សង្គ្រាម​ពាណិជ្ជកម្ម​ផ្តល់​ហានិភ័យ​ដល់​ការងារ​រាប់​លាន​កន្លែង


ទីក្រុង​ឡុ​ង​ដ៍ ៖ ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​មក​ថា ភាព​តានតឹង​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ជា​ហានិភ័យ​ពិត​ៗ​ដល់​សេដ្ឋកិច្ច​ពិភព​លោក និង​អាច​ផ្តល់​ការ​គំរាមកំហែង​ដល់​ការងារ​រាប់​លាន​កន្លែង​ផង​ដែរ ។

លោក Roberto Azevedo ប្រធាន​អង្គការ​នេះ បាន​បញ្ជាក់​ដែរ​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) កំពុង​តែ​ជាប់​គាំង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ជាមួយនឹង​ប្រទេស​ចិន និង​បាន​ដាក់​ពន្ធ​រាប់​ប៊ី​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​ឱនភាព​ពាណិជ្ជ​កម្ម និង​បញ្ចប់​សកម្មភាព​ពាណិជ្ជកម្ម​ដែល​មិន​អាច​ទទួល​បាន​របស់​ប្រទេស​ចិន ។

លោក​ត្រាំ​ក៏​បាន​ដាក់​គោលដៅ​លើ​សហភាព​អឺរ៉ុប​(EU)​ដែរ ហើយ​លោក Azevedo បាន​និយាយ​ថា សកម្មភាព​ទាំងនេះ​ប្រៀប​ដូច​ជា​គ្មាន​ទី​បញ្ចប់​សោះឡើយ និង​បាន​ស្នើ​ដល់​អ្នកដឹកនាំ​ជុំវិញ​ពិភពលោក​ឲ្យ​ចរចា​គ្នា ។

សេដ្ឋវិទូ​ប្រចាំ WTO បាន​វិភាគ​ថា ការ​បាក់បែក​ទាំងស្រុង​នៃ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​អន្តរជាតិ នឹង​បង្ក​ឲ្យ​មានការ​ដំឡើង​ពន្ធ​យ៉ាង​ខ្ពស់ និង​ធ្វើ​ឲ្យ​ការ​លូតលាស់​ពាណិជ្ជកម្ម​ពិភពលោក​ធ្លាក​ចុះ​១៧% និង​ការ​លូតលាស់​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​ធ្លាក់​ចុះ​១,៩%​។

លោក​បាន​បន្ត​ថា ៖« ឥទ្ធិពល​ទាំងនេះ​នឹង​បង្ក​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ពលករ សហគ្រាស និង​សហគមន៍ ខណៈ​ដែល​ពួក​គេ​ព្យាយាម​សម្រប​ខ្លួន​សា​ជា​ថ្មី »​។ លោក​បាន​បន្ថែម​ថា ៖« ពលករ​រាប់​លាន នាក់​ប្រហែលជា​ត្រូវ​ស្វែងរក​ការងារ​ថ្មី សហ​គ្រាស​ត្រូវ​រក​ផលិតផល​និង​ទីផ្សារ​ថ្មី និង​សហគមន៍​ត្រូវ​រក​ប្រភព​ថ្មី​សម្រាប់​ការ​លូត​លាស់ »​។

មក​ដល់​បច្ចុប្បន្ន លោក​ប្រធានាធិបតី​ត្រាំ​បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២៥០​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ​ដែល​នាំ​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​លោក​បាន​គម្រាម​ថា​នឹង​អាច​ដាក់​ពន្ធ​បន្ថែម​ទៀត ។

លោក​ក៏​បាន​បង្កើន​ជំនួយ​ផ្នែក​យោធា​ដល់​ដៃគូ​ប្រកួតប្រជែង​របស់​ប្រទេស​ចិន​គឺ​តៃវ៉ាន់ និង​ចោទប្រកាន់​ដល់​ប្រទេស​ចិន​ថា​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អា​មេ
រិ​ក ។

លើស​ពី​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក​ចោទប្រកាន់​ប្រទេស​ចិន​ថា​លួច​បច្ចេកវិទ្យា និង​បង្ខំ​ឲ្យ​អាជីវកម្ម​បរទេស​សហការ​ជាមួយនឹង​ដៃគូ​ក្នុងស្រុក​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ផ្ទេរ​ចំណេះ​ដឹង ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ