ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ថៃ ប្តេជ្ញា​រួម​គ្នា​បន្ត​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សមាជិក​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ ៖ ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ថៃ ប្តេជ្ញា​រួម​គ្នា​បន្ត​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សមាជិក​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ថៃ និង​ឯកឧត្តម លោក​ជំទាវ អនុប្រធាន សមាជិក សមាជិកា​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ថៃ និង​ឯកឧត្តម ណាត់​តា​ឆា ប៊ុ​ន​ឆៃ​អ៊ី​ន សាវ៉ា​ត់ (Nattacha Boonchaiinsawat) សមាជិក​សភាតំណាងរាស្ត្រ និង​ជា​ប្រធាន​ក្រុម​មិត្តភាព​សភា​ថៃ​-​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា នៅ​ក្នុង​ការ​ពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ និង​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត ។

ការ​ប្តេជ្ញា​ចិត្ត រួម​គ្នា​រវាង​ប្រធាន​ក្រុម​មិត្តភាព​នៃ​សភា​ប្រទេស​ទាំង​ពីរ បាន​ធ្វើ​ឡើង នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​វិមាន​រដ្ឋសភា ខណៈ​ដែល​ឯកឧត្តម​ណាត់ តា​ឆា ប៊ុ​ន​ឆៃ – អ៊ី​ន​សាវ៉ា​ត់ (Nattacha Boonchaiinsawat) បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៥ ខែឧសភា ដល់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូសបញ្ជាក់​ថា ការ​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​មតិយោបល់ និង​បទ​ពិសោធន៍​ជាក់ស្តែង​រវាង​គ្នា និង​គ្នា​ទៅ​វិញ​ទៅ​មក ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ត្រង់​ទៅ​ត្រង់​មក និង​ដោយ​ភាព​ជឿ​ទុកចិត្ត​លើ​គ្នា​នេះ​វា​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​បន្ត​ពង្រឹងពង្រីក និង​លើកកម្ពស់​នូវ​ចំណងមិត្តភាព​សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ទាំង​បច្ចុប្បន្ន និង​បន្ត​ទៅ​អនាគត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ។

ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង ដោយ​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព​នៃ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​រឹង​មាំ​ស្ថិតស្ថេរ និង​ស៊ីជម្រៅ​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ ។

ឯកឧត្តម ណាត់​តា​ឆា ប៊ុ​ន​ឆៃ​អ៊ី​ន​សាវ៉ា​ត់ (Nattacha Boonchaiinsawat) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​ដល់​គណៈប្រតិភូ​ក្រុម​មិត្តភាព សភា​ថៃ​-​កម្ពុជា និង​សហការី​ក្នុង​ឱកាស​នេះ និង​បាន​ជម្រាប​សម្តេច​ថា កាលពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​២៣ ខែមីនា ឆ្នាំ​២០២៤ កន្លង​មក​នោះ ឯកឧត្តម​បាន​អមដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម ប្រធាន​សភាតំណាងរាស្ត្រ ដើម្បី​ចូលរួម​ពិធី «​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌ​ន​» នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា តាម​ការ​អញ្ជើញ​របស់​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ឯកឧត្តម ណាត់​តា​ឆា ប៊ុ​ន​ឆៃ​អ៊ី​ន​សា វ៉ា​ត់ បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​២៣ ដល់ទី​២៤ ខែមេសា ឆ្នាំ​២០២៥ កន្លង​មក លោក​ជំទាវ Paethongtarn Shinawatra នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍​ក៏​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដែល​នោះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ជំទាវ ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ឱកាស​ខួប​លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ថៃ​-​កម្ពុជា ។ បាន​រួម​គ្នា​ដាក់​ស្លាក​សញ្ញា​រំលឹក​ខួប​លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត និង​ចូលរួម​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា និង​ផ្លាស់​ប្តូរ​ឯកសារ​សំខាន់​ៗ​ចំនួន​៧​ច្បាប់ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ។

ឯកឧត្តម​ប្រធាន​ប្រតិភូ​ថៃ បាន​សម្តែង​ការ​កោតសរសើរ ចំពោះ​ការ​រីក​ច្រើន​យ៉ាង​ខ្លាំង​របស់​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ទាំង​វិស័យ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ ។ ឯកឧត្តម បាន​ស្នើ​សុំ​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ថៃ ជួយ​ជំរុញ​ទំនាក់ទំនង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​គ្នា​ឡើង ក្នុង​ការ​កសាង​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ឱ្យ​ក្លាយជា​ព្រំដែន​សុខ​សន្តិភាព និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​តរៀង​ទៅ ។

ឯកឧត្តម ណាត់​តា​ឆា ប៊ុ​ន​ឆៃ​អ៊ី​ន​សាវ៉ា​ត់ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ឯកឧត្តម​នឹង​ខិតខំ​ពង្រឹង​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹង​មាំ​ទ្វេ​ឡើង​ថែម​ទៀត ជា​ពិសេស​ជំរុញ​ឱ្យ​មាន ការ​សហការ​លើ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​បន្ថែម​ទៀត ។ ឯកឧត្តម ណាត់​តា​ឆា ប៊ុ​ន​ឆៃ​អ៊ី​ន​សាវ៉ា​ត់ (Nattacha Boon – chaiinsawat) ក៏​បាន​គោរព​អ​ញ្ចើ​ញ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ថៃ ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ