ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ដែលមានជីវភាពលំបាកខ្សត់ខ្សោយជនចាស់ជរាជនពិការស្រីមេម៉ាយ បានទទួលអំណោយមនុស្សធម៌មួយចំនួនពីសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងក្រុមអាជីវករ ខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកាសាខា អនុសាខាស្រុក និងយុវជនកាកបាទក្រហម ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ។
ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ អភិបាលខេត្តបានបន្ថែមថា ថ្វីត្បិតតែអំណោយទាំងនេះមានចំនួនតិចតួចក៏ពិតមែន តែនេះក៏ជាការចូលរួមចំណែកក្នុងការជួយដោះស្រាយនូវទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត ។
ជាមួយគ្នានេះដែរឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះមានអនាម័យក្នុងការរស់នៅផឹកទឹកឆ្អិន ត្រូវប្រកាន់ភ្ជាប់នូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេស ត្រូវខិតខំដាំដំណាំផ្សេងៗ ដើម្បីជួយលើកស្ទួយនូវជីវភាពគ្រួសារ ជៀសវាងការទុកដីទំនេរចោល ។
លោក នួន សារ៉ន អភិបាលស្រុកកែវសីមាបានឲ្យដឹងថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រនាពេលនេះមានចំនួន១០០គ្រួសារមកពីឃុំចំនួនពីរ មានឃុំស្រែព្រះ ចំនួន៥០គ្រួសារ និងឃុំស្រែខ្ទុមចំនួន៥០គ្រួសារ ហើយអំណោយទាំងនេះរួមមាន អង្កចំនួន១០គីឡូ មីចំនួន១កេស ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី សំលៀកបំពាក់ មួយកញ្ចប់ផងដែរ ៕
ចែករំលែកព័តមាននេះ