ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​2​ទៀត​រំពឹង​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​នៅ​ដំណាច់ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ នឹង​មាន​ក្រុមហ៊ុន​២​ទៀត​នឹង​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដើម្បី​បោះផ្សាយ​លក់​ភាគហ៊ុន​ដល់​សាធារណជន ។ នេះ​បើ​តាម​ការ​អះអាង​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។ លោក ហុង…

រាជធានី​ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ នឹង​មាន​ក្រុមហ៊ុន​២​ទៀត​នឹង​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដើម្បី​បោះផ្សាយ​លក់​ភាគហ៊ុន​ដល់​សាធារណជន ។ នេះ​បើ​តាម​ការ​អះអាង​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។

លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ថា បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ចំនួន​៥​ហើយ​ដែល​បាន​ចុះបញ្ជី និង​កំពុង​ដំណើរការ​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​ខ្លួន​នៅ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ហើយ​រំពឹង​ថា នឹង​មាន​ក្រុមហ៊ុន​ថ្មី​២​ផ្សេង​ទៀត​ដែល​នឹង​អាច​រៀបចំ​ខ្លួន​រួចរាល់​នៅ​មុន​ដំណាច់ឆ្នាំ​នេះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នឹង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​គ្រោង​រៀបចំ​ខ្លួន​នៅ​ដើមឆ្នាំ​ក្រោយ ។

លោក​លើក​ឡើង​ថា ៖« បច្ចុប្បន្ន​នេះ ការ​ជួញដូរ​ប្រចាំ​ថ្ងៃ​មាន​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ជិតខាង​គឺ​នៅ​ទាប​ជាងគេ​ឆ្ងាយ ប៉ុន្តែ​វា​មាន​ទំនោរ​កើនឡើង​គួរ​ឲ្យ​គត់​សម្គាល់ ហើយ​យើង​រំពឹង​ថា ការ​ជួញដូរ​នឹង​សកម្ម​ថែម​ទៀត​នា​ពេល​ខាង​មុខ នៅ​ពេល​ដែល​មាន​ក្រុមហ៊ុន​ចុះបញ្ជី​កាន់តែ​ច្រើន »​។
លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា មាន​ប្រសាសន៍​ថា ចាប់ពី​ឆ្នាំ​២០១២​មក យើង​មាន​ផលិតផល​តែ​១​ប្រភេទ​គឺ​ភាគហ៊ុន​ដែល​បោះផ្សាយ​លក់​ដោយ​ក្រុមហ៊ុន​ចំនួន​៥ ហើយ​ក្រុមហ៊ុន​ទី​៦​រំពឹង​ថា​នឹង​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ចំណែក​ក្រុមហ៊ុន​ទី​៧​បាន​ដាក់​លិខិត​មក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ហើយ​ខ្ញុំ​កំពុង​តែ​ពិនិត្យ​មើល​នីតិវិធី ដើម្បី​ជំរុញ​បាន​ចូល​ទីផ្សារ​បាន​កាន់តែ​ឆាប់ »​។
លោក​បញ្ជាក់​ថា ៖« បើសិនជា​អ្វី​ៗ​ដំណើរការ​បាន​ល្អ នឹង​មាន​ក្រុមហ៊ុន​២​ទៀត​នឹង​ចូល​ផ្សារ​ហ៊ុន​នៅ​មុន​ដំណាច់ឆ្នាំ​២០១៨​នេះ »​។ លោក​បន្ដ​ថា ៖« បច្ចុប្បន្ន​នេះ ក្រៅពី​បង្កើន​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ យើង​បាន​ធ្វើ​ពិពិធ​កម្ម ដោយ​បង្កើត​នូវ​ប្រភេទ​ផលិតផល​ដែល​អាច​ជួញដូរ​បាន​នៅ​ក្នុង​ទីផ្សារ​មាន​សញ្ញាប័ណ្ណ ដោយ​ក្រុមហ៊ុន​ហត្ថា​កសិករ​ដែល​នឹង​ធ្វើការ​អនុម័ត​ឡើង​នៅ​ស​ប្តា​ហ៍​ក្រោយ »​។

អ្នកស្រី ហ៊ លី​គា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានឱ្យ​ដឹង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​(​តេ​ឡេ​ក្រាម​)​ឱ្យ​ដឹង​ថា ទាក់ទង​ក្រុមហ៊ុន​ថ្មី​២​ដែល​គ្រោង​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដើម្បី​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​នា​ពេល​ខាង​មុខ​នេះ គឺ​មាន​ក្រុមហ៊ុន Pestech ដែល​មាន​ក្រុមហ៊ុនមេ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ក្រុមហ៊ុន Asa ជា​ភាគហ៊ុន​និករ​បស់​ធនាគារ​អេ​ស៊ី​លី​ដា »​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី និង​កំពុង​បោះផ្សាយ​លក់​ភាគហ៊ុន​រួម​មាន រដ្ឋាករទឹក​ស្វា​យ័​ត​ក្រុងភ្នំពេញ (PWSA) បាន​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​១៨ មេ​សា ឆ្នាំ​២០១២, ហ្គ្រេ​ន ធ្វី​ន អុ​ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី​(GTI) បាន​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៤,​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​(PPAP) បាន​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៥ ,​ភ្នំពេញ​អេសអុ​ី​ហ្សិត ភី​អិ​ល​ស៊ី​(PPSP) បាន​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១៦ និង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​(PAS) ដែល​បាន​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ