានការធ្វើទារុណកម្មនិងសម្លាប់មនុស្សនោះ នឹងត្រូវជាប់ពន្ឋនាគារពី០៦ខែ ដល់ ២ឆ្នាំ និងពិន័យជាបា្រក់ពី០១លានទៅ០៤លានរៀល ហើយករណីមិនរាងចាលត្រូវពិន័យពី៥០លាន ទៅ៥០០លានរៀល ។
គួរបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងនិងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យនេះ ត្រូវបានក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិច តាក់តែងឡើង បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពាវនាវកាលពីថ្ងៃទី២៧ ឧសភា ២០១៣ បន្ទាប់ពីប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានសម្តេចតេជោលើកឡើងថា លោក កឹម សុខា និយាយថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិតនោះរួចមក ដែលធ្វើឲ្យមានប្រតិកម្មជាបន្តបន្ទាប់ពីអតីតជនរងគ្រោះនៅមន្ទីរស ២១ ឬ គុកទួលស្លែង ក្នុងនោះមានទំាងលោក ជុំ មី និង លោក ប៊ូ ម៉េង ជាដើម ។
ជាមួយគ្នានេះដែរ នៅថ្ងៃស្អែកទី០៤ មិថុនា ដែលជាថ្ងៃឳសានវាទចុងក្រោយសម្រាប់លោក កឹម សុខា សុំទោសនោះ ក្រុមអតីតជនរងគ្រោះនៅគុកទួលស្លែងដឹកនំាដោយលោក ជុំ មី និង លោក ប៊ូ ម៉េង នឹងធ្វើសន្និសីទកាសែត មុននឹងប្រកាសធ្វើបាតុកម្ម ប្រសិនបើលោក កឹម សុខា មិនអុជធូបសុំទោសជនរងគ្រោះនិងព្រលឹងជនរងគ្រោះទំាងអស់ដែលស្លាប់នៅគុកទូលស្លែងទេនោះ ៕
ចែករំលែកព័តមាននេះ