រាជធានីភ្នំពេញ ៖ ជនសង្ស័យត្រូវម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ ធ្វើការស្រាវជ្រាវឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពយកដំុថ្មវាយក្បាលបុរសម្នាក់ ប្លន់យកទ្រព្យសម្បតិមួយចំនួនបានសម្រេច កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មេាះ អ៊ុយ សុវណ្ណ ហៅម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ត្រូវរងរបួសក្បាលធ្ងន់ធ្ងរ ។
តាមការរៀបរាប់របស់ជនរងគ្រេាះអោយដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ គាត់បានជិះម៉ូតូឌុបពីផ្សារដ៉េប៉ូ ទៅកាន់ផ្សារតាខ្មៅ ដើម្បីទៅលេងផ្ទះបងប្អូន លុះជិះធ្វើដំណើរដល់ចំណុចផ្លូវ៦០ម៉ែត្រ ក្បែរក្រុមហ៊ុន មែកសឺដេស ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងជិះមកក្បែរ និងប្រវាយប្រតប់ប៉ងយកកាបូបស្ពាយពីដៃរបស់គាត់ តែពេលនេាះជនរងគ្រេាះបានព្យាយាមរើបំរះរួចអោបកាបូបរត់គេចពីក្រុមជនសង្ស័យទាំងនោះ និងរត់គេចខ្លួន ជាហេតុធ្វើអោយក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូចេញទៅបាត់អស់ផងដែរ ។
បុរសរងគ្រេាះបន្តថា ដោយសារមានការភ័យខ្លាចខ្លាំងពេកគាត់បានពួនសំងំក្នុងបឹងកំប្លោកអស់ជាច្រើនម៉ោងរហូតដល់ម៉ោងជិត១រំលងអាធ្រាត្រទើបគាត់ក្រោកចេញពីបឹងកំផ្លោកនេាះ ហើយដើរចូលទៅក្នុងភូមិអ្នកស្រុកដើម្បីរកម៉ូតូឌុបជិះ តែពេលនេាះក៏បានជួបនឹងជនសង្ស័យម្នាក់ ហើយគាត់ក៏បានសួរទៅកាន់ជនសង្ស័យម្នាក់នេាះថា មានម៉ូតូទេ អោយជួយជូនគាត់ទៅភ្នំពេញផង គាត់អោយ៣ម៉ឺនរៀល។ លឺដូច្នេះជនសង្ស័យបានអោយបុរសរងគ្រេាះដើរពីមុខខ្លួន(ជនសង្ស័យ)សិនទៅ លុះដើរមិនបានប៉ុន្មានជំហានផង ជនសង្ស័យក៏រើសដំុថ្មវាយទៅលើជនរងគ្រេាះពីក្រោយ បណ្តាលអោយបែកក្បាលដេកសន្លប់ក្នុងថ្លុកឈាម ហើយជនសង្ស័យក៏បានយកកាបូបរបស់ជនរងគ្រេាះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
លុះមកទល់វេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រេាះបានដើរទាំងឈាមជោកខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ដើម្បីសំុឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ ក្រោយទទួលពាក្យបណ្តឹង និងទទួលបានភិនភាគជនសង្ស័យតាមការរៀបរាប់របស់ជនរងគ្រេាះរួចមក កម្លាំងនគរបាលបានចុះទៅស្រាវជ្រាវ រហូតឃាត់បានជនសង្ស័យបានម្នាក់យកមកសាកសួរ ។ ក្រោយការសាកសួរនាំ និងតាមការចំណាំរបស់ជនរងគ្រេាះរួចមក ជនសង្ស័យបានឆ្លើយសារភាពពីសកម្មភាពដែលបានប្រព្រឹត្តប្រាកដមែន ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានលុយខ្មែរចំនួន១លានរៀលមកវិញ ខណៈដែលជនរងគ្រេាះអះអាងថា ទ្រព្យសម្បត្តិក្នុងកាបូបលុយរបស់គាត់មានលុយខ្មែរ២លានរៀល និងទូរស័ព្ទដៃ
ស្មាតហ្វូនចំនួន៤គ្រឿងទៀតផងដែរ ។ យ៉ាងណាមិញ បច្ចុប្បន្នជនសង្ស័យត្រូវឃំុខ្លួនបណ្តេាះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ រង់ចាំកសាងសំណំុរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ។
មន្ត្រីនគរបាលអោយដឹងថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយពីបទលួច ហើយជនសង្ស័យក៏ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មបំផុតដែរ ៕
ចែករំលែកព័តមាននេះ