ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រដាល់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៅ​រេញ​CTN​ថ្ងៃ​​អាទិត្យ​សប្តាហ៍​នេះ​មាន​5​គូ

13 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ​៖ កម្មវិធី​ប្រដាល់​​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៅ​លើ​​រេញ​​ CTN ថ្ងៃ​អាទិត្យ​ទី​២៦ ឧសភា ​ស្អែក​​នេះបាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៤​ហើយ ដោយ​មាន​កីឡា​ករ​ចូល​រួម​ប្រកួត​ចំនួន​៥​គូ ក្នុងនោះ​ទម្ងន់​៥៧​គីឡូ​ក្រាម​២​គូ​ទម្ងន់​៦៩​គីឡូក្រាម២គូ និងទម្ងន់​៦៥​គីឡូ​ក្រាម១​គូ ។ យោង​តាម​​ក្រដាស​កម្មវិធី​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​​ឱ្យដឹង​ថា ​កីឡា​ករ​ដែល​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​​មាន​កីឡាករ​​​​មិត្ត ​ហុក សួរ មក​ពី​ខេត្ត​សៀម​រាប ប្រកួត​ជាមួយ​កីឡាករ​​មុំ ចន្ធូ មកពី​ខេត្ត​កណ្តាល​​ និង​កីឡាករ​ស៊ឹម ប៊ុន​ស្រ៊ន់ មកពី​ខេត្តកំពង់​ចាម ប្រកួត​ជាមួយ​កីឡា​ករ​ទី ​ពន្លែត​ មកពី​ខេត្ត​សៀម​
រាប​ ។

តាម​ពិត​​រវាង​មិត្ត ហុក​សួរ ​និង​មុំ ចន្ធូ ​​ទើប​តែ​ឆ្លង​កាត់​ការ​ប្រកួត​បាន​១​លើក​ម្នាក់​ប៉ុណ្ណោះ និង​ទទួល​បាន​លទ្ធ​ផល​​ចាញ់ដូច​គ្នា​ ទើប​លើក​នេះ​ទាំង​សង​ខាង​ចង់​ឈ្នះ​រៀង​ៗខ្លួន​ ប៉ុន្តែ​មិន​​ទាន់​ដឹង​ថា ​ខាងណា​មាន​សំណាង​ជាង​​នោះ​ទេ ​ព្រោះ​​វា​អាស្រ័យ​ទៅ​​លើ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​​ជាក់​ស្តែង​ប៉ុណ្ណោះ ។ រី​ឯ​ស៊ឹម ប៊ុន​ស្រ៊ន់ និង​​ទី ពន្លែត មិន​ខុស​ពី​មិត្ត​ ហុកសួរ ​និង​ មុំ ចន្ធូ ដែរ ដោយ​ប្រកួត​លើក​មុន​​ទទួល​លទ្ធ​ផល​ចាញ់​​ដូច​គ្នា​​ ​ទោះ​បី​ម្នាក់​ជា​​ ជើង​ចាស់​​និង​ម្នាក់​​ទៀត​ជា​ជើង​ថ្មី​ក៏​ដោយ​ ។ ស៊ឹម​ ប៊ុន​ស្រ៊ន់ ​ជា​ជើង​ថ្មី​មិន​មាន​ប្រវត្តិ​ប្រកួត​នៅ​​លើ​សង្វៀន​ជោក​​ជាំ​ដូច​ ទី ពន្លែត ​ឡើយ ប៉ុន្តែ​គេមាន​កម្លាំង​ខ្លាំង​ និង​​ចិត្ត​សឿង​ ចំណែក​ទី ពន្លែត មានស្នៀត​គុនល្អ​គ្រាន់បើ​ទាំង​ស្នៀត​ដៃ​ និង​​​ស្នៀត​ជើង​អាចប្រើ​ការ​បាន​និង​មាន​ចិត្ត​​អំណត់​​ទៀត​ផង ។ ​

ទោះ​បី​ជា​យ៉ាង​ណា​នៅ​មិន​​ទាន់​ប្រាកដ​ថា​ជើង​ចាស់​អាច​យក​ឈ្នះ​លើ​ជើងថ្មី​បាន​នោះ​ទេ ព្រោះ​ការ​ប្រកួត​​​ពេល​ខ្លះ​ពឹង​លើ​សំណាង​ក៏​មាន ។ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ​ក៏​​មាន​២​គូដែរ គឺកីឡា​ករ​ ជួន បូរិន្ទ មកពីខេត្ត​ព្រៃ​វែង​ ជួប​ជា​មួយ​កីឡា​ករ ព្រីង ដារិន មក​ពី​ខេត្ត​​​បាត់​ដំបង​ និង​កីឡា​ករ​​គង់ ឌីណា មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០​ ជួប​ជា​​មួយ​ហុត​ គឹម​ហៀង មកពី​​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​​គ្រឿង​ញៀន។ រវាង​២​គូ​នេះ​ក៏​ទើប​តែ​ឆ្លង​កាត់​ការ​ប្រកួត​បាន​១​លើក​ម្នាក់​ដូច​គ្នា​ ប៉ុន្តែ​លទ្ធ​ផល​ដែល​គេ​ទទួល​បាន​ត្រូវ​បាន​ប្រកាស​​លុប​ចោល​វិញ​ ដោយ​គណៈ​កម្ម​ការ​រៀបចំ​ការ​ប្រកួត​សម្រេច​យក​លទ្ធ​ផល​ផ្លូវ​​ការ​​​នៅ​ថ្ងៃ​អាទិត្យ​​សប្តាហ៍​នេះ​​វិញ ។

ចំពោះ​មូលហេតុ​លុបចោល​​លទ្ធ​ផល​ប្រកួត​លើក​មុន​​ដោយ​សារ​តែ​​​កីឡា​ករ​ដែល​ចូល​រួម​ប្រកួត​ពី​​ខាងដើម​មាន​ចំនួន​​មិន​ច្បាស់​លាស់​​​ទើប​តែ​លើក​នេះ​គណៈ​​កម្ម​​​ការ​​រៀប​ចំ​ការ​ប្រកួត​​​​​​បាន​កំណត់​យក​ចំនួន​កីឡាករ​ជា​ផ្លូវ​ការ​ហើយ ។ រី​ឯ​ការ​ប្រកួត​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូ​ក្រាម​វិញ​នោះ​មាន​តែ​១​គូ​ប៉ុណ្ណោះ គឺ​កីឡាករ​ញៀ​ន វា៉ន់ណយ ​មក​ពី​ក្លិប​កង​ពល​ធំអន្តរា​គមន៍​លេខ​៣​ព្រះវិហារ​ ប្រកួត​ជា​មួយ​កីឡា​ករ​តូច​ ទូ​មក​​ពី​សមាគម​កីឡា​​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​។ ​រវាង​ពួកគេ​ទាំង​២​នាក់​ទើប​តែ​ប្រកួត​​បាន​១​លើក​និង​ចាញ់ដូច​គ្នា​​​ទៀត​​​ លើក​នេះ​មិន​ដឹង​ថា​​នរ​ណា​មាន​សំណាង​ទទួល​បាន​​៣​ពិន្ទុ​មុន​ឡើយ ដូច្នេះ​សូម​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​ ៕