ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដែនដី​ឱ្យ​ពលរដ្ឋ​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ទិញ​ដី​ឬ​លក់​ដី​ឡូត៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី គ​រូប​នី​យ​កម្ម និង​សំណង់ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង មុន​នឹង​សម្រេច​ទិញ ឬ​លក់​ដីធ្លី បន្ទាប់​ពី​ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី គ​រូប​នី​យ​កម្ម និង​សំណង់ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង មុន​នឹង​សម្រេច​ទិញ ឬ​លក់​ដីធ្លី បន្ទាប់​ពី​ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា ការ​ពុះ​ដី​ឡូត៍ លក់​បច្ចុប្បន្ន ហាក់​មាន​ភាព​អនាធិបតេយ្យ​យ៉ាង​ខ្លាំង និង​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ។

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្រកាស​ស្តី​ពី​ការ​អភិវឌ្ឍ​ដី កាលពី​ពេល​ថ្មី​ៗ​នេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម បាន​បញ្ជាក់​ថា បន្ទាប់​ពី​ក្រសួង​រៀបចំ​ដែនដី​បាន​អនុម័ត​ប្រកាស ត្រូវ​អនុវត្ត​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ដី​ទាំងអស់ រួម​ទាំង​ការ​ពុះ​ដី​ឡូត៍ ជា​គម្រោង​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ដី ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី ឬ​ពីសា​លា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ ទៅ​តាម​ទំហំ​សមត្ថ​កិច្ច។

លោក​បន្ត​ថា ៖« ប្រកាស និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ច្រើន​ទៀត​របស់​ក្រសួង ជា​បទដ្ឋាន​គតិ​យុ​ត្ត​ទាក់ទង​ទាំងអស់ ទាំង​វិស័យ​ឯកជន និង​វិស័យ​វិជ្ជាជីវៈ ហើយ​គ្រប់​សាធារណជន និង​ឯកជន ត្រូវ​តែ​គោរព​តាម​គោលការណ៍​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ហើយ​ក្នុង​ករណី​ដែល​មិន​គោរព​តាម​ក្រសួង គឺ​មាន​តែ​ការ​ដាក់​ទណ្ឌកម្ម ដល់​អ្នកលក់​ដី​ឡូត៍​បោកប្រាស់​តែ​ម្តង »​។

លោក ប៉ែន សុផល បន្ដ​ទៀត​ថា តាម​គោលការណ៍​ច្បាប់​ភូមិបាល បាន​ផ្តល់​កម្មសិទ្ធិ ហើយ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​ជា​ប្រព័ន្ធ និង​ដាច់​ដោយ​ដុំ ដូចនេះ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ពិនិត្យ​មើល​មុន​នឹង​ទិញ ថា​ដី​នោះ​ពិតជា​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ជា​ដី​របស់​អ្នក​ដែល​បាន​លក់ ពិតប្រាកដ​ឬ​យ៉ាងណា ។

បញ្ហា​ដី​ឡូត៍​បច្ចុប្បន្ន​ជា​រឿង​ស្មុគស្មាញ​មួយ ដោយសារ​ការ​ពុះ​ដី​ឡូត៍​ធ្វើ​ឡើង​ដោយ​អនាធិ​បតេយ្យ ដោយ​មិន​មាន​ប្លង់​ប្រើប្រាស់​ដី មិន​មាន​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​សម​ស្រប និង​តាម​ស្តង់ដា​ឡើយ ពិសេស​មាន​អ្នក​ពុះ​ដី​ឡូត៍​មួយ​ចំនួន បាន​បោកប្រាស់​អតិថិជន ដោយ​​យក​ដី​គេ​មក​លក់ គ្រាន់តែ​បាន​កក់​ប្រាក់​ដល់​ម្ចាស់​ដី​តិចតួច​ប៉ុណ្ណោះ ។

ដើម្បី​ជៀង​វាង​ការ​ចាញ់បោក​ពី​ក្រុម​ជនខិលខូច​មួយ​ចំនួន​ដែល​កំពុង​ឆ្លៀតឱកាស​ពី​វិស័យ​នេះ អ្នកជំនាញ​អចលនទ្រព្យ​និង​សេដ្ឋកិច្ច​សង្គម ឲ្យ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ត្រូវ​តែ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​វិនិយោគ​ដីធ្លី ។

អ្នកជំនាញ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​សង្គម លោក ង៉ែត ជូ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ពេល​ពលរដ្ឋ​មិនសូវ​ឈ្វេងយល់ និង​តាមដាន​ព័ត៌មាន​ជាក់លាក់ នឹង​ធ្វើ​ឲ្យ​ការ​វិនិយោគ​មាន​ហានិភ័យ​ខ្ពស់ ។

លោក​បន្ត​ថា ៖« ការ​សិក្សា​រៀនសូត្រ និង​ប្រមូល​ព័ត៌មាន​បាន​ត្រឹមត្រូវ ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ និង​អាច​កាត់​បន្ថយ​ឬ​បញ្ចៀស​បាន​នូវ​ហានិភ័យ ជា​ជាង​ការ​វិនិយោគ​បែប​ប្រថុយប្រថាន ព្រោះ​ការ​វិនិយោគ​ដែល​ពឹង​លើ​ព្រេងសំណាង មិនមែន​ជា​ជម្រើស​របស់​អ្នក​វិនិយោគ​ឆ្លាត​វៃ​នោះ​ឡើយ » ។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ការ​វិនិយោគ​អចលនទ្រព្យ​ក៏​មិន​ជោគជ័យ​ដែរ ប្រសិនជា​ការ​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំងនេះ ហេតុនេះ​ពួក​គេ​ត្រូវ​តែ​ដឹង​ពី​ចំណុច​ទាំង​៥​ដូច​ខាងក្រោម ៖

១- មិន​បានដឹង​ថា ដីធ្លី​ជា​ទ្រព្យសកម្ម​រយៈពេល​វែង (Long Term Asset) ហើយ​យល់​ថា​ទិញ​១​រយៈពេល​ខ្លី រួច​លក់​យកចំណេញ ។ ចំណុច​នេះ លោក ងែ​៉​ត ជូ បញ្ជាក់​ថា ៖ «តាម​​ពិត ទ្រព្យសកម្ម​រយៈពេល​វែង មិន​អាច​(​ឬ​ពិបាក​) លក់​យក​ជា​សាច់ប្រាក់​ក្នុង​រយៈពេល​ខ្លី​(​តិច​ជាង​១​ឆ្នាំ​)​ណាស់ »​។

២- វិនិយោគ​នៅ​ពេល​ទីផ្សារ​ពុះកញ្ជ្រោល​ខ្លាំង ចេះ​តែ​តាម​គេ​តាម​ឯង គ្មាន​គោលដៅ​ច្បាស់លាស់ ។ ការ​វិនិយោគ​បែប​ហ្នឹង ងាយ​នឹង​បរាជ័យ​ណាស់ ។ ចំណុច​នេះ លោក​ថា ៖« សម្រាប់​ខ្ញុំ ខ្ញុំ​ចូល​ចិត្ត​ស្ទូចត្រី​នៅ​កន្លែង​ដែល​គ្មាន​អ្នក​ស្ទូច » ។

៣- ទៅ​សំកុក​ចាំ​យូរ​ពេក ៖ កុំ​ដាំ​ដើម​ត្នោត​យក​ផ្លែ គួរ​ទិញ​ដើម​ត្នោត​ដែល​ជិត​ផ្លែ ទើប​ងាយ​បាន​ផល ។ កុំ​វិនិយោគ​ឆ្ងាយ​ពេក នាំ​កប់​យូរ ។ ត្រឹម​៣០-៤០​គីឡូម៉ែត្រ​ពី​ក្រុង​ជា​ការ​ល្អ ។

៤- ក្តាប់​ព័ត៌មាន​មិន​ជុំ ដោយ​ខ្វះ​បណ្តាញ​ទំនាក់ទំនង ។ ដោយសារ​ដីធ្លី​ជា​ទ្រព្យសកម្ម​រយៈពេល​វែង មិន​ងាយ​លក់ ការ​ក្តាប់​បាន​ព័ត៌មាន​គឺ​សំខាន់​ណាស់ ។

៥- មិន​យល់​ពី​សក្តានុពល​របស់​ដី និង​តម្រូវការ អាច​សម​នឹង​យក​ទៅ​អភិវឌ្ឍ​ជា​អ្វី? អ្នក​ណា​ជា​អ្នក​នឹង​ទិញ​បន្ដ ហើយ​គេ​មាន​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​បែប​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ