រាជធានីភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំឡើងភ្លើងស្តុបថ្មីជាង១០០ទីតាំងបន្ថែមទៀត និងបំពាក់កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុបផងដែរ ដើម្បីត្រួតពិនិត្យបទល្មើសចរាចរណ៏ ឬបទល្មើសផ្សេងៗ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី២៣ កញ្ញានេះថា ភ្លើងស្តុបចំនួន១១៥ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុននោះ ពេលនេះ បានដំឡើង និងដាក់ឲ្យដំណើរការបានចំនួន១០៥ហើយ នៅសល់ចំនួន១០ស្តុបទៀត បានតម្លើងបង្គោល និងលាបគុំនូសចរាចរណ៏រួចរាល់ហើយដែរ នៅសល់តែការតភ្ជាប់ និងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ ។
លោកបន្តថា កាលពីចុងសប្តាហ៏កន្លងមកថ្មីៗនេះ ក្រុមការងារបានដំឡើង និងដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីចំនួន៤ទីតាំង គឺទី១-ភ្លើងស្តុប ប្រសព្វរវាងមហាវិថីព្រះសីហនុ និងមហាវិថីសុធារស ទី២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៥៦៦ ទី៣-ភ្លើងស្តុប ប្រសព្វផ្លូវលេខ ២៧១ និងផ្លូវលេខ ២០០២ និងទី៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ៤ និងផ្លូវរោងចក្រ QMI ។
លោកសាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា បច្ចុប្បន្នរាជធានីភ្នំពេញ មានភ្លើងស្តុបសរុបចំនួន១៦០ទីតាំង ដែលកំពង់ដំណើរការរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយបានច្រើននូវបញ្ហាកកស្ទះចរាចរណ៏ ហើយការដាក់ឲ្យដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏គ្រោងផលិតស្ពតវីឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ផងដែរ ព្រោះភ្លើងស្តុបថ្មីនេះ មានលក្ខណៈទំនើបពិសេស ខុសប្លែកពីភ្លើងស្តុបចាស់ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា នៅសប្តាហ៏ក្រោយ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន៣ទីតាំង នៅកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងចំណោមគម្រោងចំនួន៦ ដែលត្រូវដាក់បន្តបន្ទាប់គ្នានៅកំណាត់ផ្លូវនេះ ខណៈបច្ចុប្បន្ន មានតែភ្លើងស្តុបមួយប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ