ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខេប​ដំណើររឿង​នៃ​ព្រះសម្មាសម្ពុទ្ធ

5 ឆ្នាំ មុន

ដោយ​មើលឃើញ​នូវ​សារ​ប្រយោជន៍​នៃ​ដំណើររឿង​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង សូម​ធ្វើការ​សង្ខេប​នូវ​ជីវប្រវត្តិ​របស់​ព្រះ​អង្គ ដើម្បី​បានជា​ប្រយោជន៍​ដល់​ពុទ្ធមាមកជន​ក្នុង​ការ​គោរព​ប្រតិបត្តិ​ផង និង​បានជា​ចំណេះ​ដឹងផង​។ ជីវប្រវត្តិ​ដ៏​សង្ខេប​នេះ​មានដំណើរ​រឿង​ដូច​តទៅៈ កាលពីមុន​សម័យ​ពុទ្ធកាល មាន​ព្រះរាជាណាចក្រ​តូច​មួយ​ឈ្មោះ​សក្កជនបទ​មាន​ទីក្រុង​កបិលវត្ថុ​ឬ​ជា​រាជធានី​ដែល​ស្ថិត​នៅ​ក្រោម អាណា​គ្រប់គ្រង​របស់​ព្រះបាទ​ប​សេន​ទិ​នា​ក្រុង​សាវត្ថី​ក្នុង​ដែន​កោសល​។ កាល​ណោះ​ព្រះបាទ​សុទ្ធោ​ធនៈ​ជា​រាជាធិបតេយ្យ​បាន​រាជាភិសេក​ជាមួយ​ព្រះ​នាង​មហាមាយា ជា​អគ្គមហេសី…

ដោយ​មើលឃើញ​នូវ​សារ​ប្រយោជន៍​នៃ​ដំណើររឿង​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង សូម​ធ្វើការ​សង្ខេប​នូវ​ជីវប្រវត្តិ​របស់​ព្រះ​អង្គ ដើម្បី​បានជា​ប្រយោជន៍​ដល់​ពុទ្ធមាមកជន​ក្នុង​ការ​គោរព​ប្រតិបត្តិ​ផង និង​បានជា​ចំណេះ​ដឹងផង​។ ជីវប្រវត្តិ​ដ៏​សង្ខេប​នេះ​មានដំណើរ​រឿង​ដូច​តទៅៈ

កាលពីមុន​សម័យ​ពុទ្ធកាល មាន​ព្រះរាជាណាចក្រ​តូច​មួយ​ឈ្មោះ​សក្កជនបទ​មាន​ទីក្រុង​កបិលវត្ថុ​ឬ​ជា​រាជធានី​ដែល​ស្ថិត​នៅ​ក្រោម អាណា​គ្រប់គ្រង​របស់​ព្រះបាទ​ប​សេន​ទិ​នា​ក្រុង​សាវត្ថី​ក្នុង​ដែន​កោសល​។ កាល​ណោះ​ព្រះបាទ​សុទ្ធោ​ធនៈ​ជា​រាជាធិបតេយ្យ​បាន​រាជាភិសេក​ជាមួយ​ព្រះ​នាង​មហាមាយា ជា​អគ្គមហេសី ហើយ​ក្រោយមក​ក៏​បាន​ប្រសូត​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​សិទ្ធត្ថ​កុមារ​ក្នុង​ព្រះរាជ​ត្រកូល​គោតម ។

កាល​ព្រះ​ជន្មាយុ​គ្រប់​៨​វស្សា​ព្រះរាជ​កុមារ​បាន​ទទួល​ការ​សិក្សា​នូវ​វិជ្ជា​ផ្សេង​ៗ​ដូច​ជា អក្សរសាស្ដ្រ យុទ្ធសាស្ដ្រ សិល្បៈ​ក្នុង​ការ​គ្រប់គ្រង​រាជ្យសម្បត្តិ​។ លុះ​ជន្មាយុ​គ្រប់​១៦​ព្រះ​វស្សា​ព្រះរាជ​បិតា​ក៏​បាន​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​អាវាហមង្គល​ជាមួយ​ព្រះ​នាង​យសោធរា​ពិម្ពា​ឲ្យ​ជា​ព្រះរាជ​ជាយា ។

តាំងពី​តូច​រហូត​ដល់​ព្រះ​វរ​កាយ​ចម្រើន​ពេញវ័យ​ព្រះ​អង្គ ពុំដែល​បាន​ចេញ​ទៅ​ខាងក្រៅ​ព្រះរាជវាំង​ម្តងណា​ឡើយ លុះ​ថ្ងៃមួយ​ព្រះ​អង្គ​និង​ឆន្នអាមាត្យ​បាន​លួច​ចេញ​ទៅ​ដើម្បី​ទស្សនា​ទត​មើល​ជីវភាព​របស់​ប្រជារាស្ត្រ ។

ថ្ងៃ​ទី​១-​ព្រះ​អង្គ​បាន​ទត​ឃើញ​ជន​ចំណាស់​ដើរ​​កាន់​ឈើច្រត់​យោងអាត្មា​ស្ទើរតែ​មិន​រួច​តាម​ដង​វិ​ថី​។

ថ្ងៃ​ទី​២-​របា​ន​ទត​ឃើញ មនុស្ស​មាន​ជំងឺ​ដេក​បម្រះននៀល​ស្រែកថ្ងូរ​រ​ហ៊ឺ​ស​ដោយ​ទុក្ខវេទនា​។

ថ្ងៃ​ទី​៣-​ព្រះ​អង្គ​បាន​ទតព្រះនេត្រ​ឃើញ​សាកសព​មនុស្ស​ឡោម​ព័ទ្ធ​ទៅ​ដោយ​ពួក​ញាតិ​ទួញ​យំ ស្តាយស្រណោះ​អាឡោះអាល័យ ។

ដោយ​ប្លែក ព្រះ​ទ័យ​ព្រះ​អង្គ​ក៏ បាន​សាកសួរ​ឆន្នអាមាត្យ​ថា តើ​ពួក​មនុស្ស​ទាំង​អស់នេះ​ចុះ​ហេតុ​អ្វី​ទើបបាន​មាន​អាកា​រៈ​ខុស​ប្រក្រតី​ដូច្នេះ? អាមាត្យ​តប​ថា មិន​ចំពោះតែ​ពួក​គេ​នោះ​ទេ ទូលព្រះបង្គំ​ក៏​ដោយ ព្រះ​វររាជ​បិតា​មាតា ឬ​ព្រះរាជ​ទេពី ឬ​សូ​ម្បី​តែ​ព្រះ​អង្គ​ផ្ទាល់​ក្តី​ក៏​នឹង​ជួប​ប្រទះ​ជាក់​ជា​មិន​ខាន​នូវ​ជរាភាព ព្យាធិ​ភាព និង​មរណភាព ។
បាន​ព្រះ​សណ្តាប់​ឮ​ដូច្នោះ ព្រះ​អង្គ​តក់​ស្លត់​ក្នុង​ព្រះ​ហរ​ទ័យ​យ៉ាង​ខ្លាំង​ដែល​បានដឹង​ថា មនុស្ស​គ្រប់​រូប​មិន​អាច​គេច​ផុត​ពី​សភាព​កើត ចាស់ ឈឺ ស្លាប់​បាន ។

ថ្ងៃ​ទី​៤-​ព្រះ​អង្គ បាន​ទត​ឃើញ​អ្នកបួស​ស្វែងរក​មោក្ខធម៌​ហើយ​ឆន្នអាមាត្យ​ពណ៌នា ថា​ព្រះ​គុណ​ម្ចាស់​ទាំងនេះ​កំពុង​តែ​ស្វែងរក​នូវ​ទី​រំលត់ទុក្ខ​ដោយ​វិធី​អង្គុយស្មិងស្មាធិ៍ ដូច្នេះ​ឯង​។

តាំង​តែ​ពី​ថ្ងៃ​នោះ​មក​ព្រះ​អង្គ​ពុំដែល​សប្បាយ​ក្នុង​ព្រះ​ហរ​ទ័យ​ឡើយ ព្រះ​អង្គ​សញ្ជឹង​គិតដល់​ទេវទូត​ទាំង​៤​ហើយ​គិត​រក​ផ្លូវ​ចេញ​ព្រះ​ផ្នួស​ស្វែងរក​មោក្ខធម៌ ។

រហូត​ដល់​ព្រះ​ជន្មវស្សា​គ្រប់​២៩​ឆ្នាំ នា​រាត្រី​ពេញបូណ៌មី ព្រះ​ចន្ទ​ពេញវង់​នោះ ព្រះ​រាហុល​ក៏​បាន​ប្រសូត​។ ព្រះរាជ​ហរ​ទ័យ​ស្នេហា​រាប់​លាន​បាន​ស្រោច​ស្រប​ហើយ​លើ​ព្រះ​រាហុល រាជឱរស ព្រះ​អង្គ​រំពឹង​ឃើញ​ថា បណ្តាញ​សំណាញ់​បាន​ចាក់ស្រេះ​ហើយ​ក្នុង​ហរ​ទ័យ​អញ តែ​អញ​នឹង​ចេញ​ស្វែងរក​មោក្ខធម៌​នាកាល​ឥឡូវ​នេះឯង​។

ព្រះ​អង្គ​ស្តេច​យាង​ទៅ​រក​ឆន្នអាមាត្យ​ឲ្យ​នាំ​សេះ​ឈ្មោះ​កណ្ឋ​កៈ មក​ថ្វាយ​ហើយ​នាយ​ឆ​ន្នៈ​ក៏​ធ្វើ​ដំណើរ​ទៅ​តាម​ព្រះ​អង្គ​ដែរ​ឆ្ពោះទៅ​កាន់​ព្រៃ​ភ្នំ ហើយ​ទ្រង់​បាន​កាត់​ព្រះ​កេស សាង​ផ្នួស​នា​មាត់​ស្ទឹង​អ​នោ​មា​និង​បញ្ជូន​ឆន្នអាមាត្យ​និង​សេះ​កណ្ឋ​កៈ​ព្រមទាំង​គ្រឿង​រាជ​ឥស្សរិយយស ទៅ​កាន់​ព្រះ​បរមរាជវាំង​វិញ​។

ក្រោយ​ពី​ទ្រង់​សាង​ផ្នូ​ស​ជា​តាបស​ឥសី​ព្រះ​អង្គ​ក៏​បាន​ចូល​ទៅ​ស្នាក់​អាស្រ័យ​សិក្សា​ក្នុង​សំណាក់ អាចារ្យ​ទាំង​ពីរ​មាន​ឧទក​តាបស​ជាដើម​រហូត​ដល់​បាន​សម្រេច​វិជ្ជា​ខ្ពង់ខ្ពស់ ក្នុង​សំណាក់​គ្រូ​ទាំង​ពីរ​ចេះ​ចប់​អស់ ហើយ​ព្រះ​អង្គ​ក៏​បាន​បំពេញ​ទុក្ករកិរិយា​មានការ​អត់​អាហារ​ជាដើម​អស់​៦ ឆ្នាំ​ដោយ​មាន​ឥសី​បញ្ច​វ​គ្គិ​យ​គឺ កោ​ណ្ឌ​ញ្ញៈ វ​ប្បៈ ភ​ទ្ទិ​យៈ មហា​នាម និង​អស្ស​ជិ​ចាំ​បម្រើ​។ ដោយ​ការ​ប្រព្រឹត្ត​ប​តិ​ប​ត្តិ​ក្នុង​កិច្ច​ដ៏​ឧក្រិដ្ឋ​តែ​ពុំ​បាន​ផល ព្រះ​អង្គ​ក៏​ងាក​មក​ប្រតិបត្តិ​តាម​ផ្លូវ​កណ្តាល​មិន​តឹង​ពេក និង​មិន​ធូរ​ពេក​ពោល​គឺ​មជ្ឈិម​បដិបទា​ហ្នឹងឯង​។ ឯ​ពួក​បញ្ច​វ​គ្គិ​យ​យល់​ឃើញ​ថា មាន​តែ​ការ​ធ្វើ​ទុក្ករកិរិយា​ប៉ុណ្ណោះ​ទើប​ជា​មាគ៌ា​នាំ​ទៅ​រក​ការ​ត្រាស់​ដឹង​បាន តែ​ផ្ទុយ​ស្រឡះ​ព្រះ​អង្គ​ត្រឡប់​មក​ឆាន់​អាហារ​វិញ​មិន​សង្ឃឹមថានឹង​បាន​ត្រាស់​ដឹង​ឡើយ​។

ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​ពួក​ឥសី​ទាំង​៥​អង្គ​បោះបង់​ព្រះ​សមណគោតម​ឲ្យ​នៅ​តែឯង​ឯកោ ហើយ​បាន​នាំ​គ្នា​ទៅ​បំពេញ​តបៈ​ក្នុង​ព្រៃ​ឥសិបតនមិគទាយវ័ន​អស់​ទៅ ។

នៅ​ព្រឹក​នៃ​ថ្ងៃពេញបូណ៌មី​ខែវិសាខ ព្រះ​អង្គ​បាន​ទទួល​មធុបាយាស​របស់​នាង​សុជាតា​ជា​ព្រះ​ក្រយា​ហារ​ហើយ​បាន​ប្រថាប់​គង់​ក្នុង​ឥរិយាបថ​ព្រះ​ភ្នែន​ដោយ​តាំងចិត្ត​អធិដ្ឋាន​ថា នឹង​មិន​ព្រម​ក្រោក​ចេញពី​គល់​ពោធិ៍​នេះ​ជា​ដាច់ខាត​ដរាប​សម្រេច​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​គឺ​ការ​ត្រាស់​ដឹង ។

នា​រាត្រី​កាលនោះ​ឯង ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ក៏​បាន​កើតឡើង​ហើយ​ក្នុង​លោក ព្រះធម៌​ក៏​បាន​កើតឡើង​ហើយ​ក្នុង​លោក​ ។