ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​នៅ​តែ​មាន​សកម្មភាព​អភិវឌ្ឍន៍​ខ្លាំង​លើ​វិស័យ​សំណង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា​នៅ​តែ​បន្ដ​មាន​កំណើន​ខ្លាំង ជា​ពិសេស​ទៅ​លើ​អគារ​ខ្ពស់​ៗ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​សកម្មភាព​ខ្លាំង​ជាងគេ និង​មាន​វិនិយោគិន​អន្តរជាតិ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ បើ​ធៀប​នឹង​តំបន់​ពោល​សេដ្ឋកិច្ច​សំខាន់​ៗ​ពីរ​ទៀត គឺ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ។…

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា​នៅ​តែ​បន្ដ​មាន​កំណើន​ខ្លាំង ជា​ពិសេស​ទៅ​លើ​អគារ​ខ្ពស់​ៗ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​សកម្មភាព​ខ្លាំង​ជាងគេ និង​មាន​វិនិយោគិន​អន្តរជាតិ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ បើ​ធៀប​នឹង​តំបន់​ពោល​សេដ្ឋកិច្ច​សំខាន់​ៗ​ពីរ​ទៀត គឺ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ។

បើ​តាម​លោក សន សៀ​ប នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ ឃី រៀល​អ៊ី​ស្ទេ​ត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ការ​វិនិយោគ​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា មាន​ប៉ូ​ល​សេដ្ឋកិច្ច​២​ដែល​ផុសផុល​ជាងគេ គឺ​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ហើយ​បើ​មើល​នឹង​ភ្នែក​គេ​វាយតម្លៃ​ថា ខេត្ត​ព្រះ​សីហ​នុ មានការ​វិនិយោគ​ច្រើន​ជាង​ភ្នំពេញ ប៉ុន្តែ​ជាក់ស្ដែង ការ​វិនិយោគ​វិស័យ​​សំណង់​នៅ​ភ្នំពេញ​មាន​គម្រោង​ច្រើន​ជាងគេ ក្នុង​ចំណោម​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ៗ​ទាំង​បី​របស់​កម្ពុជា ។

លោក​មាន​ប្រសាសន៍​ថា ៖« ភ្នំពេញ​មាន​សក្ដានុពល​ធំ​ទូលាយ និង​ស្ទើរតែ​ទូ​ទាំង​រាជ​ធានី​។ ដូចនេះ ការ​វិនិយោគ ការ​សាងសង់​សំណង់​ទាំង​អគារ​ខ្ពស់ និង​សំណង់​លំនៅ​ឋាន​នៅ​តែ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស »​។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ តាម​សង្កេត​និង​ការ​សិក្សា​ឃើញ​ថា គម្រោង​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ភាគច្រើន​ជាង​គម្រោង​វិនិយោគ​ដោយ​វិនិយោគិន​ក្នុងស្រុក ហើយ​បើ​និយាយ​ពី​គម្រោង​វិនិយោគិន​ក្រៅប្រទេស​វិញ ឃើញ​ថា​ជនជាតិ​ចិន​មាន​ចំណែក​ច្រើន​ជាងគេ បន្ទាប់​មក កូរ៉េ ជប៉ុន សិង្ហ​បុរី ជាដើម ហើយ​សក្ដានុពល​នៅ​ពេល​អនាគត កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​សម្រាប់​ការ​វិនិយោគ​ដដែល ទាំង​ខុន​ដូ អគារ​ការិយាល័យ បុរី​លំនៅ​ឋាន ជាដើម ។

លោក​បាន​ផ្ដល់​ជា​យោបល់​ថា ក្នុង​នាម​ជា​អ្នកជំនាញ និង​បាន​ធ្វើការ​លើ​វិស័យ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ សូម​ឲ្យ​អ្នក​វិនិយោគ​ត្រូវ​ចេះ​ថ្លឹងថ្លែង និង​ពិចារណា​ឲ្យ​បាន​ច្បាស់ មុន​នឹង​សម្រេចចិត្ត​វិនិយោគ និង​សូម​ឲ្យ​វិនិយោគ​ទៅ​តាម​ជំនាញ និង​ចំណេះ​របស់​ខ្លួន ជា​ជាង​ការ​វិនិយោគ​ដោយ​ធ្វើ​ទៅ​តាម​គ្នីគ្នា ឬ​មិន​មាន​ភាព​ច្បាស់លាស់​ចំពោះ​ខ្លួនឯង ។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ ទិព្វ​សីហា បាន​មាន​ប្រសាសន៍​ថា វិស័យ​សំណង់​បាន​រួមចំណែក​សំខាន់​មួយ​ក្នុង​ការ​ទ្រទ្រង់​កំណើន​​សេដ្ឋកិច្ចជាតិ បន្ទាប់​ពី​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ទាំងមូល​រក្សា​បាន​ប្រមាណ​៧%​ក្នុង​១​ឆ្នាំ ។

លោក​បញ្ជាក់​ថា ៖« ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយ​កម្ម និង​សំណង់​បាន​ចេញ​លិខិតអនុញ្ញាត​គម្រោង​សាងសង់​សរុប​ចំនួន​២.៥៤១​គម្រោង ដែល​មាន​ផ្ទៃ​សរុប​ជាង​១០​លាន​ម៉ែត្រការ៉េ ក្នុង​នោះ​មាន​ទុន​វិនិយោគ​ប្រមាណ ៤.៨២០​លាន​ដុល្លារ​អា​មេ​រិ​ក » ។

លោក​បន្ត​ថា ថ្មី​ៗ​នេះ ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​វិនិយោគ​ច្រើន​លើ​សំណង់ ក៏​ប៉ុន្តែ​បើ​ផ្អែក​តាម​តួលេខ​ជាក់ស្ដែង គម្រោង​វិនិយោគ​នៅ​ភ្នំពេញ នៅ​តែ​នាំ​មុខ​គេ​ដដែល ពោល​គឺ​មាន​សកម្មភាព​វិនិយោគ​ខ្លាំង​ជាង​ខេត្ត​ពីរ​ទៀត​ដែល​កំពុង​មាន​ភាព​ប្រកួតប្រជែង គឺ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ។

លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​វិស័យ​សំណង់ ក្នុង​ប្រទេស​កម្ពុជា បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​បាន​លើកមុខ​មាត់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំង​មូល ហើយ​ឧស្សាហកម្ម​សំណង់​នេះ​ដែរ បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន។ ជាក់ស្ដែង​វិស័យ​សំណង់​បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ប្រមាណ​ពី​២០​ម៉ឺន ទៅ​២២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ ដើម្បី​រក​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ