ខេត្តកណ្តាល ៖ រថយន្តធុនធំដឹកថ្មមួយគ្រឿង បានបើកបុកហើយកិនស្ត្រីចំណាស់ម្នាក់កំពុងជិះកង់លក់បន្លែ បណ្តាលឱ្យធ្លាយពោះ ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣០ ឧសភា នៅលើស្ពានវត្តពោធិ៍ ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ។ ក្រោយពីកើតហេតុ រថយន្តបើករត់បានចម្ងាយជាង២គីឡូម៉ែត្រ ក៏ចតរថយន្តទុកចោល ហើយអ្នកបើកបររត់គេចខ្លួនបាត់ ។
ប៉ូលិសចរាចរស្រុកស្អាងឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ បា៉វ គី អាយុ៦៣ឆ្នាំ ជាអ្នកធាក់កង់លក់បន្លែ មានលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ។ នៅថ្ងៃកើតហេតុ ស្ត្រីរងគ្រោះជិះកង់លក់បន្លែដូចធម្មតា ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តធុនធំមា៉ក FUSO ពណ៌ខៀវលាយលឿង ពាក់ស្លាកលេខភ្នំពេញ 3B-2901 បើកបរពីត្បូងទៅជើងបញ្ច្រាសគ្នា ។ ពេលមកដល់ចំណុចកើតហេតុ លើស្ពាន មិនដឹងជាមានរឿងអ្វី ស្រាប់តែរថយន្តជ្រុលបុកពីក្រោយកង់ស្ត្រីរងគ្រោះ បណ្តាលឱ្យដួល ហើយកិនធ្លាយពោះមួយរំពេច ។
ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានបើករត់គេចដល់ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ចម្ងាយប្រហែលជាង២គីឡូម៉ែត្រ ក៏ចតរថយន្តទុកចោល ហើយរត់គេចខ្លួនបាត់ស្រមោល ។ប៉ូលិសចរាចរស្រុកស្អាង បានយករថយន្តមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកណ្តាល ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ