ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​អ្នក​ចែក​បុណ្យ​និង​អ្នក​ទទួល​សុទ្ធតែ​បាន​ទូន្មាន​ខ្លួន​ល្អ​ហើយ

5 ឆ្នាំ មុន

មនុស្ស​ដែល​មាន​សន្តាន​ចិត្តល្អ តើ​ជា​ប្រភេទ​មនុស្ស​ដូច​ម្តេច? គឺជា​មនុស្ស​ដែលចេះ​ទូន្មាន​ខ្លួនឯង ប្រដៅ​ខ្លួនឯង​បាន​ល្អ​ហើយ ព្រម​ដោយ​ចងចិត្ត​ជា​បុណ្យ​កុសល​ផង ។ ការ​ចែក​បុណ្យ​កុសល​ឱ្យ​ដល់​អ្នក​ដទៃ គឺជា​ការ​ប្រដៅ​ចិត្ត​មួយ​ផ្នែក ដើម្បី​កុំឱ្យ​ចិត្ត​គិត​បាន​អ្វី​ៗ​តែ​ខ្លួនឯង ត្រូវ​ចេះ​បែងចែក​របស់ទ្រព្យ​ឱ្យ​អ្នក​ដទៃ…

មនុស្ស​ដែល​មាន​សន្តាន​ចិត្តល្អ តើ​ជា​ប្រភេទ​មនុស្ស​ដូច​ម្តេច? គឺជា​មនុស្ស​ដែលចេះ​ទូន្មាន​ខ្លួនឯង ប្រដៅ​ខ្លួនឯង​បាន​ល្អ​ហើយ ព្រម​ដោយ​ចងចិត្ត​ជា​បុណ្យ​កុសល​ផង ។

ការ​ចែក​បុណ្យ​កុសល​ឱ្យ​ដល់​អ្នក​ដទៃ គឺជា​ការ​ប្រដៅ​ចិត្ត​មួយ​ផ្នែក ដើម្បី​កុំឱ្យ​ចិត្ត​គិត​បាន​អ្វី​ៗ​តែ​ខ្លួនឯង ត្រូវ​ចេះ​បែងចែក​របស់ទ្រព្យ​ឱ្យ​អ្នក​ដទៃ ទូន្មាន​ចិត្ត​ឱ្យ​ចេះ​អើពើ​ក្នុង​អំពើ​ល្អ​ដោយ​យកចិត្តទុកដាក់ ការ​ជូន​បុណ្យ​គឺ​ជូន​ដោយ​ចិត្តមេត្តា ដោយ​ចិត្ត​ទន់ភ្លន់ ជូន​ដើម្បី​ឱ្យ​អ្នក​ដទៃ​បាន​បុណ្យ​ពិត​ៗ​ដោយ​ការ​អនុមោទនា ។

ចំណែក​ការ​អនុមោទនា​បុណ្យ​កុសល​ដែល​អ្នក​ដទៃ​បាន​ធ្វើ ឬ​បាន​ជូន​ហើយ​នោះ ក៏​ជា​ការ​ប្រដៅ​ចិត្ត​មួយ​ផ្នែក​ទៀត​កុំឱ្យ​ចិត្ត​រឹងរូស ប្រកាន់​ទិដ្ឋិ​មានះ លើកកម្ពស់​ខ្លួនឯង​ដូច​ដងទង់ គឺ​ធ្វើ​ឱ្យ​ចិត្ត​ទន់ភ្លន់​ស្ងប់ស្ងាត់ កម្ចាត់​ការ​ប្រកាន់ខ្លួន ចេះ​មើលឃើញ​បុណ្យ​កុសល​ជា​ធំ​ជាង​ទ្រព្យសម្បត្តិ​មាសប្រាក់​ក្នុង​លោក ប្រដៅ​ទូន្មាន​ចិត្ត​ឱ្យ​ស្គាល់​គុណ​តម្លៃ​នៃ​សេចក្តី​ល្អ ចេះ​ជ្រះថ្លា​ក្នុង​បុណ្យ​កុសល​របស់​អ្នក​ដទៃ ឃើញ​អ្នក​ដទៃ​ដែល​មាន​សេចក្តី​ល្អ​ផ្សេង​ៗ ថា​ជា​អ្នក​មានគុណ គឺ​មានគុណ​ចំពោះ​ខ្លួន​យើង​ផង ចំពោះ​អ្នក​ដទៃ​ច្រើន​ផង ចំពោះ​សាសនា​ផង កាលដែល​អ្នក​ដទៃ​នោះ​ជា​អ្នកមាន​សទ្ធា មាន​សីល មាន​ចាគៈ​ជាដើម​ ។

ត្រូវ​ទូន្មាន​ចិត្ត​ឱ្យ​ចេះ​ដឹងគុណ អ្នក​ដទៃ កុំ​បំភ្លេច កុំ​លុប​បំបាត់​ចោល​នូវ​គុណ គឺ​សេចក្តី​ល្អ របស់​អ្នក​ដទៃ ព្រោះហេតុនេះ ចិត្ត​ត្រូវ​តែ​យល់​ដល់​អំពើ​ល្អ​គ្រប់យ៉ាង ដោយ​មិន​ប្រកាន់​ឫកពា ចើងម៉ើង​ឆ្មើងឆ្មៃ មើលងាយ ឬ​ខឹង​ក្រោធ ជាមួយ​អ្នក​ដទៃ​ឡើយ មនុស្ស​ល្អ​ម្នាក់​អាច​ឱ្យ​ការ​រស់នៅ និង​សេចក្តីសុខ​ដល់​អ្នក​ដទៃ​ច្រើន​នាក់​ណាស់​ក្នុង​មួយ​ថ្ងៃ​ៗ​។

ដូច្នេះ​គួរ​ប្រមូល​មនុស្ស​ល្អ​ទាំងនោះ ឱ្យមក​ជា​ខ្លួន​យើង​តែ​ម្នាក់ ដោយ​ការ​អនុមោទនា​ជ្រះថ្លា ត្រេកអរ​នូវ​អំពើ​ល្អ ដែល​អ្នក​ដទៃ​មាន ជួនកាល​អំពើ​ល្អ​នោះ យើង​មិន​អាច​ធ្វើ​បាន​ផង​។ តើ​គួរ​រឹងរូស​ខឹង​ប្រកែក​ឈ្លោះ ឬ​ក៏​ត្រូវ​ប្រដៅ​ចិត្ត​ឱ្យ​ស្លូតបូត ហើយ​ជ្រះថ្លា​ទទួលយក​នូវ​បុណ្យ​កុសល​ដោយ ការ​អនុមោទនា​វិញ ?

ម្យ៉ាងវិញទៀត បើ​យើង​សម្លឹង​មើល​គុណ​គឺ​សេចក្តី​ល្អ​របស់​អ្នក​ដទៃ ហើយ​ឱ្យ​តម្លៃ​យ៉ាង​ថ្លៃ​ពិត​ៗ រមែង​កម្ចាត់​នូវ​ចិត្តអាក្រក់​របស់​យើង ដែល​ធ្លាប់​មានការ​មើលងាយ​អ្នក​ដទៃ ដោយ​អាង​ទ្រព្យសម្បត្តិ វង្ស​ត្រកូល ចំណេះដឹង​ជាដើម​បាន​ផង​ដែរ ។