ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរីបានរំឮកដល់កសិករត្រូវមានការប្រុងប្រយ័ត្ន ចំពោះសត្វចិញ្ចឹមគ្រប់ប្រភេទ ដែលអាចមានជំងឺឆ្លងដល់មនុស្សធ្វើឲ្យខាតបង់ពេលវេលា និងប្រាក់កាក់ ប្រសិនបើមិនមានវិធានការ បង្ការទុកជាមុន ឲ្យបានត្រឹមត្រូវ ។
ឯកឧត្តមស្វាយ សំអ៊ាង បានមានប្រសាសន៍ថា «ការចិញ្ចឹមសត្វ មាន់ ទា ជ្រូក គោ ក្របី នៅតាមលំនៅឋានបែបគ្រួសារ គឺបានផ្តល់ផលប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋទាំងកម្លាំងអូសទាញ និងប្រាក់កម្រៃប្រចាំថ្ងៃ សម្រាប់ ដោះស្រាយជីវភាព ។ មិនត្រឹមតែប៉ុណ្ណោះ ការចិញ្ចឹមសត្វនៅតាមគ្រួសារក៏ជាការរួមចំណែកកាត់បន្ថយនូវភាពក្រីក្រ ហើយទទួលបានផលិតផលសាច់សត្វ មានគុណភាពខ្ពស់ សម្រាប់បម្រើសេចក្តីត្រូវការប្រចាំថ្ងៃ» ។
ឯកឧត្តមអភិបាលខេត្តបន្តថា «សម្រាប់ភ្នាក់ងារសុខភាពសត្វភូមិ ដែលត្រូវបានមន្ទីរកសិកម្មបើកវគ្គបំពាក់បំប៉ននេះ នឹងទទួលបាននូវចំនេះដឹងថ្មីបន្ថែមទៀត លើការងារថែទាំសត្វចិញ្ចឹម ជៀសវាងមានសត្វឈឺ ហើយមិនដឹង ពីវិធីព្យាបាល ។ ហើយបើមានសត្វណាមួយកើតជំងឺប្លែកៗមិនដឹងពីមូលហេតុ ត្រូវទំនាក់ទំនងសាកសួរមន្ត្រី ជំនាញបសុព្យាបាល ដើម្បីរកវិធីបង្ការទប់ស្កាត់រាលដាលជំងឺទៅសត្វដទៃ» ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ តុលា ២០១៨ ថា «ភ្នាក់ងារសុខភាពសត្វភូមិចំនួនជាង៤០នាក់ បានទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញបសុពេទ្យ នឹងទទួលបានសម្ភារៈ រួមនឹងថ្នាំសម្រាប់ព្យាបាលសត្វចិញ្ចឹមតាមផ្ទះផងដែរ» ។
យោងតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តថា «ការចាក់វ៉ាក់សាំង និងអន្តរាគមន៍ព្យាបាលចាប់ពីដើមឆ្នាំ២០១៨ មក ក្រុមការងារបច្ចេកទេសបានចាក់ វ៉ាក់សាំងជ្រូក សរុប៤២៦០ក្បាល កើន១៩៨ក្បាល ក្នុងនោះមានការពារជំងឺសារទឹក ១៥៦៦ក្បាល ជំងឺប៉េស្ត១៣៤២ក្បាល រាក១៣៥២ក្បាល ។ លោកប្រធានមន្ទីរកសិកម្មបន្តថា មន្ត្រីបានវ៉ាក់សាំងមាន់សរុប៤៩៧៥ក្បាល ក្នុងនោះវ៉ាក់សាំងការពារជំងឺញូកាស១៨៤០ក្បាល អាសន្នរោគ១៧២៩ក្បាលអុត មាន់១៤០៦ក្បាល ។ វ៉ាក់សាំងសារទឹកគោក្របីសរុប១៧៨៦ក្បាល ក្នុងនោះគោចំនួន១៤៣៩ក្បាល ក្របីចំនួន៣៤៧ក្បាល ។
ដោយឡែកចំពោះសត្វឈឺមានចំនួនសរុប១៩៦៥ក្បាល ក្របី៣៥១ក្បាល ក្នុងនោះទទួលបានការព្យាបាលចំនួន ១ ៥៩៥ ក្បាល ក្របី៣៤៥ក្បាល ។ មានសត្វងាប់ដោយមិនបានព្យាបាលសរុប៨៣ក្បាល ក្របី២៩ក្បាល ៕


ចែករំលែកព័តមាននេះ