រាជធានីភ្នំពេញ ៖ យោងតាមការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន FURI TIMES SQAUREដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ បានបង្ហាញថា តម្លៃដីធ្លីនៅក្រុងព្រះសីហនុ បានកើនឡើងដល់៤.០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ពិសេសនៅតំបន់ឆ្នេរអូរឈើទាល ជាទីតាំងដែលមានសកម្មភាពទិញលក់ខ្លាំង និងថ្លៃខ្ពស់ជាងគេ ។
![Picture]()
ការសិក្សាបានរកឃើញថា ខេត្តព្រះសីហនុមានការរីកចម្រើនលឿនស្ទើរមិនគួរឲ្យជឿ និងមានកំណើនប្រជាពលរដ្ឋយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសកំណើននៃជនជាតិចិនដែលបានមកវិនិយោគ និងរស់នៅក្នុងទីក្រុងកំពុងមានសក្ដានុពលសេដ្ឋកិច្ចមួយនេះ ។
ការសិក្សាដដែលបានរកឃើញថា តម្លៃដីនៅក្រុងព្រះសីហនុបានកើនកប់ពពកតែម្ដងនៅតាមតំបន់ជាច្រើន ។ ជាក់ស្តែងដីនៅតំបន់ឆ្នេរអូរឈើទាល បានកើនតម្លៃពី១.៥០០ទៅ២.៥០០ដុល្លារកាលពីឆ្នាំ២០១៥ ប៉ុន្តែបច្ចុប្បន្នឡើងពី២.០០០ដល់៤.០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ។ ចំណែកដីនៅតំបន់អូរត្រេះ បានកើនពី៣០០ទៅ៥០០ដុល្លារកាលពីឆ្នាំ២០១៥ ដល់ចន្លោះពី១.៥០០ទៅ២.៨០០ដុល្លារក្នុង១ម៉ែត្រការ៉េផងដែរ ។
ការសិក្សានេះក៏បានរកចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាក្នុងក្រុងព្រះសីហនុ មានចំនួនចន្លោះពី៧ពាន់ទៅ៩ពាន់នាក់ក្នុង១ថ្ងៃ ផងដែរ ដោយក្នុងនោះទេសចរអន្តរជាតិម្នាក់ចំណាយ១៥០ដុល្លារក្នុង១ថ្ងៃ ហើយរយៈពេលជាមធ្យម ពួកគេស្នាក់នៅចំនួន១សប្តាហ៍ ។
ជាមួយនឹងកំណើនភ្ញៀវទេសចរជាប្រចាំនេះ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអំពាវនាវឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ បន្តវិនិយោគសាងសង់សណ្ឋាគារ ឬផ្ទះសំណាក់ក្នុងខេត្តឲ្យបានច្រើនថែមទៀត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការប្រើប្រាស់របស់ភ្ញៀវ ។
លោកបន្ដថា ៖« ជាមួយនឹងកំណើននៃការវិនិយោគ និងទេសចរណ៍ បានធ្វើឲ្យអ្នករស់នៅក្រុងព្រះសីហនុភាគច្រើនទទួលបានផលប្រយោជន៍ តាមរយៈការលក់ដីដែលមានតម្លៃកើនឡើងខ្ពស់លើសការរំពឹងទុក » ។
លោកបញ្ជាក់ថា ៖« បច្ចុប្បន្ននេះ ការជួលផ្ទះក៏ទទួលបានតម្លៃថ្លៃដែរ ដោយផ្ទះ១ល្វែងមាន៤ទៅ៥បន្ទប់ ប្រជាពលរដ្ឋអាចជួលបានចន្លោះ៤.០០០ទៅ៥.០០០ដុល្លារក្នុងមួយខែ ឬច្រើនជាងនេះ ប្រសិនជាផ្ទះស្ថិតនៅជាប់ផ្លូវឯករាជ្យ ដែលជាផ្លូវមេក្នុងទីក្រុងនេះ»។
បើតាមប្រសាសន៍ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ក្រោមការវិនិយោគរបស់វិនិយោគិនក្នុងនិងក្រៅប្រទេស ជាពិសេសគឺវិនិយោគិនមកពីប្រទេសចិន ។
លោកអភិបាលខេត្តបានថ្លែងថា ៖«ខេត្តចេះតែបន្តអភិវឌ្ឍន៍ទៅមុខកាន់តែលឿន ដោយសាររាជរដ្ឋាភិបាលបានរៀបចំខេត្តនេះឲ្យក្លាយជាតំបន់ពាណិជ្ជកម្មពហុវិស័យ ព្រោះខេត្តមានឆ្នេរស្អាត មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា និងមានជើងហោះហើរត្រង់កាន់តែច្រើនឆ្ពោះមកកាន់ខេត្តនេះ » ។ ទោះយ៉ាងនេះក្ដី លោកអភិបាលខេត្តស្នើសុំការយោគយល់ពីសំណាក់បងប្អូនដោយសារតែខេត្តកំពុងមានការអភិវឌ្ឍ វាតែងតែមានផលប៉ះពាល់បន្ដិចបន្ដួចដោយជៀសមិនរួច ។
លោកអភិបាលខេត្តបញ្ជាក់ថា ៖« ក្នុងពេលដែលផ្ទះកំពុងជួសជុល និងកែលម្អ ហើយមានភ្ញៀវមកលេងច្រើនទៀតនោះ វាប្រាកដជាធ្វើឲ្យភ្ញៀវមិនពេញចិត្តចំពោះសកម្មភាពរបស់យើង ដូចនេះហើយមានតែអត់ធ្មត់បន្តទៀត និងរង់ចាំឲ្យផ្ទះបានរួចរាល់សិន » ។
បច្ចុប្បន្នក្នុងខេត្តព្រះសីហនុមានអាជីវកម្មបែបទេសចរណ៍ជិត៩០០កន្លែង ក្នុងនោះ សណ្ឋា គារមាន៧៩, ផ្ទះសំណាក់៣៣៦, ភោជនីយដ្ឋានជាង៣០០ទីតាំង និងកាស៊ីណូកំពុងដំណើរការជាង១០០ទីតាំង ព្រមទាំងអាជីវកម្មផ្សេងៗទៀត ហើយសព្វថ្ងៃ កំពុងសាងសង់អគាពាណិជ្ជកម្ម ខុនដូ និងអាជីវកម្មជាច្រើនទៀត ដោយគ្រោងនឹងដំណើរការនៅពេលឆាប់ៗនេះ ។
កត្តាដែលខេត្តព្រះសីហនុក្លាយជាគោលដៅទាក់ទាក់ការវិនិយោគបែបនេះដោយសារតែខេត្តមានសក្តានុពលជាច្រើនដូចជា ព្រលានយន្តហោះអន្តរជាតិ, កំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា, ផ្លូវរថភ្លើង និងមានផ្លូវគោក ពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះនាពេលខាងមុខ ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានកំណត់យុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ តាមរយៈគោលនយោបាយឆ្នាំ២០១៧-២០២៥ នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង គ្រប់គ្រងដោយរដ្ឋបាលពិសេស ។ ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុ នឹងបង្កើតក្រុងមួយទៀត គឺក្រុងកោះរ៉ុង ក្នុងទិសដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។
ជាមួយគ្នានេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា-ចិន ភាគីចិនបានកំណត់យកខេត្តជាប់សមុទ្រទាំង៤ខេត្ត ស្ថិតក្នុងយុទ្ធសាស្ត្រ ផ្លូវសូត្រសមុទ្ររបស់ខ្លួន គឺខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ដែលជាផ្លូវស្របតាមមាត់សមុទ្រពីខេត្តកោះកុង រហូតដល់ខេត្តកែប អាចនឹងចាប់ផ្តើមស្ថាបនានៅពេលអនាគត ៕
ចែករំលែកព័តមាននេះ