រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព ។ លើសពីនេះ ធ្វើឱ្យកម្ពុជាទទួលបានសិទ្ធិស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានានៅលើឆាកអន្តរជាតិ ។
ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើក២ កាលពីថ្ងៃទី១១ តុលា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖« វិស័យទេសចរណ៍បានធ្វើឱ្យកម្ពុជាទទួលបានសិទ្ធិស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងតំបន់ និងនៅឆាកអន្តរជាតិ តាមរយៈការទទួលបាននូវពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើនពីស្ថាប័នទេសចរណ៍អន្តរជាតិល្បីៗនានាជាបន្តបន្ទាប់ ។ ជាក់ស្តែង កាលពីខែឧសភា កន្លងទៅ ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតនៅលើពិភពលោកឆ្នាំ២០១៨ ពីទីភ្នាក់ងារប្រឹក្សាយោបល់ក្នុងការធ្វើដំណើរពិភពលោក TripAdvisor ដែលនេះបានបញ្ជាក់ឱ្យឃើញពីភាពល្បីល្បាញ និងការទទួលស្គាល់យ៉ាងច្បាស់ពីសំណាក់ទេសចររាប់លាននាក់នៅជុំវិញពិភពលោក មកលើគោលដៅទេសចរណ៍កម្ពុជា »។
លោកលើកឡើងថា វិស័យទេសចរណ៍នៅកម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ជា«មាសបៃតង» បាននិងកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំក្នុងការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយនឹងបន្តខិតខំបន្ថែមទៀតដើម្បីប្រែក្លាយកម្ពុជាដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបន្តអនុវត្តវិធានការគន្លឹះសំខាន់ៗមួយចំនួនដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដោយផ្តោតខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន«បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប» ឬអាចហៅថា «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត » រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តនូវវិធានការដូចខាងក្រោម ៖
១-ផ្សារភ្ជាប់ចក្ខុវិស័យទេសចរណ៍ឆ្នាំ២០៣០ ជាមួយបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មីទី៤ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍សំខាន់ៗលើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ សំដៅធានាឱ្យបានថា «ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿលឿននៃបច្ចេកវិទ្យា» នឹងផ្តល់ឱ្យវិស័យទេសចរណ៍នូវកាលានុវត្តភាព ដល់ការលើកកម្ពស់ប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍ ការជំរុញបរិយាប័ន្នភាពក្នុងឧស្សាហកម្មទេសចរណ៍ ការលើកកម្ពស់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព និងការចូលរួមសម្រេចបាននូវរបៀបវារៈផ្សេងៗទៀត នៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ១៥លាននាក់នៅឆ្នាំ២០៣០។ ២-រៀបចំកម្មវិធីពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់គុណភាពនៃការអប់រំកម្រិតខ្ពស់ ការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធ នឹងឧស្សាហកម្មទេសចរណ៍ឱ្យស្របតាមនិន្នាការនៃការរីកចម្រើនបច្ចេកវិទ្យានិងឌីជីថលរូបនីយកម្ម ។
៣- លើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តន៍ក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងនូវសមត្ថភាពសហគ្រិនភាព ក្នុងការរៀបចំគំរូធុរកិច្ច បង្កើតការងារថ្មី និងតម្រង់ទិសថ្មីរបស់សេដ្ឋកិច្ចឌីជីថលនាពេលអនាគត សម្រាប់ឧស្សាហកម្ម ទេសចរណ៍កម្ពុជា »។
យោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ឆ្នាំ២០១៧ កម្ពុជាទទួលទេសចរអន្តរជាតិចំនួន៥,៦លាននាក់កើនឡើង១១,៨% ដែលបានបង្កើតចំណូលជូនជាតិចំនួន៣,៦ពាន់លានដុល្លារ កើនឡើង១៣%ស្មើនឹង១២,៣%នៃផលិតផលក្នុងស្រុក
សរុប ៕
ចែករំលែកព័តមាននេះ