ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​អាណត្តិ​ដល់​ការិយាល័យ​សិទ្ធិ​មនុស្ស អ​.​ស​.​ប 2​ឆ្នាំ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក លោក​អគ្គ​លេខា​ធិ​ការ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក លោក​អគ្គ​លេខា​ធិ​ការ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) បាន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​របស់សម្តេច​តេ​ជោ ក្នុង​ជំនួប​នេះ​អគ្គលេខាធិការអ​.​ស​.​ប លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) បាន​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​រវាង អ​.​ស​.​ប និង​កម្ពុជា ក៏​ដូច​ជា​រវាង អ​.​ស​.​ប ជាមួយ​អាស៊ាន គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។

លោក​អគ្គលេខាធិការ​បន្ត​ថា អ​.​ស​.​ប មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង អ​.​ស​.​ប ជាមួយ​កម្ពុជា ក៏​ដូច​ជា​រវាង អ​.​ស​.​ប ជាមួយ​អាស៊ាន ។ក្នុង​ជំនួប​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន
បាន​លើក​សំណើ​ចំនួន​៣​ទៅ​កាន់​លោក​អគ្គលេខាធិការ អ​.​ស​.​ប និង​ទទួល​បាន​នូវ​ការ​ឯកភាព​ពី​លោក​អគ្គលេខាធិការ​ក្នុង​នោះ ៖ទី​១-​ពាក់ព័ន្ធ​ទៅ​នឹង​ការិយាល័យ​អង្គការ​សិទ្ធិមនុស្ស​របស់ អ​.​ស​.​ប នៅ​កម្ពុជា ដែល​គ្រោង​នឹង​ចប់​កិច្ចព្រមព្រៀង​នៅ​ចុងឆ្នាំ​២០១៨​នេះ សម្តេច​បាន​អនុញ្ញាត​ឲ្យ​បន្ត​រយៈពេល​២​ឆ្នាំ​ទៀត ហើយ​នៅ​ក្នុង​ខែតុលា​ខាង​មុខ គឺ​នៅ​ពេល​ដែល​សម្តេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សឺ​ណែវ​នោះ នឹង​មានការ​ចុះហត្ថលេខា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ជាមួយនឹង​តំណាង​ស្នងការ​សិទ្ធិ​មនុស្ស​នៃ​អ​.​ស​.​ប ។

សម្តេច​តេ​ជោ​បន្ត​ថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពេញលេញ​ក្នុង​ការ​បន្ត​ធ្វើ​ការងារ​ជាមួយ អ​.​ស​.​បស្តី​ពី​សិទ្ធិ​មនុស្ស ។ទី​២-​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​លើកពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង អ​.​ស​.​ប ស្តី​ពី​សាលាក្តី​ខ្មែរក្រហម​នៅ​កម្ពុជា ។កម្ពុជា​នឹង​បន្តសកម្មភាព​ទាំងនោះ ដូច​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​ធ្វើ និង​អនុវត្ត​កាលពី​ពេល​មុន​ៗ គឺ​មាន​ន័យ​ថា អ​.​ស​.​ប បាន​ស្នើ​ឲ្យ​កម្ពុជា​បន្ត​បង់​ថវិកា​លើ​ការ​ចំណាយ​របស់​មន្ត្រី​បុគ្គលិក​កម្ពុជា ដែល​ធ្វើការ​នៅ​សាលាក្តី​ខ្មែរក្រហម ។ ទី​៣-​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ចូលរួមឲ្យ​កាន់តែ​សម្រេច​បាន​ថែម​ទៀត​នូវ​បេសកកម្ម​នៃ​ការ​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប ថា​តើ​ប្រទេសណា​ទៀត​ដែល​ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​បំពេញបេសកកម្ម​មនុស្សធម៌​នៅ​ក្រោម​ឆត្រ​របស់​អ​.​ស​.​ប ។

ក្នុង​ឱកាស​នោះ លោក​អគ្គលេខាធិការ អ​.​ស​.ប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុតជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បានបន្ត​អាណត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៃ អ​.​ស​.​ប ប្រចាំ​កម្ពុជា​រយៈពេល​២​ឆ្នាំ​ទៀត ។ លើ​ចំណុច​ទី​២ និង​ទី​៣ គឺ​លោក​អគ្គលេខាធិការ​មាន​ប្រសាសន៍​ថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ជួយ​ដល់ អ​.​ស​.​ប ពិសេស​វត្តមាន​កងទ័ពមួក​ខៀវ​ដែល​ពោរពេញ​ទៅ​ដោយ​វិន័យ និង
មាន​សមត្ថភាព​ពេញលេញ​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ថែរក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អ​.​ស​.​ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ