ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ចង់ឱ្យ​មានការ​គ្រប់គ្រង​តឹងរ៉ឹង​លើ​អាជីវកម្ម​ដី​ឡូត៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​នេះ អាជីវកម្ម​ដី​ឡូត៍​ដោយ​ទិញ​ដី​ជើងភ្នំ បឹងបួ ឬ​ដីស្រែ​ចម្ការ ដើម្បី​ចាក់​ពុះ​ជា​ឡូត៍​លក់​កាន់តែ​មាន​សកម្មភាព​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​កាន់តែ​រីក​ធំ​ឡើង​ៗ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ភាព​មិន​ច្បាស់​លាស់​នៃ​គម្រោង​ដី​ឡូត៍​ទាំងនោះ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​នេះ អាជីវកម្ម​ដី​ឡូត៍​ដោយ​ទិញ​ដី​ជើងភ្នំ បឹងបួ ឬ​ដីស្រែ​ចម្ការ ដើម្បី​ចាក់​ពុះ​ជា​ឡូត៍​លក់​កាន់តែ​មាន​សកម្មភាព​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​កាន់តែ​រីក​ធំ​ឡើង​ៗ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ភាព​មិន​ច្បាស់​លាស់​នៃ​គម្រោង​ដី​ឡូត៍​ទាំងនោះ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អ្នកជំនាញ​ខាង​វិស័យ​​អចលនទ្រព្យ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ជាង​មុន ដើម្បី​ការពារ​ហានិភ័យ​ដែល​អាច​នឹង​កើតឡើង​នៅ​ពេល​អនាគត​ពី​អាជីវកម្ម​មួយ​នេះ ។

បច្ចុប្បន្ន អាជីវកម្ម​មួយ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ទាំង​អ្នក​នៅ​ក្នុង​វិស័យ និង​ទាំង​អ្នក​សិល្បៈ និង​អ្នកធ្វើការ​ឯកជន​ជា​ច្រើន​បាន​ចេញ​ទៅ​ប្រកប​អាជីវកម្ម​ន​នេះ ដើម្បី​ទទួល​បាន​ផល​ចំណេញ ។ ជាមួយ​គ្នា​នេះ ក៏​មាន​បុគ្គល​មួយ​ចំនួន​ដែល​បាន​មិន​ជំនាញ​សោះ បាន​ធ្វើ​ជា​ភ្នាក់ងារ​លក់ ដើម្បី​ទទួល​បាន​កុ​ម្មុ​យ​ស្យុ​ង​( Commission ) ពី​ម្ចាស់​គម្រោង បើសិនជា​ពួក​គេ​លក់​ដី​ឡូត៍​នោះ​បាន ។ ចំណែក​ម្ចាស់​គម្រោង​ក៏​មិនបាច់​ចំណាយ​ប្រាក់​ខែ​ទៅ​លើ​បុគ្គលិក​សម្រាប់​លក់​ដែរ ។

បញ្ហា​នេះ បើ​តាម​លោក ប៉ូ អ៊ា​វ​គង់ អ្នក​វាយតម្លៃ​អចលនវត្ថុ​មួយ​រូប​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ការ​គ្រប​គ្រង់​អាជីវកម្ម​ដី​ឡូត៍​នៅ​មិន​ទាន់​តឹងរ៉ឹង ធ្វើ​ឲ្យ​សកម្មភាព​បែប​នេះ​កាន់តែ​កើនឡើង ទាំង​អ្នកមាន​ទុនទិញ​ដី​សម្រាប់​ពុះ​ជា​ឡូត៍​លក់ និង​អ្នក​ដែល​មិន​មាន​ជំនាញ​ជា​អ្នកលក់​សោះ ។

លោក​បញ្ជាក់​ថា ៖« ការ​ប្រកាស​លក់​របស់​ពួក​គេ ជួនកាល​លើស​ពី​អ្វី​ដែល​ម្ចាស់​គម្រោង​ថា​នឹង​ធ្វើ ដោយ​ផ្សព្វផ្សាយ​ថា គម្រោង​នឹង​សង់​នេះ​សង់​នោះ​ជាដើម ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ទិញ​ចង់​ទិញ​ដី ហើយ​នៅ​ពេល​មាន​អ្នកទិញ​ដី​នោះ អ្នកលក់​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ជើង​សារ ដូច្នេះ​ហើយ​ពួក​គេ​បាន​បំប៉ោង​គម្រោង​កាន់តែ​ធំ ដើម្បី​លក់​ឲ្យ​ឆាប់​ដាច់ »​។

លោក​បន្ត​ថា សកម្មភាព​ពុះ​ដី​ឡូត៍​កាន់តែ​កើនឡើង​នេះ ក៏​បាន​ឆ្លុះ​បញ្ជាក់​ពី​តម្រូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ បើ​ពុំ​មាន​អ្នកទិញ​ក៏​ពុំ​មាន​អ្នក​ពុះ​លក់​ដែរ ក៏​ប៉ុន្តែ​ត្រូវ​តែ​មាន​ច្បាប់​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់​មួយ ដើម្បី​ទប់ស្កាត់​វិបត្តិ​ណាមួយ​នៅ​ពេល​ខាង​មុខ ។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​វាយតម្លៃ​អចលនវត្ថុ ឡាក់​គី លោក ឌឹ​ត ច​ណ្ណា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បើ​មើល​ពី​វិស័យ​ដី​ឡូត៍​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពិតជា​មាន​សកម្មភាព​ខ្លាំង​មែន ជា​ពិសេស​នៅ​តំបន់​ជិត​ៗ​រាជធានី​ភ្នំពេញ និង​បាន​សាយភាយ​ទៅ​កាន់​បណ្ដា​ខេត្ត​មួយ​ចំនួន ដែល​មាន​សក្ដានុពល ហើយ​សកម្មភាព​នេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​។

លោក​បញ្ជាក់​ថា ៖« ដោយសារ​តែ​វា​មាន​តម្លៃ​សមរម្យ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​មាន​លទ្ធ​ភាព​ទិញ​រក្សា​ទុក ខ្លះ​ទុក​ដើម្បី​លក់​ចេញ​វិញ ហើយ​ខ្លះ​ទៀត​ទុក​សម្រាប់​សង់​លំនៅ​ឋាន​នៅ​ពេល​អនាគត ដោយ​រំពឹង​ថា​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​តាម​ដែល​គេ​បាន​សន្យា​របស់​ម្ចាស់​គម្រោង »​។

បើ​តាម​លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​​ប្រាប់​វិទ្យុ​អន្តរជាតិ​មួយ​ថា នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ មិនមែន​ជា​ឆ្នាំ​ដំបូង​នៃ​ការ​ពុះ​ដី​ឡូត៍​លក់​នោះ​ទេ ក៏​ប៉ុន្តែ​យើង​ទទួលស្គាល់​ថា​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​បាន​កើនឡើង​ខ្លាំង ។ លោក​ថា ៖« វា​ជា​ឆ្នាំ ដែល​មាន​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​ច្រើន​មែនទែន តាំងពី​នៅ​ភ្នំពេញ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ទាំង​ខេត្ត​ជាប់​សមុទ្រ ខេត្ត​ទើប​បង្កើត​ថ្មី និង​ខេត្ត​នៅ​ជាប់​ព្រំដែន​ជាដើម »​។

លោក​បន្ត​ថា កំណើន​នៃ​ការ​ពុះ​ដី​ឡូត៍​លក់​នេះ ដោយសារ​តែ​មាន​តម្រូវការ ហើយ​ភាគ​ច្រើន​ផ្គត់ផ្គង់​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម ដោយសារ​តែ​ពួក​គាត់​មិន​មាន​លទ្ធភាព ទិញ​ផ្ទះ​ស្នាក់​នៅ ក៏​ប៉ុន្តែ​ទីផ្សារ​ដី​ឡូត៍​នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នកទិញ​សម្រាប់​ទុក​លក់​ចំណេញ​ច្រើន​ជាង​អ្នកទិញ​ទុក​ប្រើប្រាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សកម្មភាព​ពុះ​លក់​កាន់តែ​ច្រើន និង​ជា​អ្នក​ធ្វើ​ឲ្យ​ដីធ្លី​ឡើងថ្លៃ​ផង​ដែរ ។

លោក​បញ្ជាក់​ថា ៖« ហានិភ័យ​កើតឡើង​ធំ​ឬ​តូច វា​អាស្រ័យ​លើ​ការ​គ្រប់គ្រង​បាន​កម្រិត​ណា បើសិនជា​គ្រប់គ្រង​បាន​ល្អ​នោះ ហានិភ័យ​កើតឡើង​អាច​នឹង​តិចតួច ឬ​មិន​មាន ក៏​ប៉ុន្តែ​បើសិនជា​ការ​គ្រប់គ្រង​មិន​បាន​ល្អ នោះ​ហានិភ័យ​ដែល​កើតឡើង​នឹង​ពិបាក​ដោះ​ស្រាយ »​។

ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ខែ​មុន​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង មុន​នឹង​សម្រេច​​ទិញ ឬ​លក់​ដីធ្លី បន្ទាប់​ពី​ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា ការ​ពុះ​ដី​ឡូត៍ លក់​បច្ចុប្បន្ន ហាក់​មាន​ភាព​អនាធិបតេយ្យ​យ៉ាង​ខ្លាំង និង​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម បាន​បញ្ជាក់​ថា បន្ទាប់​ពី​ក្រសួង​រៀបចំ​ដែនដី​បាន​អនុម័ត​ប្រកាស ត្រូវ​អនុវត្ត​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ដី​ទាំងអស់ រួម​ទាំង​ការ​ពុះ​ដី​ឡូត៍ ជា​គម្រោង​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ដី ត្រូវ​តែ​សុំ​ច្បាប់​អនុ​ញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី ឬ​ពីសា​លា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ ទៅ​តាម​ទំហំ​សមត្ថកិច្ច ។

លោក ប៉ែន សុផល បន្ដ​ទៀត​ថា តាម​គោលការណ៍​ច្បាប់​ភូមិបាល បាន​ផ្តល់​កម្មសិទ្ធិ ហើយ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​ជា​ប្រព័ន្ធ និង​ដាច់​ដោយ​ដុំ ដូចនេះ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ពិនិត្យ​មើល​មុន​នឹង​ទិញ ថា​ដី​នោះ​ពិតជា​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ជា​ដី​របស់​អ្នក​ដែល​បាន​លក់ ពិតប្រាកដ​ឬ​យ៉ាងណា ។

បញ្ហា​ដី​ឡូត៍​បច្ចុប្បន្ន​ជា​រឿង​ស្មុគស្មាញ​មួយ ដោយសារ​ការ​ពុះ​ដី​ឡូត៍​ធ្វើ​ឡើង​ដោយ​អនា​ធិប​តេយ្យ ដោយ​មិន​មាន​ប្លង់​ប្រើប្រាស់​ដី មិន​មាន​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​សម​ស្រប និង​តាម​ស្តង់ដា​ឡើយ ពិសេស​មាន​អ្នក​ពុះ​ដី​ឡូត៍​មួយ​ចំនួន បាន​បោកប្រាស់​អតិថិជន ដោយ​យក​ដី​គេ​មក​លក់ គ្រាន់តែ​បាន​កក់​ប្រាក់​ដល់​ម្ចាស់​ដី​តិចតួច​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ