ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ដអគ្គិសនី​ពី​ផ្ទាំង​សូ​ឡា ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​កន្លែង​បាន​កើតឡើង បណ្ដាល​ឲ្យ​ផ្ទះ​មួយ​ខ្នង​ក្លាយជា​ផេះ​ផង់ និង​បាត់បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ…

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​កន្លែង​បាន​កើតឡើង បណ្ដាល​ឲ្យ​ផ្ទះ​មួយ​ខ្នង​ក្លាយជា​ផេះ​ផង់ និង​បាត់បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​។ គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​ភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​នានា​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​លោក​វរៈសេនីយ៍ឯក តាន់ គា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន និង​ប៉ុស្តិ៍​រដ្ឋបាល​សំរោង យក​រថយន្ដ​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ទៅ ជួយ​បាញ់​ទឹក​ពន្លត់ និង​មានការ​ជួយ​អន្តរាគមន៍​ពី​រថយន្ដ​ដឹក​ទឹក​ឯកជន​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ លោក​អធិការ​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​យើង​ប្រើ​ទឹក​អស់​ចំនួន​០៧​រថយន្ដ ទើប​រលត់​ជា​ស្ថាពរ ក្នុង​នោះ​ទឹក​របស់​ថយ​ន្ដ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​ចំនួន​០២​រថយន្ដ និង​ទឹក​របស់​រថយន្ដ​ឯកជន ចំនួន​០៥​រថយន្ដ​។

ផ្ទះ​ដែល​បាន​ក្លាយជា​ចំណី​អគ្គី​ភ័យ​នេះ​មាន​ទំហំ​០៦​ម៉ែត្រ គុណ​នឹង​០៨​ម៉ែត្រ ថ្ម​ក្រោម ឈើ​លើ ប្រក់​ក្បឿង ក្រាល​ក្តារ ជញ្ជាំង​ក្តារ របស់​ប្រជាពលរដ្ឋ​ឈ្មោះ មាន ផា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ចៅ រី​ម អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​នោះ​។ ទំហំ​នៃ​ការ​ខូចខាត គឺ​ឆេះ​មួយ​កំណាត់​លើ​ទាំងស្រុង នៅ​សល់​តែ​ជញ្ជាំង​ថ្ម និង​ក្រាល​ការ៉ូ​ខាងក្រោម​តែ​ប៉ុណ្ណោះ​។

ចំណែក​ទ្រព្យសម្បត្តិ​ដែល​មាន​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​រលាយ​ខ្ទេចខ្ទី​គ្មាន​សល់​ដែរ ក្នុង​នោះ​មាន​ទូរ​ឈើ​ចំនួន ០១ គ្រែ​ឈើ​ចំនួន​០៤ និង​សម្ភារ​ប្រើប្រាស់​សំខាន់​ៗ​មួយ​ចំនួន​ទៀត​។ ម្ចាស់ផ្ទះ និង​អ្នក​ជិតខាង​បានឃើញ ភ្លើង​ចាប់ផ្ដើម​ឆេះ​ពីលើ​ដំបូល​មុនគេ​ត្រង់​ចំណុច​ផ្ទាំង​សូ​ឡា រួច​ហើយ​បាន​រាល​ឆេះ​កាន់តែ​ធំ​ឡើង​ៗ រហូត​គ្របដណ្ដប់​ផ្ទះ​ទាំងមូល​តែ​ម្ដង​។ ករណី​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្ដអគ្គិសនី​ពី​ផ្ទាំង​សូ​ឡា​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ