ខេត្តស្ទឹងត្រែង ៖ បន្ទាប់ពីមានដំណឹងលេចឮថា មានការធ្វើផ្លូវ និងសាងសង់ស្ពាន១ទៀតឆ្លងកាត់ទន្លេ សេកុង មានជនមួយចំនួនតូច និងមន្ត្រីរាជការមួយក្តាប់តូច បានធ្វើការរុករានទន្ទ្រានយកដីព្រៃធ្វើកម្ម សិទ្ធផ្ទាល់ខ្លួន ដែលមានដាំបង្គោលរបង ឈើ ថ្ម និងដំណាំខ្លះៗ ហើយត្រូវកំលាំង នៃគណៈកម្មការ ចម្រុះ របស់រដ្ឋបាលខេត្តស្ទឹងត្រែងធ្វើប្រតិបត្តិការរុះរើ។
![Picture]()
ការអនុវត្តដក់បង្គោល ដាំលើដីព្រៃយ៉ាងអនាធិបតេយ្យ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចអីប៊ូក ក្នុងឃុំស្តៅ ស្រុកសេសាន ដឹកនាំដោយលោក ជា ថាវរិទ្ធ អភិបាលរងខេត្ត ដែលមានកំលាំងរបស់មន្ទីរបរិស្ថាន រដ្ឋបាលព្រៃឈើ មន្ត្រីអធិការកិច្ច មន្ត្រីនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ។
លោក អន ចាន់ សុជាតិ នាយខណ្ឌរងរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានឱ្យដឹងថា ការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅចំនុចខាងលើគឺមានទំហំក្បាលដី១៥០០ម៉ែត្រដែលពីមុនជាដីសម្បទានសេដ្ឋកិច្ចរបស់អតីតក្រុមហ៊ុន សុខ ហេង ដែលរដ្ឋាភិបាលដកហូតទុកជាសម្បត្តិរដ្ឋជាច្រើនឆ្នាំមកហើយតែនាថ្មីៗនេះមានប្រជាពលរដ្ឋចំនួនតូចបានរុករានចាប់ជាកម្មសិទ្ធត្រូវអាជ្ញាធរខេត្តធ្វើប្រតិបត្តិការរុះរើ ។
![Picture]()
លោកនាយខណ្ឌរងបានបន្តថា ចាប់ពីចំណុចអីប៊ូក ក្នុងឃុំស្តៅ ស្រុកសេសាន ការទន្ទ្រានដី មានចំនួន៩ចំណុចក្នុងនោះមាន៣ចំណុចសង់កូនខ្ទម និងមានដាំដំណាំផ្សេងៗដែលកូនខ្ទមទាំង៣នេះមន្ត្រីជំនាញបង្កសំណុំរឿងទៅតុលាការរកមុខម្ចាស់មកទទួលខុសត្រូវតាមផ្លូវច្បាប់ហើយរុះរើចេញ ។
មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ពីមុនគឺជាដីសម្បទានសេដ្ឋកិច្ច របស់ ក្រុមហ៊ុន សុខ ហេង ដើម្បីដាំដំណាំកសិឧស្សាហកម្មដែលរដ្ឋបានសម្បទានចំនួន៧៤០០ហិកតា ហើយមិនធ្វើការអភិវឌ្ឍអ្វីត្រូវបានដកហូតកាត់មកនៅសល់៦២០ហិកតាក្រោយមកទៀតទោះក្រុមហ៊ុន សុខ ហេង សល់ដី៦២០ហិកតាក៏គ្មានការអភិវឌ្ឍអ្វីសោះទើបរាជរដ្ឋាភិបាលបានដកដីទាំងនោះមកជាសម្បត្តិរដ្ឋទាំងស្រុង ។
![Picture]()
លោក មិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បាន ឱ្យដឹងថា មន្ត្រីនៃមន្ទីរសាម៉ី និងរៀបចំចុះបញ្ជី នៅពេលខាងមុខឆាប់ៗនេះហ៊ុមព័ទ្ធរួចប្រគល់ជូន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអ្នកគ្រប់គ្រង។
![Picture]()
លោក ជា ថាវរិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោយពីចុះដកហូតបង្គោលរបង និងលើកស្លាកដើម្បីចៀសវាងការទន្ទ្រានដីជាបន្តទៀត លោកនឹងប្រើប្រាស់កំលាំងប្រដាប់អាវុធចុះល្បាតរៀងរាល់១សប្តាហ៍ម្តង បើឃើញមានករណីរុះរានដីព្រៃដោយខុសច្បាប់ទៀតនោះ និងអនុវត្តទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ