រាជធានីភ្នំពេញ ៖ បទវិភាគមួយរបស់ទីប្រឹក្សាជាន់ខ្ពស់ និងជាសមាជិកនៃគណៈកម្មាធិការសិក្សាសាកលវិទ្យាល័យបញ្ញាសាស្ត្រ លោកសាស្ត្រាចារ្យ ប៉ែន ងឿន បានប្រមើលមើលពីយន្តការដែលល្អបំផុតរបស់អាស៊ានដើម្បីធានាឱ្យមានបទឈប់បាញ់គ្នាដែលនឹងត្រូវអនុវត្ត។ លោកបានផ្តល់ការកត់សំគាល់ថា ចាប់ពីថ្ងៃទី១២ ដល់១៤ ខែកុម្ភៈ នាពេលយប់ កងទ័ពថៃបានធ្វើសកម្មភាពយោធាមិនប្រក្រតីនានា ដោយបោកគ្រាប់បែកដៃ បាញ់បេ៤០ RPG បាញ់កាំភ្លើងធំ ៦០មីល្លីម៉ែត្រ និង៨១មីល្លីម៉ែត្រ ជាច្រើនគ្រាប់នៅជុំវិញទីតាំងរបស់ខ្លួនក្នុងភាគខាងលិចភ្នំទ្រព្យ ដែលសកម្មភាពទាំងនោះបានត្រូវបង្កើនយ៉ាងខ្លាំងពីម៉ោង២១:០០ ថ្ងៃ១៥ ខែកុម្ភៈ ដល់ម៉ោង៥:០០ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១១ ដែលបានបណ្តាលឲ្យទាហានថៃខ្លួនឯងនោះរងរបួស ដោយសារតែគ្រាប់បែកជាច្រើនបានប៉ះទៅនឹងមែកឈើ ហើយធ្លាក់ត្រឡប់មកក្នុងទីតាំងរបស់ថៃវិញ។ កងទ័ពកម្ពុជាបានអត់ធ្មត់ជាទីបំផុត និងមិនបានធ្វើការតបតទេ ព្រោះការបាញ់របស់ថៃនោះមិនបានចំទីតាំងរបស់កម្ពុជាទេ ។
- ការបង្កហេតុរបស់ថៃ និងការគម្រាមកំហែងនៃសង្គ្រាម
ទោះបីជាមានការពន្យល់យ៉ាងណាក៏ដោយ ក៏សកម្មភាពដែលកើតឡើងក្នុងអំឡុងពេលនៃបទឈប់បាញ់ដែលបានព្រមព្រៀងរវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ ក្រោយពីសង្គ្រាមវាយប្រហាររបស់ថៃរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី៤ ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០១១ មកលើកម្ពុជានោះ គឺជាការបង្កហេតុផ្នែកយោធាដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាបានចេញសេចក្តីថែ្លងការណ៍មួយថា៖ «ការរំលោភបំពានលើបទឈប់បាញ់ ដោយកងកម្លាំងប្រដាប់អាវុធថៃបានបង្ហាញយ៉ាងច្បាស់ថា គោលបំណងពិតប្រាកដនៃការទាមទាររបស់ថៃឲ្យដោះស្រាយបញ្ហាក្នុងក្របខណ្ឌទ្វេភាគីនោះ គឺប្រើប្រាស់កម្លាំងយោធាដ៏មានអានុភាពខ្លាំងក្លាជាងកម្ពុជា ដើម្បីយកទឹកដីកម្ពុជាក្នុងតំបន់ជុំវិញប្រាសាទព្រះវិហារ»។ ប៉ុន្តែ ការចោទប្រកាន់របស់ថៃថា «កងទ័ពកម្ពុជា បោកគ្រាប់បែកចូលមូលដ្ឋានខាងថៃ» បង្កឱ្យពលបាលត្រី Ratchaphon Seepanya នៃកងពលលេខ១៦ មានរបួសជាទំងន់ ហើយភាគីទាំងពីរបានបាញ់កាំភ្លើងដៃដាក់គ្នាដែលបណ្តាលឲ្យទ័ពថៃ៤រូបទៀត របួសស្រាល គឺជាការប្រឌិតសុទ្ធសាធ ដើម្បីមួលបង្កាច់កងទ័ពកម្ពុជាថា ជាអ្នកវាយប្រហារ និងជាយុទ្ធនាការបំពុលបរិយាកាសរបស់ថៃល្មោភសង្រ្គាម ដើម្បីបង្ខូចកិត្តិយសរដ្ឋាភិបាលកម្ពុជា នៅលើឆាកអន្តរជាតិ ហើយនេះអាចជាផ្នែកមួយនៃគម្រោងការអាក្រក់ក្នុងការចាប់ផ្តើមយុទ្ធនាការវាយប្រហារគ្រប់មធ្យោបាយមកលើកម្ពុជា មុនថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ ក្នុងគោលបំណង ដើម្បីបង្វែរទិសដៅនៃការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្របទៅតាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រការនេះបណ្តាលឲ្យមានលទ្ធភាពខ្ពស់ដែលថា អាប់ភីស៊ីត វេចាជីវ៉ា និងកាស៊ីត ភីរម្យ ជាអ្នករ៉ាប់រងកិច្ចការពាក់ព័ន្ធផ្សេងៗរបស់ថៃ។ ថៃបានដាក់ពង្រាយទ័ពជាង២៣.០០០នាក់ ជាមួយនឹងសព្វាវុធធុនធ្ងន់រថក្រោះធុនធ្ងន់ APC និងកាំភ្លើងធំចម្ងាយឆ្ងាយក្នុងតំបន់ទល់មុខនឹងប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ ។
- អាប់ភីស៊ីត វេចាជីវ៉ា ត្រូវរៀនរាប់ឱ្យបានត្រឹមត្រូវយ៉ាងហោចណាស់ក៏ដល់៣ដែរ
នៅសមរភូមិនយោបាយ ទោះបីជាមានការអះអាងដោយកាស៊ីត ភីរម្យ និងអាប់ភីស៊ីត វេចាជីវ៉ា ថា ថៃបានឈ្នះវគ្គតទល់នៅញូវយ៉កក៏ដោយ មានអ្នកនយោបាយជើងចាស់ជាច្រើនរួមទាំងអតីតអគ្គរដ្ឋទូតថៃប្រចាំនៅអង្គការសហប្រជាជាតិ ដុន ប្រាមុដវីណៃ និងអ្នកវិភាគអន្តរជាតិជាច្រើនទទួលស្គាល់ថា បញ្ហារវាងកម្ពុជា និងថៃត្រូវបានធ្វើអន្តរជាតិនីយកម្ម ដែលឥឡូវនេះក្នុងកំរិតតំបន់ក្នុងក្របខ័ណ្ឌអាស៊ាន ប្រសិនបើមិនបានត្រូវដោះស្រាយនាពេលនេះទេ បញ្ហានេះនឹងត្រូវដោះស្រាយដោយអង្គការសហប្រជាជាតិនៅពេលក្រោយ។
អាប់ភីស៊ីត វេចាជីវ៉ា និងកាស៊ីត ភីរម្យ ពូកែខាងប្រឌិតព័ត៌មាន និងបំភ្លៃការពិត។ ពួកគេបន្តទទូចចង់បាននូវការចរចាទ្វេភាគី ខណៈដែលពិភពលោកទាំងមូលដឹងយ៉ាងច្បាស់ ប្រធានក្រុមប្រឹក្សាសន្តិសុខ Maria Luizia Ribeiro Viotti បាននិយាយថា ហើយខ្ញុំបានដកស្រង់ «ក្នុងន័យនេះ គឺថាត្រូវយើងធ្វើការដោយមានការចូលរួមសហការឲ្យបានខ្លាំងក្លាបំផុតជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ (ដែលបច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់កំពុងតែត្រូវបានអនុវត្តពេញទំហឹង) គឺគេត្រូវដោះស្រាយស្ថានការណ៍ដោយសន្តិភាព តាមរយៈកិច្ចសន្ទនាដ៏មានប្រសិទ្ធភាព»។ ក្នុងដំណើរទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី Marty Natalegawa ដែលជាប្រធានអាស៊ានបច្ចុប្បន្នបាននិយាយដោយប្រយោលថា «បញ្ហានៅទីនេះ គឺការធានាឱ្យមានការប្ដេជ្ញាចិត្តច្បាស់លាស់ពីភាគីថៃ និងកម្ពុជាសំរាប់ដំណោះស្រាយមួយប្រកបដោយសន្តិភាព»។ ប្រការនេះបានបញ្ជាក់អំពីការតម្រូវឲ្យមានការលូកដៃរបស់អាស៊ានយ៉ាងជ្រៅនៅក្នុងដំណើរការចរចា។
ច្បាស់ណាស់ថា អាប់ភីស៊ីត វេចាជីវ៉ា នឹងមិនបានទទួលអ្វីនោះទេ នៅពេលដែលគាត់ចង់ទូន្មានកម្ពុជា ដោយនិយាយថា «ខណៈដែលសហគមន៍អន្តរជាតិគិតថា បញ្ហា គួរតែដោះស្រាយតាមរយៈការចរចា។ កម្ពុជាមិនមានមូលហេតុអ្វីត្រូវប្រកែកទេ ហើយគួរត្រឡប់ទៅនិយាយគ្នាវិញ។ លោកអាប់ភីស៊ីត វេចាជីវ៉ា គួរតែធ្វើការខ្លួនឯងទៅ ហើយទុកឱ្យកម្ពុជាធ្វើការរបស់កម្ពុជា។ ខ្ញុំមិនមន្ទិលទេថា កម្ពុជានឹងទៅកាន់ទីក្រុងហ្សាការតា។ មិនគ្រាន់តែប៉ុណ្ណោះទេ ប្រសិនបើអាប់ភីស៊ីត វីចាជីវ៉ា ធ្លាប់បានរៀនរាប់ត្រឹមត្រូវយ៉ាងហោចណាស់ដល់៣ គាត់នឹងឈប់ទទូចអំពីការចរចាជាទ្វេភាគី។ ប្រសិនបើពាក្យនេះមានតម្លៃសំរាប់គាត់ខានមិនបាន ហើយនិងគិតដល់កង្វះខាតសមត្ថភាពក្នុងការរាប់លេខ យើងអាចលើកលែងឱ្យអាប់ភីស៊ីត វេចាជីវ៉ា និយាយថា ទ្វេភាគីបូកអាស៊ាន។
- ការចូលពាក់ព័ន្ធយ៉ាងចំបងរបស់អាស៊ាន
ដោយមើលឃើញធាតុពិត រដ្ឋាភិបាលអាប់ភីស៊ីត និងសារព័ត៌មានថៃ បានសហការគ្នាវាយប្រហារ និងសំឡុតបំភ័យអាស៊ាន និងលោក Marty Natalegawa រដ្ឋមន្ដ្រីការបរទេសនៃប្រទេសឥណ្ឌូណេស៊ី ដោយឥតឈប់ឈរ។ បទវិចារណកថាដែលបានចេញផ្សាយដោយកាសែតបាងកកប៉ុស្ដិ៍ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ក្រោមចំណងជើងថា «ឱកាសមួយសម្រាប់ការជួយដោយអាស៊ាន» មិនមានភាពសមរម្យចំពោះលោករដ្ឋមន្ដ្រីការបរទេស Marty ដោយនិយាយថា «នេះជាបទភ្លេងដែលពីរោះដល់ត្រចៀករដ្ឋមន្ដ្រីការបរទេសឥណ្ឌូណេស៊ី Marty Natalegawa ដែលជាប្រធានអាស៊ាន ក្នុងពេលបច្ចុប្បន្ន»។ លោកបានរត់តាមរដ្ឋមន្ដ្រីការបរទេសទាំងពីរទៅកាន់ទីក្រុងញូវយ៉ក បានថ្លែងនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្ដិសុខ និងបានបញ្ចុះបញ្ចូលឱ្យមានឱកាសក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងជាអន្ដរជាតិមួយ ដើម្បីសម្របសម្រួលដំណោះស្រាយបញ្ហាថៃ-កម្ពុជា។
តាមការអះអាងរបស់អ្នកវិភាគអន្ដរជាតិ អ្វីដែលធ្វើឱ្យថៃកាន់តែក្រេវក្រោធនោះគឺ «អាស៊ាននឹងសម្រេចថា យន្ដការណាដែលប្រសើរជាងគេសម្រាប់ដាក់អនុវត្ដ ដើម្បីធានាថា បទឈប់បាញ់គ្នានឹងត្រូវបានបញ្ឈប់ និងធានាថា លែងមានអំពើហិង្សាកើតឡើង»។ វត្ថុបំណងទាំងនេះអាចនឹងសម្រេចបានតែតាមរយៈការលូកដៃយ៉ាងពេញទំហឹងពីសំណាក់អាស៊ាន។ ហេតុអ្វី? ពីព្រោះថា ការលូកដៃរបស់អាស៊ាន នឹងធ្វើឱ្យសហគមន៍អន្ដរជាតិមើលឃើញថា ប្រទេសថៃបានធ្វើឱ្យខូចអត្ថន័យនៃ «ការចរចាទ្វេភាគី» ដែលឃ្លាតឆ្ងាយពីកិច្ចការនយោបាយអន្ដរជាតិ ក្នុងការស្វែងរកការយោគយល់គ្នារវាងភាគីទាំងអស់តាមរយៈមធ្យោបាយសន្ដិភាព និងធ្វើឲ្យប្រែក្លាយទៅជាឧបករណ៍នៃការប្រើកំលាំងបង្ខិតបង្ខំ អំពើប្រមាថ ការគំរាមកំហែងដោយប្រដាប់អាវុធជាចំហ និងសង្គ្រាមឈ្លានពាន ដោយយកមហិច្ឆតាខ្លួនធ្វើជាច្បាប់ ដែលឆ្លុះឱ្យឃើញពីភាពមិនស៊ីវិល័យនៅក្នុងទំនាក់ទំនងរវាងប្រជាជាតិឯករាជ្យ និងអធិបតេយ្យទាំងពីរ។
ហេតុផលទាំងនេះ កំលាំងយោធាដ៏ទំនើបច្រើនលើសលប់របស់ថៃ បើប្រៀបធៀបជាមួយកម្ពុជា ការដាក់ពង្រាយកម្លាំងទ័ពចំនួនជាង២៣.០០០នាក់ ដែលប្រដាប់ដោយសព្វាវុធទំនើបនៅតាមតំបន់ព្រំដែន គឺជាមូលហេតុដែលនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដែលទាមទារឱ្យ ១-មាននគរបាលរក្សាសន្ដិភាពអាស៊ាន ដើម្បីធានាឱ្យមានការគោរពបទឈប់បាញ់គ្នា និងមិនមានអំពើហិង្សាកើតឡើង ២-មានអ្នកចូលរួមរបស់អាស៊ាននៅក្នុងកិច្ចចរចាកំណត់ព្រំដែនគោក។ ក្នុងស្មារតីរស់នៅដោយសន្ដិភាពជាមួយនឹងប្រទេសថៃ ដោយមិនធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យជាតិ និងបូរណភាពទឹកដី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានយល់ឃើញថា ត្រូវមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអាស៊ាន ចាប់តាំងពីឆ្នាំ២០០៨ មកម៉្លេះ។ គំនិតខាងលើនេះ បានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការអត់ធ្មត់របស់យើង ៕
ចែករំលែកព័តមាននេះ