ខេត្តព្រះសីហនុ ៖ នៅព្រឹកព្រលឹមថ្ងៃទី៣១ ឧសភា នាវាទេសចរណ៍មួយគ្រឿងបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួនជិត២.០០០នាក់ ចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅក្នុងប្រទេសកម្ពុជា ។
លោកវរសេនីយ៍ទោ ស៊ាង ឡេង ប្រធានច្រកទ្វារអន្តរជាតិខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា នាវាទេសចរណ៍ DAWN PRINCESS សញ្ជាតិ BERMUDA មាន បណ្តោយ២៦១ម៉ែត្រ ទទឹង៤០,៣០ម៉ែត្រ និងមាននាវិកបម្រើការងារសរុបចំនួន៨៤៤នាក់ ។ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន១.៩៦០នាក់ក្នុងនោះស្រ្តី១.០៧៥នាក់ដែលមាន១៩សញ្ជាតិផ្សេងៗគ្នាចូលមកទស្សនាកម្ពុជា ។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងជិត២.០០០នាក់ នេះ ភ្ញៀវដែលនាំមុខគេគឺមានសញ្ជាតិអូស្រ្តាលី១.៧៩៣នាក់ អង់គ្លេស៥០នាក់ ន័រវេលសេឡង់ ៤១នាក់ និងមានសញ្ជាតិផ្សេងៗជាច្រើនទៀត ។
តាមលោកប្រធានច្រកទ្វារអន្តរជាតិឱ្យដឹងថា នាវា DAWN PRINCESSនេះនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចាកចេញពីកំពង់ផែប្រទេសវៀតណាមចូលមកចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ៣១ ឧសភា ហើយមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ៤រសៀលថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។
លោកវរសេនីយ៍ទោស៊ាង ឡេង បានឱ្យដឹងថា ភ្ញៀវដែលធ្វើដំណើតាមនាវាទេសចរណ៍ DAWN PRINCESS មានការរីករាយដោយសារតែមន្ត្រីច្រកទ្វារអន្តរជាតិរបស់យើងបំពេញតួនាទីក្នុងការរៀបចំបំពេញបែបបទជូនភ្ញៀវទេសចរបានទាន់ពេលវេលា ពិសេសការសម្រួលធ្វើយ៉ាងណាឲ្យពួកគាត់បានលឿនរហ័សទាន់ពេលវេលាមិនទុកឱ្យភ្ញៀវរង់ចាំយូរឡើយ ។ ការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីច្រកទ្វារអន្តរជាតិ ធ្វើឱ្យភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាសមុទ្រចូលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ ។
តាមបុគ្គលិកក្រុមហ៊ុនទេសចរណ៍អង្គរ TK បានឱ្យដឹងថា នាវាទេសចរណ៍ DAWN PRINCESSធ្លាប់បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលមកចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុកាលពីខែមិថុនា ឆ្នាំ២០១២កន្លងមកម្ដងហើយ ៕
ចែករំលែកព័តមាននេះ