រាជធានីភ្នំពេញ ៖ ខេត្តកំពង់ស្ពឺជាទឹកដីសម្បូរដោយសម្បត្តិធម្មជាតិមួយដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្ដែភ្ញៀវទេសចរជាតិ និងអន្តរជាតិហាក់មើលរំលង និងទៅហួសមកហួស ដោយសារតែខេត្តនេះមិនទាន់រៀបចំអភិវឌ្ឍន៍តំបន់រមណីយដ្ឋានដែលមានស្រាប់ឲ្យក្លាយជាតំបន់ទាក់ទាញនៅឡើយ ។ ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីប្រែមុខមាត់ថ្មី និងកំពុងតែរត់ប្រណាំងប្រកួតប្រជែងជាមួយបណ្តាខេត្តដទៃទៀត ខេត្តកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យទេសចរណ៍ផងដែរ ។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានរមណីយដ្ឋានទេសចរណ៍ចំនួន១០កន្លែង រួមទាំងផលិតផលទេសចរណ៍ដែលកើតឡើងថ្មីៗមួយចំនួនទៀត កំពុងតែបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរ ប្រសិនបើមិនបានទៅលេងគួរឲ្យស្ដាយ ពិសេសក្នុងរដូវភ្ជុំបិណ្ឌនេះ ។
លោក សៅ សារ៉ាន់ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្នបាននិងកំពុងកែប្រែមុខមាត់លើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏កំពុងតែស្ថិតនៅក្នុងជួរនៃការប្រឡងប្រណាំងជាមួយបណ្តាខេត្តដទៃទៀតផងដែរ ។ ផ្តើមពីនោះហើយ ទើបភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ចាប់ផ្ដើមមកសម្រាកកម្សាន្តនិងទស្សនាខេត្តកំពង់ស្ពឺ មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ។ លោកបានបញ្ជាក់ថា ៖« ទូទាំងខេត្តមានរមណីយដ្ឋានចំនួន១០កន្លែង ក្នុងនោះក៏មានផលិតផលទេសចរណ៍ថ្មីមួយចំនួនផងដែរ »។ លោកថា ៖«រមណីយដ្ឋានទាំង១០នោះរួមមាន រមណីយដ្ឋានប្រភេទកែច្នៃ២កន្លែងគឺ អំពែភ្នំ និងវីគីរីរម្យផាញរីសត (A2Aថោន) ។ បន្ទាប់មក រមណីយដ្ឋានអេកូទេសចរណ៍ជីវៈចម្រុះមាន៤កន្លែង គឺទឹកធ្លាក់ចំបក់ ,ទឹកធ្លាក់ភ្នំជ្រាវ ក្នុងនោះឧទ្យានជាតិគីរីរម្យ ក៏ត្រូវបានបែងចែកជា២ប្រភេទ គឺមណ្ឌលសាសនា និងរមណីយដ្ឋាន គីរីរម្យក្រោម ( អូរំចត ) »។ លោកបន្ដថា ៖« ទន្ទឹមនោះរមណីយដ្ឋានប្រភេទបុរាណវិទ្យាមាន២កន្លែងគឺ ភ្នំចាស់ និងភ្នំព្រះ ខណៈដែលរមណីយដ្ឋានប្រភេទប្រវត្តិសាស្ត្រ និងធម្មជាតិមាន១កន្លែង គឺទេទឹកពុះ និងរមណីយដ្ឋាន ប្រភេទកីឡា មាន១កន្លែងគឺទីលានកីឡាវាយកូនហ្គោល »។
លោកប្រធានមន្ទីរ បានបន្ថែមថា ចំពោះទីធ្លាសួនច្បារ, បរិវេណសួនកុមារខាងកើត, ទីលានកីឡា, ផ្សាររាត្រី, ទំនប់តាអួន ដងស្ទឹងព្រែកត្នោត,កន្លែងហាត់ប្រាណ និងសួនកុមារខាងលិចវិមានឯករាជ្យ ដែលទើបកសាងឡើងក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ក៏កំពុងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករផងដែរ គឺប្រមាណពី២.៥០០ ដល់៣.០០០នាក់ក្នុងមួយថ្ងៃៗ ។
លោក សៅ សារ៉ាន់ បានបញ្ជាក់បន្ថែមថា ចំពោះសេវាស្នាក់នៅសរុបទូទាំងខេត្តបច្ចុប្បន្ន នេះមាន១២៨កន្លែង ក្នុងនោះសណ្ឋាគារចំនួន៥កន្លែង ផ្ទះសំណាក់ចំនួន៣៥កន្លែង ផ្ទះជួលចំនួន ៨៨កន្លែង, មណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យចំនួន២៨កន្លែង ។ ដោយឡែក សេវាម្ហូបអាហារដូចជា ភោជនីយដ្ឋាន និងអាហារដ្ឋានមានចំនួន៨០កន្លែង ខណៈដែលសេវាសុខភាព ម៉ាស្សាមានចំនួន៣កន្លែង ។
ក្នុងរយៈពេល៩ខែឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សនាខេត្តកំពង់ស្ពឺមានចំនួន២២៥.៧៣៦នាក់ កើនឡើង ប្រមាណ១៥% បើធៀបនឹងគ្រាដូចគ្នានៃឆ្នាំ២០១៧ ។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន១១.៤៨៣នាក់ កើនឡើងប្រមាណ៤% បើធៀបរយៈពេលដូចគ្នានៃឆ្នាំមុន ។ នេះបើតាមលោកប្រធានមន្ទីរបានបង្ហាញ ។ លោកបន្តថា វិស័យទេសចរណ៍នៅខេត្តកំពង់ស្ពឺក៏បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ សំខាន់យុវជន យុវនារី បានចូលបម្រើការងារក្នុងវិស័យអាទិភាពមួយនេះ បានចំនួន២.៨៣០នាក់ផងដែរ ក្នុងនោះស្រី៩៨០នាក់ ហើយក៏នឹងបានផ្តល់ឱកាសការងារជាបន្តបន្ទាប់ទៀត ខណៈដែលវិស័យទេសចរណ៍ក្នុងខេត្តកំពុងមានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលចុងក្រោយនេះ ។
លោក សៅ សារ៉ាន់ បានបញ្ជាក់ថា ប្រសិនបើភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនាឬ សម្រាកកម្សាន្តនៅខេត្តកំពង់ស្ពឺដែលកំពុងប្រែមុខមាត់ថ្មីនោះ នឹងធ្វើឲ្យភ្ញៀវជាតិអន្តរជាតិប្លែកអារម្មណ៍ សប្បាយរីករាយ ដែលវាខុសឆ្ងាយពីស្ថានភាពខេត្តកំពង់ស្ពឺនាពេលកន្លងទៅ។ ដូច្នេះ បើមិនបានមកលេងពិតជាគួរឲ្យស្ដាយ។ លោកថា ៖« បើភ្ញៀវធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺ ហើយ មិនឆ្លៀតចូលមួយភ្លែតនោះ នឹងស្ដាយក្រោយ ព្រោះសព្វថ្ងៃអ្វីៗពិតជាប្លែកចម្លែកអារម្មណ៍ ខុសពីឆ្នាំមុនៗឆ្ងាយណាស់ »៕
ចែករំលែកព័តមាននេះ