រាជធានីភ្នំពេញ ៖ « បើស្ដាប់ព័ត៌មានតែពីក្រៅ មើលទៅម្រេចកំពតហាក់ដូចជានៅរឹងមាំណាស់ ហើយអ្នកដាំក៏ហាក់សម្បើមណាស់ដែរ ក៏ប៉ុន្តែបើពិនិត្យឲ្យស៊ីជ្រៅមែនទែន ទើបដឹងថាវាមានបញ្ហាកម្រិតណា »។ នេះបើតាមការបញ្ជាក់ពីកសិករផលិតម្រេចកំពត ។
![Picture]()
បច្ចុប្បន្ននេះ បើទោះបីជាកសិករផលិតម្រេចកំពតបានទម្លាក់ថ្លៃយ៉ាងណាក៏ដោយ ក៏នៅតែមិនមានទីផ្សារ ឬមានឈ្មួញណាមកទិញផលិតផលរបស់ខ្លួនដែរ ។
![Picture]()
បើតាមលោក ស៊ឹម ធី កសិករផលិតម្រេចកំពតក្នុងស្រុកកំពង់ត្រាច បានឲ្យដឹងថា ទីផ្សារម្រេចកំពតនៅពេលនេះខុសពីមុនឆ្ងាយណាស់ ។ លោកបន្ដថា ៖« កាលពីមុន កសិករផលិតបានប៉ុន្មាន មានអ្នករង់ចាំទិញទាំងអស់ ហើយពេលខ្លះរកតែម្រេចលក់ឲ្យឈ្មួញស្ទើរមិនបាន តែពេលនេះ ផលិតម្រេចបានហើយ តែគ្មានឈ្មួញណាមកទិញទាល់តែសោះ ធ្វើឲ្យម្រេចដែលផលិតបានត្រូវរក្សាទុក និងរង់ចាំឈ្មួញមកទិញម្ដងម្កាលក្នុងបរិមាណតិចតួចប៉ុណ្ណោះ មិនមែនទិញយកទាំងអស់ឡើយ »។
លោកបន្តថា ពីមុនម្រេចកំពតមានតម្លៃខ្ពស់រហូតដល់២៨ដុល្លារក្នុង១គីឡូក្រាម សម្រាប់ម្រេចស, ២៥ដុល្លារសម្រាប់ម្រេចក្រហម និង១៥ដុល្លារយ៉ាងទាបសម្រាប់ម្រេចខ្មៅ ក៏ប៉ុន្តែបច្ចុប្បន្ននេះ តម្លៃម្រេចខ្មៅលក់តែ២ម៉ឺនរៀល ឬ៥ដុល្លារប៉ុណ្ណោះក្នុង១គីឡូក្រាម ហើយគ្មានអ្នកទិញទៅទៀត ។ ដូច្នេះពេលនេះ ម្រេចកំពតកំពុងជួបបញ្ហាហើយ ។
លោកនិយាយថា ៖« បើស្ដាប់ព័ត៌មានពីក្រៅ មើលទៅម្រេចកំពតហាក់ដូចជានៅរឹងមាំណាស់ ហើយអ្នកដាំក៏ហាក់សម្បើមណាស់ដែរ ក៏ប៉ុន្តែបើពិនិត្យឲ្យស៊ីជ្រៅមែនទែន ទើបដឹងថាវាមានបញ្ហាកម្រិតណា »។
លោកបន្តថា ឆ្នាំនេះ ទិន្នផលម្រេចរបស់លោកបានធ្លាក់ចុះខ្លាំង ព្រោះអាកាសធាតុមិនអំណោយផល ដោយភ្លៀងធ្លាក់តាំងពីដើមឆ្នាំ ធ្វើឲ្យផ្កា និងផ្លែម្រេចជ្រុះមិនអាចរក្សានៅដើមបានច្រើន ។ យ៉ាងណាលោកថា ៖« ការធ្លាក់ទិន្នផលវាមិនបញ្ហាទេសម្រាប់កសិករ តែអ្វីដែលធ្ងន់ធ្ងរនោះគឺតម្លៃធ្លាក់ថ្លៃហៅលែងលឺទៅទៀត ដូចនេះបើកសិករណាយកទុនពីធនាគារ ឬពីមីក្រូហិរញ្ញវត្ថុមកធ្វើ វាកាន់តែជួបបញ្ហាខ្លាំងថែមទៀត » ។
កសិករមួយរូបទៀតដែលផលិតម្រេចកំពតបានប្រមាណកន្លះតោនក្នុង១ឆ្នាំ ក៏បាននិយាយដែរថា ឆ្នាំនេះបើមានអ្នកទិញក្នុងតម្លៃតែ២ម៉ឺនរៀលក៏លក់ឲ្យដែរ មិនរង់ចាំតម្លៃស្តង់ដាដែលកំណត់ពីសមាគមទេ ។
លោកបន្ដថា ៖« ខ្ញុំគ្មានសង្ឃឹមថានឹងទទួលបាននូវតម្លៃដូចកាលពីមុនណាស់ ព្រោះបើមើលទៅទីផ្សារកាន់តែចង្អៀត ហើយពេលខ្លះគេទិញម្រេចទៅបាត់ហើយ តែមិនទាន់ឲ្យលុយភ្លាមៗ នៅជំពាក់យូរទៀត ដូចនេះហើយទើបកសិករត្រូវបង្ខំចិត្តលក់ម្រេចទាំងតម្លៃទាបទៅឲ្យឈ្មួញខាងក្រៅ »។
ទោះបីជាមានការលើកឡើងបែបនេះក្ដី ប្រធានសមាគមលើកកម្ពស់ម្រេចខេត្តកំពតនៅតែបញ្ជាក់ថា ផលិតផលមួយនេះមិនធ្លាក់ថ្លៃទេ តែកសិករតូចៗខ្លួនឯងទេជាអ្នកទម្លាក់តម្លៃនោះ ដូច្នេះកុំបន្ទោសថា ម្រេចកំពតធ្លាក់ថ្លៃ ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចខេត្តកំពត បានឲ្យដឹងថា មែនទែនទៅម្រេចកំពតមិនបានធ្លាក់ថ្លៃទេ តែកសិករតូចៗខ្លួនឯងទេជាអ្នកទម្លាិក់តម្លៃនោះ ដូច្នេះកុំបន្ទោសថាម្រេចធ្លាក់ថ្លៃនោះ ។
លោកមានប្រសាសន៍ថា ៖« ខ្ញុំទទួលស្គាល់ថាទីផ្សារម្រេចឆ្នាំនេះពិតជាបង្អៀត ព្រោះអ្នកបញ្ជាទិញមិនបានបញ្ជាទិញច្រើនដូចកាលមុននោះទេ ។ កាលមុនគេបញ្ជាម្ដង១០តោន គេមកយក១០តោន តែពេលនេះ គេចុះកុងត្រា១០តោន តែគេមកយកម្ដង៥០០គីឡូ ឬ៣០០គីឡូក្រាមប៉ុណ្ណោះ អីចឹងហើយយើងត្រូវចែករំលែកយកម្រេចពីកសិករម្នាក់១០គីឡូក្រាមឬ ២០គីឡូក្រាម គ្រាន់បានលុយចាយទាំងអស់គ្នា »។
លោកបន្តថា អ្នកទម្លាក់តម្លៃម្រេច មានតែកសិករតូចៗ និងមានផលិតផលតិចតួចប៉ុណ្ណោះ ហើយចេះតែភ័យខ្លាចគេមិនទិញ ឬម្យ៉ាងទៀតមកពីពួកគាត់ត្រូវការលុយប្រញាប់ សម្រាប់ដោះស្រាយជីវភាព ឬយកបង្វិលទៅខាងធនាគារ មីក្រូហិរញ្ញវត្ថុជាដើម ទើបពួកគាត់បង្ខំចិត្តលក់ម្រេចទាំងតម្លៃថោកបែបនេះ ។
លោកថា ៖« នៅពេលដែលកសិករទម្លាក់តម្លៃបែបនេះ ធ្វើឲ្យឈ្មួញរកស៊ីផ្សេងៗទៀត រង់ចាំកើបផលពីការទម្លាក់តម្លៃនេះ ពីព្រោះបើទិញតាមសមាគមគឺមានស្ដង់ដាត្រឹមត្រូវ តែបើទិញពីកសិករ ពួកគេអាចចំណេញច្រើន ។ ជាក់ស្ដែង ម្រេចមួយគីឡូក្រាមតម្លៃ២៥ដុល្លារ គេអាចទិញពីកសិករតែ៥ម៉ឺនទៅ៦ម៉ឺនរៀល ហើយម្រេចខ្មៅ ដែលមានតម្លៃ ១៥ដុល្លារ តែគេទិញពីកសិករតែ២ម៉ឺនរៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ។ អីចឹងហើយ ទើបគេរង់ចាំទិញពីតែកសិករ ដោយមិនឆ្លងកាត់សមាគម » ៕
ចែករំលែកព័តមាននេះ