ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​បរិ​ស្ថាន​​ឆ្នាំ​នេះ​កុំ​​​ខ្ជះ​​ខ្ជាយ​​កាក​​សំណល់​​អាហារ​

10 ឆ្នាំ មុន

ទិវាបរិស្ថាន​ជាតិ និង​អន្តរជាតិ ​៥​មិថុនា ២០១៣ ​នេះនឹង​ប្រារព្ធ​​ឡើង​​ក្នុង​បរិវេណ​វិទ្យា​ល័យ​បឹង​ត្របែក ផ្តោត​សំខាន់​​លើប្រធាន​បទ​ ត្រូវ​ពិចារណា​ពេល​​​បរិ​ភោគ ដើម្បី​សន្សំសំចៃ​​ធនធាន ដោយ​គ្រោងនឹងចូល​រួម​ពី​អង្គ​​ការ​ជាតិ-អន្តរ​​ជាតិ​​ សមត្ថកិច្ច​ មន្ត្រី​អាជ្ញាធរ និង​ថ្នាក់​​ដឹក​​នាំ​ក្រសួង​បរិស្ថាន​​ជា​ច្រើន​នាក់។ ពាក្យថា «ត្រូវ​ពិចារណា​ពេល​បរិ​ភោគ ដើម្បីសន្សំ​សំចៃ​ធនធាន» គឺ​ជា​​យុទ្ធនា​​ការ​ប្រឆាំង​​​ទៅ​នឹងភាពខ្ជីខ្ជា​

ទិវាបរិស្ថាន​ជាតិ និង​អន្តរជាតិ ​៥​មិថុនា ២០១៣ ​នេះនឹង​ប្រារព្ធ​​ឡើង​​ក្នុង​បរិវេណ​វិទ្យា​ល័យ​បឹង​ត្របែក ផ្តោត​សំខាន់​​លើប្រធាន​បទ​ ត្រូវ​ពិចារណា​ពេល​​​បរិ​ភោគ ដើម្បី​សន្សំសំចៃ​​ធនធាន ដោយ​គ្រោងនឹងចូល​រួម​ពី​អង្គ​​ការ​ជាតិ-អន្តរ​​ជាតិ​​ សមត្ថកិច្ច​ មន្ត្រី​អាជ្ញាធរ និង​ថ្នាក់​​ដឹក​​នាំ​ក្រសួង​បរិស្ថាន​​ជា​ច្រើន​នាក់។ ពាក្យថា «ត្រូវ​ពិចារណា​ពេល​បរិ​ភោគ ដើម្បីសន្សំ​សំចៃ​ធនធាន» គឺ​ជា​​យុទ្ធនា​​ការ​ប្រឆាំង​​​ទៅ​នឹងភាពខ្ជីខ្ជា​កាក​សំណល់​​ចំណី​​​អាហារ​ និង​ការ​បាត់​បង់​​ចំណី​អាហារ​​ ហើយប្រធាន​បទ​នេះ​បាន​ជួយ​​យើង​ឱ្យ​លះ​បង់​​ចោល​នូវទម្លាប់​​ខ្ជះខ្ជាយ​​អាហារ (Food Print) ។

អង្គ​ការ​កសិ​កម្ម និង​ស្បៀង​​​អាហារ​សហ​​ប្រជា​ជាតិ (FAO) បាន​អះអាងថា ​​ជា​រៀងរាល់​ឆ្នាំ​មាន​ស្បៀងអាហារ​ប្រមាណ​១,៣​​ពាន់​លាន​​តោន ត្រូវបាន​ខ្ជះខ្ជាយបោះ​​ចោល​ជា​សំណល់​​​អាហារ​​នៅទូទាំង​​ពិភព​​លោក។ បរិ​មាណ​នៃ​សំណល់​​អាហារ​ គឺ​ស​ម​មូល​​​ទៅ​នឹង​​បរិមាណ​ដូច​គ្នា​នៃ​ស្បៀង​​អាហារ​ទាំង​អស់ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​​អនុ​តំបន់សាហារ៉ា នៃទ្វីប​អាហ្វ្រិក ។ ជា​មួយ​គ្នា​នេះ​ផងដែរ មនុស្ស​ម្នាក់​ក្នុងចំណោម​​មនុស្ស​៧​នាក់  នៅ​លើ​ពិភព​លោក​បាន​ចូលដំណេក​ទាំងស្រេក​ឃ្លាន  ហើយ​កុមារអាយុ​ក្រោម​៥​ឆ្នាំ​ជាង​២០.០០០​នាក់​​បាន​ស្លាប់​​ជា​រៀងរាល់​ថ្ងៃ ដោយសារ​ការអត់​ឃ្លាន ។

អតុល្យ​ភាព​​​​ដ៏មហិ​មា​​នៅ​ក្នុង​​ជីវ​ភាព​​រស់​នៅ និងឥទ្ធិ​ពល​វិនាស​កម្ម​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​បរិ​ស្ថាន ​​បាន​ជំរុញ​​ឱ្យ​មាន​ការ​លើក​ឡើង​​នូវប្រធាន​បទ​សម្រាប់​ឆ្នាំ​​នេះ  គឺ ៖ «ត្រូវ​ពិចារណា​​ពេល​បរិភោគ ដើម្បី​សន្សំសំចៃ​ធនធាន» ​ដែល​​លើក​​ទឹក​ចិត្ត​ឱ្យ​​យើង​ទាំង​អស់​គ្នា​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ពីផល​ប៉ះ​ពាល់​លើបរិ​ស្ថាន ការ​ខ្ជះខ្ជាយ​ និង​ការ​បោះ​ចោល​កាកសំណល់​អាហារ​មិន​សមរម្យ ។ នៅពេល​​ដែល​ផែន​ដី​កំពុង​ព្យា​យាម​ផ្តល់​​ឱ្យ​យើង​​នូវធនធាន​គ្រប់​គ្រាន់​ដើម្បី​​ចិញ្ចឹម​ប្រជា​ជន​​ទាំង​៧ពាន់​​លាន​នាក់ (រំពឹងថា នឹង​កើន​ឡើង​ដល់​៩​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៥០) ​អង្គ​ការ​​កសិ​​កម្ម និង​ស្បៀង​អាហារ​​បាន​ព្យាករណ៍​​ថា មួយភាគ​បី​នៃ​​ផលិត​កម្ម​ស្បៀង​​អាហារ​​ពិភព​លោក ​​ត្រូវបាន​​ខ្ជះ​ខ្ជាយ​ជា​សំណល់​​​អាហារ​ ឬ​ខូច​បង់​ ។

​​សំណល់​​ចំណី​​អាហារ​ គឺ​ជា​ការ​ខាត​បង់​ដ៏ធំ​​សម្បើម​ទៅ​លើ​ធន​ធាន​ធម្មជាតិ និង​ជា​ការ​ រួម​ចំណែក​​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​​ជា​​អវិជ្ជ​មាន​​ទៅ​លើ​បរិ​ស្ថាន​។
​ទាក់ទិន​នឹងទិវាបរិ​ស្ថាន​នេះ​ដែរ មាន​ពល​​រដ្ឋជា​ច្រើន​ក្នុងរាជធានី​ភ្នំពេញ បាន​លើក​ជាសំណួរ​​ថា តើអាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​បំពេញ​តួនាទី​អប់រំ​​មនុស្ស​ឱ្យ​​យល់​ដឹង​ពីការខ្ជះខ្ជាយ​​កាកសំណល់-​សំណល់​ចំណី​អាហារ​ហើយឬនៅ? ព្រោះ​​ថា នៅ​តាម​ដងផ្លូវមួយចំនួន​គេ​នៅ​តែ​​ឃើញរាយប៉ាយ​ដោយកាកសំណល់​សំរាម​ ស្បោងប្លាស្ទិក, ស្នោ, ជ័រ, ស្លឹក​ឈើ និង​​ស្ទះ​ប្រព័ន្ធ​​លូ​ បណ្តាល​ឱ្យ​លិច​លង់​ជាដើម… បើយ៉ាង​នេះតើ​រាជ​ធានី​ភ្នំពេញ សព្វ​ថ្ងៃដែលជាប់​រង្វាន់​ជាទី​ក្រុង​ស្អាតនោះ ជាប់​ដោយ​សារអ្វី? សំអាង​ទៅ​លើ​អ្វី? មូលហេតុ​អ្វី? សូម​ឱ្យ​សាលា​រាជ​​ធានី​ភ្នំពេញ ជួយ​បក​ស្រាយ​ករណី​នេះ ដើម្បី​​ឆ្លើយ​តបទៅនឹងបញ្ហា​បរិ​ស្ថាន​ផង។

​លោក​កុសល រស់​នៅភូមិ​ម័ល សង្កាត់​​​ដង្កោ សំណូម​ពរ​ថា ​សូម​ឱ្យ​រថយន្ត​​ដឹក​សំរាម​​ ប្រមូល​សំរាម​នៅពេល​យប់​ឱ្យ​ខ្ជាប់​ខ្ជួន  កុំ​ទុកសំរាម​គរ​​រលួយ​ធុំ​ក្លិន​ស្អុយ​​ហួង ទើប​ទៅ​ប្រមូល… កុំ​ប្រមូល​​សំរាម​​ពេលថ្ងៃ ព្រោះ​ប៉ះ​ពាល់​បរិ​ស្ថាន… ប្រមូល​​ទុក​ដាក់សំរាម​ឱ្យ​បាន​ល្អ កុំ​ឱ្យ​អារាត់អារាយ… អ្នក​ប្រមូល​សំរាម​ត្រូវ​គោរពសីលធម៌ កុំបោះ​បោក​ឧបករណ៍​ដាក់​សំរាម​របស់ពល​រដ្ឋ​នៅ​តាម​​ផ្ទះ​នីមួយៗ​ ។

លោកសារិទ្ធ រស់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ បាន​សំណូម​ពរ​ថា  សូម​ឱ្យ​ក្រុម​ហ៊ុន​​ប្រមូល​សំរាម​មេត្តា​ប្រមូល​សំរាម​ទាំង​នៅតាម​ផ្លូវ​ធំ និង​ផ្លូវតូច​ផង… កុំ​ប្រមូល​តែ​នៅ​តាម​ផ្លូវធំ  ទុក​សំរាម​គរ​ចោល​នៅ​​តាម​ផ្លូវ​តូចៗ​នាំ​ឱ្យ​រលួយ​ស្អុយ​ពិបាក​ដកដង្ហើម ។ អាជ្ញាធរ​ត្រូវរឹត​បន្តឹង​ការ​ផាកពិន័យ​​ទៅ​​លើ​អ្នក​ចាក់​សំរាម​ចោល​ផ្តេស​ផ្តាស ប៉ុន្តែ​ត្រូវអប់រំ​ពល​​រដ្ឋឱ្យ​​យល់​ដឹង​ពីរឿង​នេះ បាន​ទូលំ​ទូលាយ និង​រៀប​ចំ​កន្លែង​ចាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​​ទាំង​នៅ​ទី​លាន​ចាក់​សំរាម និងនៅ​តាម​ភូមិ​ឋាន​ផ្ទះ​នីមួយៗ​បើ​ពុំ​ដូច្នេះទេ  វិបត្តិ​សំរាមនឹង​រាល​ដាល​ពេញបន្ទុក ៕