ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី២ មិថុនា លោកនាយកវិទ្យាល័យស្វាយរៀង បានបំភ្លឺទាក់ទងនឹងព័ត៌មានដែលបានចុះផ្សាយកាលពីសប្តាហ៍មុនថា គឺជាការយល់ច្រឡំទេ ការពិតកាលពីថ្ងៃទី២៥ ឧសភា មានយុវតីសិស្សថ្នាក់ទី១០E ម្នាក់ពេលចេញពីរៀនក៏ទៅអូសម៉ូតូចេញ តែកន្លែងដាក់ម៉ូតូចង្អៀតអូសមិនរួច ក៏មានសិស្សប្រុសម្នាក់រៀននៅថ្នាក់ទី១០E ដែរ ជួយទាញម៉ូតូចេញរួចឱ្យម៉ូតូទៅយុវតីនោះ ។
ខណៈនោះក៏មានយុវតីសិស្សថ្នាក់ទី១១E ម្នាក់ និយាយញ៉ោះមិត្តភក្តិរៀនជាមួយគ្នាថា សង្សារគេជួយអូសម៉ូតូគ្នា រួចនាំគ្នាសើចលេង។ ពេលនោះមានបងប្អូនជីដូនមួយរបស់យុវតីសិស្សថ្នាក់ទី១០E នោះឮសិស្សម្នាក់នោះនិយាយថាប្អូនជីដូនមួយមានសង្សារក៏ទៅនិយាយប្រាប់ប្អូនស្រីជីដូន
មួយ ។ ពេលឮដូច្នេះយុវតីសិស្សថ្នាក់ទី១០E ម្នាក់នោះក៏ខឹងសម្បា យុវតីម្នាក់ដែលនិយាយលេងសើច ថានាងមានសង្សារ ។
លុះនៅថ្ងៃទី២៨ ឧសភា វេលាម៉ោង៦ល្ងាចពួកគេទៅរៀនភាសាអង់គ្លេស ហើយទៅហូបបង្អែម និងប្រហិតនៅភូមិរោងបន្លែជួបគ្នាក៏ហៅទៅសាកសួរនៅមាត់ទន្លេ ថាឯងនិយាយដូច្នេះមិនសមទេ ខ្ញុំគ្មានសង្សារទេ ។ ឯយុវតីដែលបាននិយាយញ៉ោះមិត្តភក្តិសើចលេងក៏បានសារភាពនិងសុំទោសថា ខ្ញុំនិយាយញ៉ោះលេងទេ ។
ក្រោយមកពួកគេក៏បានយល់ចិត្តគ្នានិងបានចាប់ដៃគ្នាសុំរាប់អានជាមិត្តភក្តិហើយក៏ឱបគ្នាជាមិត្តភាព តែយុវតីជាសិស្សានុសិស្សផ្សេងទៀតដោយឃើញគេណាត់គ្នាទៅមាត់ទន្លេក៏នាំគ្នាទៅតាមមើល និងយល់ច្រឡំថា យុវតីសិស្សវិទ្យាល័យស្វាយរៀងណាត់វាយគ្នាហើយធ្វើការសន្និដ្ឋាន តែរៀងៗខ្លួនថា គ្មានអ្វីក្រៅពីវាយគ្នាដណ្តើមប្រុសទេ ។ ការពិតគឺជាការយល់ច្រឡំពុំបានវាយគ្នាទេ ក្រោយមកឃើញអ្នកសារព័ត៌មានទៅថតរូបក៏បំបែកគ្នា ទៅរៀនរៀងៗខ្លួនទៅ ។
ជាមួយគ្នានេះ ក្នុងនាមជាសារព័ត៌មានមួយក៏មានការសោកស្តាយផងដែរដែលបានយកការសង្ស័យនេះចុះមកផ្សាយដោយខ្វះប្រភពព័ត៌មានជាក់លាក់ ។ យើងសង្ឃឹមថា ការផ្សាយក្នុងលេខមុននេះអានជាការយល់ច្រឡំនិងសុំអធ្យាស្រ័យ៕
ចែករំលែកព័តមាននេះ