មនុស្សដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អ ពោលគឺការយកចិត្តទុកដាក់បម្រើ ឧបត្ថម្ភដល់មាតាបិតា ផ្តល់ទានដល់អ្នកក្រីក្រ ជនទុរគត អ្នកតូចទាប និងរៀបចំឫកពា ចរិយា រួមទាំងសម្តីសំដៅសមរម្យ ទាំងទឹកចិត្តល្អ ប៉ុណ្ណេះជាដើមឈ្មោះថាជាមនុស្សដែលគួរសរសើរ គួរគោរព គួរខ្លាចក្រែង ។
បុគ្គលដែលគួរឲ្យសរសើរ គឺអ្នកដែលបានធ្វើនូវប្រយោជន៍ដល់ខ្លួនឯងផង និងប្រយោជន៍អ្នកដទៃផង ស័ក្ដិសមជាមនុស្សដែលមានចិត្តប្រសើរខ្ពង់ខ្ពស់។
អ្នកដែលឆ្លាតក្នុងការនិយាយស្តី ជាមនុស្សដែលនិយាយចេញទៅមិនឲ្យទាស់ត្រចៀកនៃអ្នកស្ដាប់ គឺនិយាយឲ្យគេសប្បាយចិត្ត មានសេចក្ដីសុខនៅពេលដែលគេបានស្ដាប់ពាក្យសម្តីនេះ មិននិយាយលើកតម្កើងខ្លួនឯង ហើយបន្តុះបង្អាប់អ្នកដទៃឱ្យគេអាប់យស ។
អ្នកដែលចេះអត់ធន់ចំពោះពាក្យសម្ដីអ្នកដទៃ គឺជាមនុស្សអប់រំចិត្តបានល្អហើយ ទោះជាគេនិយាយពាក្យអសុរោះ ពាក្យទ្រគោះបោះបោកក៏មិនក្តៅក្រហាយ មិនក្រោធ តបនៅតែជាចិត្តត្រជាក់ ចិត្តនឹងជាធម្មតា។
បុគ្គលណាមានចំណុចទាំងនេះក្នុងសន្តាន បុគ្គលនោះឈ្មោះថាជាអ្នកឆ្លាត ជាមនុស្សគួរសរសើរ និងបានជាទីរាប់អាននៃអ្នកផងទាំងពួង ។
ចែករំលែកព័តមាននេះ