រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនមកពីបណ្តាប្រទេសជាសមាជិកសហគមន៍អឺរ៉ុបចំនួន៥០០កំពុងវិនិយោគនៅកម្ពុជា ហើយពួកគេអះអាងថា ក្រុមហ៊ុនរបស់ពួកគេកំពុងធ្វើការលើការទទួលខុសត្រូវផ្នែកសង្គម ខណៈបញ្ហាអនុគ្រោះប្រព័ន្ធEBA មិនច្បាស់លាស់ ។
ចូលរួមនៅក្នុងវេទិការពិភាក្សាសាព័ត៌មាន ស្ដីពីធុរកិច្ច និងការទទួលខុសត្រូវផ្នែកសង្គមនៅថ្ងៃទី១៨ ខែតុលា ម្សិលមិញ បណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនមានប្រភពពីសហភាពអឺរ៉ុបបានអះអាងថា ខ្លួននៅតែបន្តសកម្មភាពទំនួលខុសត្រូវខ្ពស់ក្នុងការបម្រើលើការទទួលខុសត្រូវផ្នែកសង្គម ។
លោក ហ្សុង ហ្គេតុង ប្រធានគណៈកម្មាធិការសុខុមាលភាពនៃពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន ហ្ស៊ូលីងហ្វាម៉ា ប្រចាំកម្ពុជា បានលើកឡើងថា ទោះបីជាពេលនេះសហភាពអឺរ៉ុប និងប្រទេសកម្ពុជាកំពុងពិភាក្សាលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAក្ដី តែក្រុមហ៊ុនរបស់លោកនៅតែបន្តសកម្មភាព ជួយដល់ការងារសង្គមសម្រាប់កម្ពុជា ។ លោកបញ្ជាក់ថា សព្វថ្ងៃ ក្រុមហ៊ុនរបស់លោកបានផ្តោតលើការវិនិយោគផ្នែកសុខភាព ដើម្បីធានាថាឱសថដែលនាំចូលកម្ពុជា ជាឱសថពិតប្រាកដ មានសុវត្ថិភាពខ្ពស់ និងការផ្ដល់ចំណេះដឹងលើការប្រើប្រាស់ថ្នាំជាដើម ។ លោកបន្តថា ៖« ក្រុមហ៊ុនរបស់លោក ក៏កំពុងសហការជាមួយដៃគូរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាបង្កើតកម្មវិធីទូរស័ព្ទ ដើម្បីត្រួតពិនិត្យថ្នាំថា ជាថ្នាំក្លែងក្លាយ ឬពិតប្រាកដ ដើម្បីជាប្រយោជន៍រួមនៃប្រជាជនកម្ពុជាផងដែរ »។លោកថា ៖« កម្មវិធីទូរស័ព្ទនេះ នឹងធ្វើឡើងជាភាសាខ្មែរ និងអាចបង្ហាញវត្តមានជាផ្លូវការនៅក្នុងឆ្នាំ២០១៩ខាងមុខ »។ ក្រុមហ៊ុនអឺរ៉ុបដែលកំពុងវិនិយោគនៅកម្ពុជា ភាគច្រើនវិនិយោគលើការបណ្ដុះបណ្ដាលមុខជំនាញ ការអប់រំ ផ្នែកសុខាភិបាល និងផ្នែកជាច្រើនទៀតផងដែរ ។
ទោះជាយ៉ាងណា ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនេះមិនបញ្ជាក់ទាក់ទងជំហរសហគមន៍អឺរ៉ុបដែលកំពុងដំណើរការកំណត់នីតិវិធី ដើម្បីព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខពីកម្ពុជា លើកលែងតែអាវុធ នោះទេ ។
នាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោកគីលីយ៉ង់ ប្លេស បានថ្លែងថា ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា មិនមែនជានីតិវិធីមួយដែលអាចប្រញាប់ប្រញាល់បានទេ លុះត្រាមានការជជែកគ្នាច្រើន មុនមានការសម្រេចដក ឬផ្អាកបណ្តោះអាសន្នលើប្រព័ន្ធអនុគ្រោះពន្ធ(EBA)នេះ ។
ស្របពេលជាមួយគ្នានោះ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោក Blaise Kilan បានផ្ដល់កិច្ចសម្ភាសន៍មួយដោយលោកបានលើកឡើងថា ការដកប្រព័ន្ឋអនុគ្រោះពន្ធពីកម្ពុជាមិនមែនជារឿងងាយស្រួលនោះទេ ។ លោកបញ្ជាក់ថា ៖« មិនទាន់មានការសម្រេចជាផ្លូវការណាមួយទេ ប៉ុន្តែប្រសិនជាមានការដកប្រព័ន្ធអនុគ្រោះពន្ឋពីកម្ពុជា ក្រុមហ៊ុនអឺរ៉ុប ដែលវិនិយោគនៅកម្ពុជា និងកម្ពុជាខ្លួនឯងត្រូវទទួលរងគ្រោះ ហើយក្រុមហ៊ុនដែលមកវិនិយោគនៅទីនេះ នៅពេលពួកគេចាកចេញ ពួកគេនឹងមិនត្រលប់មកកម្ពុជាវិញនោះទេ »។ លោកបន្តថា ៖« ក្រុមហ៊ុនមកពីអឺរ៉ុបដែលវិនិយោគនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនបំរើសេវាកម្មផ្សេងៗ ហើយពួកគេភាគច្រើនជាក្រុមហ៊ុនមកពីបារាំង អុីតាលី និងអាល្លឺម៉ង់ជាដើម »៕
ចែករំលែកព័តមាននេះ