រាជធានីភ្នំពេញ ៖ មន្ត្រីរាជការសាធារណៈ២ស្ថាប័នគឺក្រសួងមហាផ្ទៃម្នាក់ និងក្រសួងយុតិ្តធម៌ម្នាក់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១ មិថុនា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធថាបានប្រព្រឹត្តអំពើពុករលួយ ទទួលសំណូកជាទឹកប្រាក់ ២.៥០០ដុល្លារអាមេរិកថាយកទៅរត់ការរឿងក្តីដោះលែងជនជាប់ចោទ ដែលកំពុងជាប់ពន្ធនាគារ គឺប្រាក់ក៏អស់ អ្នកជាប់គុកនៅតែជាប់ ។
មន្ត្រីទាំង២រូបនេះម្នាក់ឈ្មោះ នួន សារ៉ាត់ ភេទប្រុស អាយុជាង៤០ឆ្នាំ បម្រើការងារនៅក្រសួងយុត្តិធម៌ និងម្នាក់ទៀតឈ្មោះ កែវ សុផល ហៅភណ្ឌ ហៅរ៉ាស៊ី ភេទប្រុស អាយុជាង៤០ឆ្នាំដែរ បម្រើការងារនៅអង្គភាពបេតិកភណ្ឌនគរបាលក្រសួងមហាផ្ទៃ ។ ទាក់ទិននឹងការចាប់ខ្លួនមន្ត្រីសាធារណៈទាំង២នាក់ខាងលើនេះ បើតាមប្រភពព័ត៌មានឱ្យដឹងថា ស្ត្រីម្នាក់ជាដើមបណ្តឹងបានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយពីឈ្មោះ កែវ សុផល និងឈ្មោះ នួន សារ៉ាត់ ដោយចោទថាបានឃុបឃិតគ្នាយកប្រាក់ពីគាត់ចំនួន២.៥០០ដុល្លារដើម្បីរត់ការដោះលែងប្តី ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ។ ដោយសារបានស្គាល់លោកនួន សារ៉ាត់ ជាមន្ត្រីបម្រើការងារនៅក្រសួងយុតិ្តធម៌ ដើម្បីពឹងពាក់ឱ្យជួយរត់ការដោះលែងប្តីដែលនៅក្នុងឃុំ ។
លោកនួន សារ៉ាត់ ក៏បានស្គាល់លោកកែវ សុផល ហៅភណ្ឌ ហៅរ៉ាស៊ី ជានគរបាលក្រសួងមហាផ្ទៃដែលឧស្សាហ៍ចេញចូលតុលាការ និងស្គាល់ព្រះរាជអាជ្ញា ក្រឡាបញ្ជី ចៅក្រមច្រើននាក់ ក៏បានរួមដៃគ្នាទទួលយកប្រាក់ ២.៥០០ដុល្លារទៅធ្វើកិច្ចការនោះ ។ ដើមបណ្តឹងបានប្រគល់ប្រាក់ ២.៥០០ដុល្លារឱ្យទៅមន្ត្រី២នាក់នោះតាមអ្វីដែលគេតម្រូវ ព្រោះចង់ឱ្យប្តីបានរួចផុតពីពន្ធនាគារ ។
ដើមបណ្តឹងនិយាយថា ប្រាក់ ២.៥០០ដុល្លារក៏បានធ្លាក់ទៅលើដៃឈ្មោះ នួន សារ៉ាត់ និងឈ្មោះ កែវ សុផល បើគិតមកដល់ពេលនេះមានរយៈពេល៦ទៅ៧ខែហើយ ដែលឈ្មោះ នួន សារ៉ាត់ និងឈ្មោះ កែវ សុផល មិនបានបំពេញការងារដូចការនិយាយគ្នាពីដំបូងនោះទេ ពោលគឺពួកគេយកប្រាក់នោះទៅចាយវាយអស់ ឯមនុស្សនៅតែជាប់គុកដដែល ។ ប្រភពបន្តថា ពេលដើមបណ្តឹងសួរនាំទៅ គេតែងឆ្លើយថារឿងនោះបានដល់ដៃចៅក្រមម្នាក់ហើយ ព្រមទាំងប្រាក់មួយចំនួន ដូច្នោះនៅរង់ចាំតែថ្ងៃដោះលែងទេ ។ ដោយសារប្រាក់ ២.៥០០ដុល្លាររបូតពីដៃច្រើនខែពេក ដើមបណ្តឹងមិនអស់ចិត្តក៏បានតាមស្រាវជ្រាវរហូតលេចឮព័ត៌មានថា រឿងនេះខាងចៅក្រមសាលាដំបូងមិនបានដឹងអ្វីទាំងអស់ ទើបដើមបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយឱ្យចាត់វិធានការលើមន្ត្រីជាបុគ្គលខិលខូចទាំង២នាក់នេះ ។
ក្រោយពីមានពាក្យបណ្តឹង អង្គភាពប្រឆាំងអំពើពុករលួយក៏បានចាប់ផ្តើមបើកការស៊ើបអង្កេត ព្រមទាំងបានឃាត់ខ្លួនមន្ត្រី២នាក់នោះទៅសាកសួរ ហើយបើតាមព័ត៌មានថា ពួកគេពិតជាបានទទួលយកប្រាក់ពីដើមបណ្តឹងដូចការចោទប្រកាន់មែន ។ ទាក់ទិននឹងពាក្យបណ្តឹង និងយោងទៅលើចម្លើយសារភាព ទើបវេលាល្ងាចថ្ងៃទី១ មិថុនា លោកយូ ប៊ុណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីសង្ស័យទាំង២នាក់ខាងលើនេះដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន រង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ព័ត៌មានដែលកោះសន្តិភាពទទួលបានខាងលើនេះមិនអាចចាត់ទុកជាផ្លូវការទេ នេះគ្រាន់តែជាដំណឹងមួយធ្លាយចេញពីមន្ត្រីអនុវត្តច្បាប់ និងមិនអាចទាក់ទងរកការបំភ្លឺពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងលោកចៅក្រមដែលកាន់សំណុំរឿងនេះបានទេ ព្រោះជាថ្ងៃមន្ត្រីរាជការឈប់សម្រាក ។ ទោះជាយ៉ាងណា មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ដែលភាគច្រើនមន្ត្រីសាលាដំបូងរាជធានីស្គាល់មិនច្រឡំនោះឈ្មោះ កែវ សុផល ហៅភណ្ឌ ហៅរ៉ាស៊ី ជាមនុស្សរស់នៅអគារទ្រុឌទ្រោមមួយក្បែរអតីតសណ្ឋាគារសេរីភាព ស្ថិតតាមបណ្តោយមហាវិថីកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
តាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋានថា ឈ្មោះ កែវ សុផល ហៅភណ្ឌ នេះធ្លាប់ឆបោកប្រាក់គេច្រើននាក់ហើយ ហើយថ្មីៗនេះក៏នៅជាប់ជំពាក់ប្រាក់លោកចៅសង្កាត់ជិត ៧.០០០ដុល្លារ រហូតដល់ឥឡូវម្ចាស់បំណុលលែងចង់ទារប្រាក់នោះវិញផង ព្រោះទារទៅមិនដឹងយកអី បើមានតែសម្បកខ្លួនប៉ុណ្ណោះ ។ ឯផ្ទះជារបស់ប្រពន្ធក្រោយនៅជាន់ទី២ ក្នុងសំណង់រកេតរកូត ៕
ចែករំលែកព័តមាននេះ