រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិស្បែកខ្មៅចូលទៅផឹកនៅហាងបារបារាំងមួយកន្លែងនៅផ្លូវ១០៤ស្រវឹងស្រាបែកគំនិតរករឿងវ៉ៃស្ត្រីអ្នកគិតលុយ និងសន្តិសុខ បណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១០៤ នៅចំណុចហាងបារបារាំងរ៉ូសស្បាណា ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជនរងគ្រោះទី១មានឈ្មោះសុខ កម្សាន្ត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងជនរងគ្រោះទី២ ឈ្មោះម៉ែន សូនី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរអ្នកគិតលុយ ស្នាក់នៅហាងបាររ៉ូសស្បាណា ផ្លូវ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុជនជាតិស្បែកខ្មៅខាងលើនេះ ជាម៉ូយដែលតែងតែចូលមកហាងរបស់គាត់ផឹកស៊ីជាញឹកញាប់ ប៉ុន្តែដល់ម៉ោងកើតហេតុខាងលើនេះជនជាតិស្បែកខ្មៅនោះស្រវឹងស្រា ហើយឡូឡា និងរករឿងនារីក្នុងហាង ហើយម្ចាស់ហាងខ្លាចប៉ះពាល់ដល់ភ្ញៀវដទៃក៏ហៅសន្តិសុខហាងមកឃាត់ធ្វើឲ្យជនជាតិស្បែកខ្មៅខឹងចាប់ស្ត្រីអ្នកគិតលុយនោះបោកទៅលើសាឡុងត្រូវសន្តិសុខចូលទៅឃាត់ ស្រាប់តែជនបង្កជាជនជាតិស្បែកខ្មៅបានវ៉ៃសន្តិសុខមួយដៃ បណ្តាលឲ្យបែកចិញ្ចើមខាងស្តាំ រីឯស្ត្រីគិតលុយវិញ សន្លប់អស់មួយភាំងទើបដឹងខ្លួនវិញ ភ្លាមនោះបុគ្គលិកនៅក្នុងហាងបានឃាត់ជនជាតិស្បែកខ្មៅយកទៅប៉ុស្តិ៍វត្តភ្នំ ប៉ុន្តែលោកនាយរងប៉ុស្តិ៍វត្តភ្នំដែលទទួលផែនព្រហ្មមិនទទួលពាក្យបណ្តឹងទេ ធ្វើឲ្យជនរងគ្រោះទាំង២នាក់នាំគ្នាជិះទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានខណ្ឌដូនពេញទើបទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
ស្ត្រីជាអ្នកគិតលុយជាជនរងគ្រោះក៏បាននិយាយថា ជនជាតិស្បែកខ្មៅខាងលើនេះកន្លងមកតែងតែរករឿងពេលដែលខ្លួនស្រវឹងស្រា ប៉ុន្តែមិនដែលហ៊ានវ៉ៃគេឯងនោះឡើយ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងជនជាតិស្បែកខ្មៅ ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវីធី ៕
ចែករំលែកព័តមាននេះ