ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ​១​ជីវិត​ប្រាថ្នា​ទៅ​ជួប​អតីត​ប្តី​វិញ

5 ឆ្នាំ មុន

តើ​មានដំណើរ​រឿង​ដូច​ម្តេច​បានជា​ស្ត្រី​ម្នាក់​នេះ​ប្រឹង​ធ្វើបុណ្យ​សន្សំ​កុសល​ប្រាថ្នា​តែ​ម្យ៉ាង​គឺ​ទៅ​ជួប​ប្តី​ដើម ? នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​មាន​សម្តែង​ថា កាលនោះ​មាន​ទេវបុត្រ​មួយ​អង្គ​នាម​មាលាភារី នាំ​ពួក​ស្ត្រី​ទេពអប្សរ​បវរកញ្ញា​មួយ​ពាន់​អង្គ​ទៅ​ក្រសាល​នៅ​ក្នុង​ឧទ្យាន​នា​ឋាន​តា​វ​តឹ​ង្ស​។ កញ្ញា​អប្សរ​៥​រយ​អង្គជា​អ្នក​ឡើង​បេះ​ផ្កា ឯ​៥​រយ​អង្គ​ទៀត​ជា​អ្នក​រើស​យក​មក​ប្រដាប់​ឲ្យ​ទេវបុត្រ ។ ពួក​អប្សរ​ដែល​ឡើង​បេះ​ផ្កា​ទាំងនោះ មាន​ទេពអប្ស​មួយ​អង្គ​រអិល​ធ្លាក់​ចុះ​មករ​លត់​ជីវិត​ដូច​អណ្តែត​ប្រទីប​ត្រសែត​នៅ​លើ​អាកាស​។…

តើ​មានដំណើរ​រឿង​ដូច​ម្តេច​បានជា​ស្ត្រី​ម្នាក់​នេះ​ប្រឹង​ធ្វើបុណ្យ​សន្សំ​កុសល​ប្រាថ្នា​តែ​ម្យ៉ាង​គឺ​ទៅ​ជួប​ប្តី​ដើម ?

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​មាន​សម្តែង​ថា កាលនោះ​មាន​ទេវបុត្រ​មួយ​អង្គ​នាម​មាលាភារី នាំ​ពួក​ស្ត្រី​ទេពអប្សរ​បវរកញ្ញា​មួយ​ពាន់​អង្គ​ទៅ​ក្រសាល​នៅ​ក្នុង​ឧទ្យាន​នា​ឋាន​តា​វ​តឹ​ង្ស​។ កញ្ញា​អប្សរ​៥​រយ​អង្គជា​អ្នក​ឡើង​បេះ​ផ្កា ឯ​៥​រយ​អង្គ​ទៀត​ជា​អ្នក​រើស​យក​មក​ប្រដាប់​ឲ្យ​ទេវបុត្រ ។ ពួក​អប្សរ​ដែល​ឡើង​បេះ​ផ្កា​ទាំងនោះ មាន​ទេពអប្ស​មួយ​អង្គ​រអិល​ធ្លាក់​ចុះ​មករ​លត់​ជីវិត​ដូច​អណ្តែត​ប្រទីប​ត្រសែត​នៅ​លើ​អាកាស​។ វិញ្ញាណ​នាង​អណ្តែតត្រសែត​រេរក​ភព​ថ្មី បាន​មក​កើត​ក្នុង​ត្រកូល​មួយ​នា​ក្រុង​សាវត្ថី ជា​ស្ត្រី​រលឹក​ឃើញ​ជាតិ​។ ចាប់តាំងពី​កើតមក​ហើយ​នឹក​រឿយ​ៗ​ថា អញ​ជា​ភរិយា​នៃ​មាលាភារី​ទេវបុត្រ លុះ​ដឹងក្តី​ចម្រើន​វ័យ​កាលណា តែង​ធ្វើបុណ្យ​ទាន បូជា​ដោយ​ផ្កា និង​គ្រឿងក្រអូប​ជាដើម ប្រាថ្នា​ឲ្យ​កើត​ក្នុង​សំណាក់​អតីត​ប្តី​មាលាភារី​ទេវបុត្រ​វិញ ។

លុះ​នាង​មាន​អាយុ​១៦​ឆ្នាំ មាតាបិតា​បាន​ឲ្យ​នាង​មាន​ប្តី នាង​តែង​ចាត់ចែង​ទាន​ផ្សេង​ៗ មាន​ភត្តាហារ និង​សាដក​ចាំ​វស្សា​ជាដើម​ប្រគេន​ដល់​ព្រះ​ភិក្ខុ​ស​ង្ស ហើយ​តែង​សច្ចា​ប្រាថ្នា​ថា សូម​ចំណែក​បុណ្យ​នេះ​បានជា​បច្ច័យ​នៃ​ការ​កើត​ក្នុង​សំណាក់​អតីត​ប្តី​របស់ខ្ញុំ​។ ភិក្ខុ​ទាំងឡាយ​ក៏​កំណត់​នាម​ឲ្យ​នាង​នោះ​ថា ប​តិ​បូ​ជិ​កា ព្រោះ​នាង​ធ្វើបុណ្យ​កុសល​អ្វី​ៗ តែង​ប្រាថ្នា​ទៅ​ជួបនឹង​ប្តី​ដើម​ជា​និច្ច ។

នាង​ប​តិ​បូ​ជិ​កា​តែង​បោសសំអាត​អាសនសាលា ដងទឹក​មក​តម្កល់​ទុក​និង​ក្រាល​អាសនៈ​ជា​និច្ច សម្រាប់​ព្រះ​ភិក្ខុសង្ឃ​ទាំងឡាយ​ដោយ​ចិត្ត​ត្រេកអរ ព្រោះ​ការ​ដើរទៅ​មក ជួយ​ចាត់ចែង​ទាន​នេះ តែង​បាន​អានិសង្ស​រាល់​ៗ​ជំហាន ។

នាង​ប​តិ​បូ​ជិ​កា​មានកូន​៤​នាក់ នាង​តែង​ឲ្យ​ទាន ស្តាប់ធម៌​ទេសនា រក្សា​សិក្ខាបទ​តាម​ប្រក្រតី​រហូត​ដល់​ជីវិត​ចុង​ក្រោយ ស្លាប់​ទៅ​បាន​ទៅ​កើត​ក្នុង​សំណាក់​មាលាភារី​ទេវបុត្រ​ជា​ប្តី​របស់​នាង​នៅ​នា​ឋាន​តា​វ​តឹ​ង្ស​ដូច​ក្តី​បំណង​មែន ។
ចំណែក​ទេវបុត្រ​ឃើញ​នាង​ទៅ​កើត​ដូច​ដើម​វិញ ក៏​ពោល​សួរ​ថា តាំងពី​ព្រឹក​រហូត​ទល់​ល្ងាច ម្តេច​ក៏​មិនឃើញ​នាង​សោះ តើ​នាង​ទៅ​ណា? បពិត្រ​លោក​ម្ចាស់ ខ្ញុំ​ច្យុត​ចាក​ឋាន​ទេវលោក​នេះ ។

ច្យុត​ទៅ​កើត​នៅ​ទីឋាន​ណា? ទៅ​កើត​ក្នុង​ត្រកូល​មួយ​នា​ក្រុង​សាវត្ថី ។ ទៅ​កើត​នៅ​ទីនោះ​អស់​កាល​ប៉ុន្មាន? តាំងពី​ខ្ញុំ​ចុះ​ចាប់បដិសន្ធិ​គម្រប់​១០​ខែ ក៏​ប្រសូត ដល់​អាយុ​១៦​ឆ្នាំ​មាតាបិតា​ខ្ញុំ​លោក​ឲ្យ​មាន​ប្តី​ខ្ញុំ​ទៅ​នៅ​រួមរស់​ជាមួយ​ប្តី​បានកូន​៤ ហើយ​តែង​ធ្វើបុណ្យ​ឲ្យ​ទាន ប្រាថ្នា​ឲ្យ​មក​កើត​ក្នុង​សំណាក់​លោក​ម្ចាស់​វិញ​។

មនុស្ស​ទាំងឡាយ​មាន​អាយុ​ប៉ុន្មាន​ឆ្នាំ? ត្រឹមតែ​មួយ​រយ ឆ្នាំ​ប៉ុណ្ណោះ​យ៉ាងច្រើន ។ មនុស្ស​ទាំងឡាយ​មាន​អាយុ​មួយ​ឆ្នាំ​នេះ សុទ្ធតែ​ជា​អ្នក​ដេក​លក់​ដោយ​សេចក្តី​ប្រមាទ ឬ​ក៏​មាន​ធ្វើបុណ្យ​ទាន​អ្វី​ដែរ? មនុស្ស​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​មាន​សេចក្តី​ប្រមាទ ព្រោះ​ប្រកាន់​ថា អាយុ​មួយ​រយ​នេះ​ហាក់ដូច​ជាមួយ​អសង្ខេយ្យ ហាក់ដូចជា​មិន​ចេះ​ចាស់​មិន​ចេះ​ស្លាប់​អ៊ីចឹង ។

គ្រាន់តែ​ឮ​សម្តី​នាង​ប​តិ​បូ​ជិ​កា​បែប​នេះ មាលាភារី​ទេវបុត្រ​មាន​សេចក្តី​សង្វេគ​កើតឡើង​ក្នុង​ចិត្ត​ភ្លាម លាន់​វាចា​ថា ឱ​ហ្ន៎​! មនុស្ស​ទាំងឡាយ​សុទ្ធសឹងតែ​ជា​អ្នក​លិចលង់​ក្នុង​ការ​ប្រមាទ តើ​កាលណា​ទើប​រួច​ផុត​ពី​សេចក្តី​ទុក្ខ ។