ខេត្តក្រចេះ ៖ អាជ្ញាធរនៅឃុំកំពង់ចាម ស្រុកសំបូរ រួមមានមេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងមេភូមិទាំង៧ភូមិរួមជាមួយនឹងពលរដ្ឋជាង១ពាន់គ្រួសារអំពាវស្នើរដល់អាជ្ញាធរខេត្តឲ្យជួយពន្លឿនការដោះស្រាយលើបណ្តឹងរបស់ពួកគាត់ដែលបានប្តឹងមិនពេញចិត្តទៅនឹងសកម្មភាពរបស់ក្រុមមន្ត្រីបរិស្ថាននៃមន្ទីរបរិស្ថានខេត្តដែលកំពុងតែឈរជើងបោះទីតាំងចាំស្ទាក់យកលុយបទល្មើសដឹកជញ្ជូនឈើនៅខាងក្រោយស្រុកសំបូរថា សកម្មភាពរបស់ក្រុមមន្ត្រីទាំងនោះធ្វើមកលើពលរដ្ឋក្នុងភូមិក្នុងសកម្មភាពយ៉ាងព្រៃផ្សៃ ។
នៅក្នុងពាក្យបណ្តឹងដែលបានស្នាមមេដៃពលរដ្ឋ៧ភូមិរស់នៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ចំនួន១២៩៤គ្រួសារ បានដាក់ប្តឹងមកសាលាខេត្តក៏ដូចជាអាជ្ញាធរនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កាលពីថ្ងៃទី២០ ខែកញ្ញា ប្តឹងទៅលើមន្ត្រីបរិស្ថានខេត្តមួយរូបឈ្មោះ ញ៉ែម វិសាល មានមុខងារជានាយកដែលជម្រកសត្វព្រៃព្រៃឡង់ ។
ក្នុងបណ្តឹងនោះបានសរសេរថា សព្វថ្ងៃនេះលោក ញ៉ែម វិសាល បានដឹកនាំមន្ត្រីប្រដាប់អាវុធក៏ដូចជាក្រុមគ្រួសារមកបោះទីតាំងស្នាក់ការឈរជើងនៅចំណុចកំពតគយ ក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ គឺចាំស្ទាក់ថ្លឹងឈើយកលុយពីពលរដ្ឋដែល ដឹកអុស ដឹកឈើតាមម៉ូតូ ឬគោយន្តចេញពីព្រៃក្បែតំបន់ព្រៃឡង់ ដោយអាជា្ញធរឃុំបានលើកឡើងថា សកម្មភាពរបស់ក្រុមមន្ត្រីទាំងនោះធ្វើឡើងមកលើពលរដ្ឋប្រៀបដូចជាចោរប្លន់ ។
នៅក្នុងពាក្យបណ្តឹងដដែលបានសរសេររៀបរាប់អំពីសកម្មភាពមួយចំនួនរបស់ក្រុមមន្ត្រី បរិស្ថានទាំងនោះថា កន្លងមកពួកក្រុមមន្ត្រីទាំងនោះធ្លាប់បានចាប់កូនលោកមេភូមិធ្វើបាបព្រមានបាញ់នៅពេលដែលរកស៊ីដឹកជញ្ជូនឈើមិនបានបង់លុយឲ្យទៅពួកគេ និងសកម្ម ភាពចាប់ពលរដ្ឋក្នុងភូមិវាយដំដាក់ខ្នោះបង្អត់បាយ និងជម្រិតទាលុយដោយសារតែរកស៊ីមិន បង់លុយឲ្យទៅពួកគេគ្រប់ចំនួន ។
សកម្មភាពមួយទៀត គឺលោក ញ៉ែម វិសាល បានដឹកនាំ មន្ត្រីប្រដាប់អាវុធ ធ្វើសកម្មភាពដុតរោងបុណ្យ យករណាយន្តអារបងខ្លោងទ្វាសាលារៀននិងដុត ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងសាលារៀនដែលមានទីតាំងនៅតំបន់ ឧប្បសម្ព័ន ខាងក្រោយភូមិ ដែលពលរដ្ឋរស់នៅតាំងពីឆ្នាំ១៩៨៨មកម្លេះ ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះលោក ញ៉ែម វិសាល បានបញ្ជាឲ្យមន្ត្រីរបស់ខ្លួនចាប់ពលរដ្ឋក្រីក្រក្នុងភូមិដែលរកស៊ីដឹកជញ្ជូនឈើបន្តិចបន្តួចបាញ់សំឡុត វាយដំធ្វើបាបយ៉ាងព្រៃផ្សៃ និងជម្រិតទាប្រាក់លើសលុប តែប្រសិនបើឈ្មួញធំៗដែលបានបង់លុយគ្រប់ចំនួនគឺអាចប្រព្រឹត្តសកម្មភាពធ្វើអាជីវកម្មឈើខុសច្បាប់ចេញពីព្រៃតំបន់នោះជាលក្ខណៈទ្រង់ទ្រាយធំបានរាល់ថ្ងៃ តែសម្រាប់ពលរដ្ឋក្រីក្រ រកស៊ីដឹកឈើដែលកែច្នៃចេញពីអុសភ្លើងឆេះព្រៃគឺត្រូវរងការធ្វើបាបអត់ឈប់ឈរ ។ ព័ត៌មានពិស្តារមានផ្សាយជូនលើកាសែត កោះសន្តិភាព ៕
ចែករំលែកព័តមាននេះ