ដដែលៗ! ពលរដ្ឋក្តៅក្រហាយ… ទាំងហ្វូងដេញវ័ធគ្នាពេញផ្លូវ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កូនគោមេមួយក្បាលក្នុងចំណោមគោមួយហ្វូង ត្រូវគ្រួសារមួយដេញចាប់ប្រគល់ឲ្យនគរបាលរក្សាទុក ដើម្បីឲ្យម្ចាស់ចេញមុខទទួលខុសត្រូវ ព្រោះលែងចេញយ៉ាងអាណាធិបតេយ្យបង្កគ្រោះថ្នាក់ចរាចរណ៍របួសយុវជនម្នាក់ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី៣០ កញ្ញា ២០១៨ លើដងផ្លូវបេតុង…
មុនឈានដល់ការដេញចាប់គោមួយក្បាលខាងលើប្រគល់ឲ្យសមត្ថកិច្ចនេះ គឺយុវជនម្នាក់ឈ្មោះ នាម ឌីណា អាយុ២០ឆ្នាំ កំពុងជិះម៉ូតូម៉ាក MSX ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ មកពីទិសខាងកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែគោមួយហ្វូងដើរតាមដងផ្លូវដេញវ័ធគ្នាកៀកក្បែរម៉ូតូ បណ្តាលឲ្យដួលបង្ករបួសស្នាមលើយុវជន ហើយម៉ូតូក៏ខូចថែមទៀត។
ក្រោយពេលកើតហេតុសាច់ញាតិជនរងគ្រោះនាំគ្នាដេញចាប់គោទាំងនោះ ប៉ុន្តែគោធំៗចាប់មិនបានទេ ព្រោះខ្លាចវាវ័ធទៀត ក៏ចាប់កូនគោមេមួយក្បាលក្នុងចំណោមគោទាំងហ្វូងនោះ។ ដំបូងចងខ្សែដឹក តែគោនោះមិនដើរចេះតែរត់ពេញផ្លូវ ដោយខ្លាចបង្កបញ្ហាដល់អ្នកដំណើរថែមទៀត ក៏នាំគ្នាចងជើងលើកដាក់រថយន្តដឹកយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតរក្សាទុក ដើម្បីឲ្យម្ចាស់ចេញមុខដោះស្រាយតែម្តង។
គួរបញ្ជាក់ថា រឿងហ្វូងគោដើរដេកអាណាធិបតេយ្យនៅក្រុងប៉ោយប៉ែតនេះ កើតមានជាដដែលៗយូរមកហើយធ្វើឲ្យពលរដ្ឋកើតការក្តៅក្រហាយ ជាពិសេសអ្នកធ្វើដំណើរពេលយប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែមិនដឹងថា ម្ចាស់គោខ្សែធំប៉ុណ្ណា ទើបលែងគោទាំងហ្វូងៗដើរដេកអាណាធិបតេយ្យគ្មានអ្នកគង្វាលឲ្យបានត្រឹមត្រូវយ៉ាងដូច្នេះ។ ហើយកន្លងមក សមត្ថកិច្ចបានចាប់គោរកម្ចាស់អប់រំ និងផាកពិន័យដែរ តែមិនដឹងយ៉ាងម៉េចហ្វូងគោនៅតែមានដេកដើរតាមដងផ្លូវដដែល។
ករណីចាប់គោប្រគល់ឲ្យនគរបាលរក្សាទុករកមុខម្ចាស់ខាងលើ ត្រូវបាននគរបាលជំនាញចរាចរណ៍ក្រុងប៉ោយប៉ែត បានប្រាប់តាមប្រព័ន្ធវ៉សអាប់នៅព្រឹកថ្ងៃទី០២ ខែសីហានេះថា មិនទាន់មានម្ចាស់គោចេញមុខដោះស្រាយនៅឡើយទេ ហើយកូនគោមេមួយក្បាលនោះក៏ស្ថិតនៅប៉ុស្តិ៍រដ្ឋបាលដដែល៕

ចែករំលែកព័តមាននេះ