ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ប្រតិកម្ម​ខ្លាំង អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុស​ន្យា​ស្ដារ​មុខមាត់​ឡើង​វិញ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្រោយ​ពី​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ពី​មហាជន​ទៅ​លើ​បញ្ហា​អនាម័យ និង​ភាព​អសកម្ម​នានា​នៅ​ខេត្ត​ព្រះ​សីហ​នុ ពិសេស​បន្ទាប់​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​នៅ​ខេត្ត​មួយ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​អះអាង​ថា នឹង​រៀបចំ​ស្តារ​ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ…

ខេត្តព្រះសីហនុ ៖ ក្រោយ​ពី​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ពី​មហាជន​ទៅ​លើ​បញ្ហា​អនាម័យ និង​ភាព​អសកម្ម​នានា​នៅ​ខេត្ត​ព្រះ​សីហ​នុ ពិសេស​បន្ទាប់​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​នៅ​ខេត្ត​មួយ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​អះអាង​ថា នឹង​រៀបចំ​ស្តារ​ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឡើង​វិញ ។

អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន​បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​១២ តុលា ម្សិលមិញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​ស្ដារ​មុខមាត់​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ឡើង​វិញ បន្ទាប់​ពី​មានការ​ថមថយ​ចំនួន​ទេសចរ​យ៉ាង​គំហុក​ក្នុងអំឡុងពេល​ភ្ជុំបិណ្ឌ​នេះ ដែល​ជា​ការ​ថយ​ចុះ​មិន​នឹក​ស្មាន​ដល់ ។ លោក​បន្ត​ថា អាជ្ញា ធរ​ខេត្ត​ព្រះ​សីហ​នុ នឹង​រៀបចំ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មក​ទស្សនា​កម្សាន្ដ និង​ផ្ដល់​ភាព​កក់ក្តៅ ធានា​បាន​នូវ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ។ លោក​បន្ត​ថា ៖« ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​អនាម័យ​ជា​ចំណុច​អាទិភាព ពិសេស​គុណភាព​សេវាកម្ម និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ »​។

លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹងផង​ដែរ​ថា មន្ទីរ​កំពុង​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​ផ្សព្វផ្សាយ​ដល់​បណ្ដា​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ខិតខំ​ពង្រឹង​សេវា​របស់​ខ្លួន ដើម្បី​ទាក់ទាញ​ទេសចរ ។ លោក​បន្ត​ថា ទោះជា​ខេត្ត​មាន​បញ្ហា​កង្វះ​បន្ទប់​ស្នាក់​នៅ​ជា​រឿយ​ៗ ដោយសារ​សណ្ឋាគារ​ភាគច្រើន ត្រូវ​បាន​ជួល​សម្រួល​ដល់​អ្នក​វិនិយោគ​ចិន​ក្តី ប៉ុន្តែ​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ចំនួន​សណ្ឋាគារ​ថ្មី​ៗ​បាន​បើក​ដំណើរការ​ជា​បន្តបន្ទាប់ ។

ខេត្ត​ព្រះ​សីហ​នុ នា​ពេល​កន្លង​មក គឺជា​ទីកន្លែង​ពេញ​និយម​សម្រាប់​ការ​កម្សាន្ត​របស់​ទេសចរ​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ខណៈ​ដែល​ខេត្ត​នេះ​កំពុង​មានការ​អភិវឌ្ឍ​ខ្លាំង បែរជា​រុញច្រាន​ចំនួន​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ចេញ​វិញ ។ ជាក់ស្ដែង​នៅ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​បាន​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ គឺ​ភ្លៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​បាន​បាត់​វត្តមាន​ពី​មាត់សមុទ្រ​នៃ​ខេត្ត​នេះ ។

បច្ចុប្បន្ន​នេះ បញ្ហា​កំពុង​កើន​មាននៅ​ខេត្ត​ដែល​ធ្លាប់តែ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​មួយ​នេះ​រួម​មាន ស្ថានភាព​ផ្លូវ​រង​ការ​ខូចខាត បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។ លំហូរ​ចូល​ជនជាតិ​ចិន​យ៉ាង​គំហុក ធ្វើ​ឲ្យ​ផ្ទះសំណាក់ សណ្ឋាគារ​ជាដើម ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ជនជាតិ​ចិន​ស្ទើរតែ​អស់ បង្ក​ការ​លំបាក​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​មក​សម្រាក​លំហែកាយ​ជា​លក្ខណ​គ្រួសារ ។ ហាង​លក់​អាហារ ភេសជ្ជៈ​នៅ​ក្រុង​មួយ​ចំនួន ឬ​ហាង​លក់​ម្ហូបអាហារ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល ត្រូវ​បាន​ជួល​ឲ្យ​ជនជាតិ​ចិន​ស្ទើរតែ​អស់ និង​លក់​មុខម្ហូប​តម្រូវ​តាម​បែប​ជនជាតិ​គេ​ក្នុង​តម្លៃ​ខ្ពស់ ជាដើម ។ ក្រៅពី​នេះ បញ្ហា​សំរាម និង​ប្រព័ន្ធ​បង្ហូរទឹក​សម្អុយ ក៏​កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​ផង​ដែរ ។

ទាក់ទង​បញ្ហា​នេះ​ដែរ លោក ហូ វ​ណ្ឌី ទឹ​ប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​បាន​ច្រើន​ឡើង​វិញ​នោះ ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ការងារ​អាទិភាព​ចំនួន​៤ ដូច​ជា បញ្ហា​សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ និង​សេវាកម្ម​ទេសចរណ៍​ឲ្យ​មាន​ភាពល្អ​ប្រសើរ ខណៈ​តម្លៃ​បន្ទប់​សណ្ឋាគារ​ផ្ទះសំណាក់ និង​សណ្ឋាគារ​បាន​កើនឡើង​ខ្ពស់ ហួស​ពី​លទ្ធភាព​របស់​ពលរដ្ឋ​ទៅ​ហើយ ។ លោក​បន្ត​ថា ៖« វា​ជា​និន្នាការ​ធម្មតា​នៅ​ពេល​តម្រូវការ​កើនឡើង តម្លៃ​សេវាកម្ម​នឹង​កើនឡើង ប៉ុន្តែ​ការ​ចូលរួម​ទប់ស្កាត់​មាន​សារសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍​កក់ក្តៅ និង​ភាព​សប្បាយ​រីករាយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ