លែងមានអ្នកណាចង់ទៅលេងខេត្តព្រះសីហនុទៀតហើយព្រោះចិនគ្រប់គ្រងចង់អស់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ម្ចាស់តូបលក់ម្ហូបអាហារនៅតាមបណ្តោយឆ្នេរអូរឈើទាល និងអ្នកប្រកបរបររែកអម្រែកលក់មឹកអាំងតាមបណ្តោយឆ្នេរសមុទ្រសុំមិនបញ្ចេញឈ្មោះបានត្អូញត្អែរឲ្យដឹងដូចៗគ្នាថា មួយរយៈពេលចុងក្រោយថ្មីៗនេះបន្ទាប់ពីលំហូរចូលនៃជនជាតិចិនដ៏សន្ធឹកសន្ធាប់មកធ្វើការវិនិយោគលើវិស័យផ្សេងៗជាច្រើនមុខក្នុងនោះក៏មានជនជាតិចិនយ៉ាងច្រើនបានមកជួលផ្ទះសំណាក់ ឬសណ្ឋារគារ រមណីយដ្ឋាន និងជួលតូបនៅតាមតំបន់ឆ្នេរកំសាន្តប្រកបរបរលក់ដូរស្ទើរទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរតូចតាចរែកអម្រែកលក់របស់ខ្មែរយើងនៅតាមឆ្នេរកំសាន្តដោយសារតែការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឈប់មកកំសាន្ត ។


ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា កន្លងមកថ្មីៗនេះខុសប្លែកពីឆ្នាំមុនៗចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការធ្លាក់ចុះស្ទើរតែមិនគួរឲ្យជឿ ខណៈដែលតាមវិថីនានានៅក្នុងក្រុងបានរងការខូចខាតធ្ងន់ធ្ងរដោយសារទឹកជំនន់ក្នុងរដូវវស្សាកន្លងមកដែលតម្រូវការពេលវេលាវែងសម្រាប់ការជួសជុលវិថីឡើងវិញ ។


ប្រភពខាងលើបានបន្តឲ្យដឹងទៀតក្នុងទឹកមុខស្រងូតស្រងាត់ថា ពួកគាត់ជាអាជីវករលក់ដូរម្ហូបអាហារនៅតាមតំបន់ឆ្នេរអូរឈើទាលពីមុនមកមានតូបលក់ដូរប្រមាណជាង២០តូបរហូតមកដល់សព្វថ្ងៃនេះម្ចាស់តូបជាងពាក់កណ្តាលនៃចំនួនខាងលើបានជួលទៅឲ្យជនជាតិចិនក្នុងតម្លៃចាប់ពី៥០០០រហូតដល់២០០០០ដុល្លារក្នុង១ខែសម្រាប់ប្រកបរបរលក់ដូរនៅពេលយប់ទល់ៗភ្លឺ និងចាក់ធុងបាំសរាំ បំពងសម្លេងខ្លាំងៗ កន្លងមកក៏មានការបង្កជាជម្លោះហិង្សាវាយតប់គ្នាជាមួយភ្ញៀវជាជនជាតិបរទេស និងជនជាតិខ្មែរយើងក៏មានថែមទៀតផងតែត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេលវេលា ។

ពួកគាត់បន្តឲ្យដឹងទៀតថា សព្វថ្ងៃនៅឆ្នេរអូរឈើទាលនៅសល់តែ៨តូបតែប៉ុណ្ណោះដែលមិនទាន់ជួលឲ្យជនជាតិចិនហើយកំពុងតែជួបនឹងហានិភ័យខ្ពស់លើអាជីវកម្មរបស់ខ្លួន ខណៈចំនួនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិនៅតែបន្តធ្លាក់ចុះដោយសារតែសកម្មភាពការលក់ដូររបស់ពួកគេ ។



ចែករំលែកព័តមាននេះ