អ្នកអភិរក្សសត្វព្រៃនៅសួនសត្វនៅភ្នំតាម៉ៅ បានអះអាង នៅពេលនេះ អ្នកជំនាញ បានកំពុងតែរៀបចំបង្កាត់ពូជសត្វខ្ទីង ដែលជាសត្វព្រៃកម្រមានមាឌធំ និងមានទម្ងន់ពី៥០០ទៅ១០០០គីឡូក្រាម និងមានកម្ពស់២ម៉ែត្រ ។
ប្រភពដដែលបានឲ្យដឹងថា នៅពេលនេះ អ្នកជំនាញបានកំពុងតែរៀបចំទ្រុងដើម្បីបង្កាត់សត្វដ៏កម្រនេះ ដើម្បីបន្តការពារ និងរក្សានិរន្តភាពរបស់វា ។
ខ្ទីងជាសត្វស៊ីស្មៅមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្តាលខ្នង ។ វាជាសត្វកខ្លីបន្តិច រាងមាំដោយមានបូរនៅផ្នែកខាងក្រោមហើយជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមពណ៌ប្រផេះ នៅលើថ្ងាសមានរោមវែងពណ៌ប្រផេះ ឬពណ៌លឿងមាសស្រាល ។
កូនរបស់វាមានពណ៌ត្នោត រហូតដល់វា មានអាយុពី៤ទៅ៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ ។ ខ្ទីងញីមានមាឌ និងស្នែងតូចជាងឈ្មោល ហើយពុំសូវមានបួរដូចខ្ទីងឈ្មោលទេ ។
គេដឹងថា ខ្ទីងឈ្មោលពេលពេញវ័យ មានកម្ពស់១,៨៥ម៉ែត្រ និងញី១,៦០ម៉ែត្រ ។ ខ្ទីងឈ្មោល អាចមានកម្ពស់ខ្ពស់បំផុតរហូតដល់២ម៉ែត្រ ។
ខ្ទីងជាសត្វអាចរស់នៅបានពីតំបន់ទំនាប រហូតដល់រយៈកម្ពស់២០០០ម ។ ដែនជម្រករបស់វាច្រើននៅតាម ព្រៃស្រោង ព្រៃល្បោះ វាលស្មៅ ។ ជាធម្មតាខ្ទីងចេញរកស៊ី នៅពេលព្រឹក និងពេលល្ងាច ។ វាចូលចិត្តរស់នៅជាហ្វូង។ អាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម ។ ខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល៩ខែ ។ នៅសួនសត្វនេះ កន្លងមកបានសម្រេចបង្កាត់កូនខ្ទីងនេះ បានជាបន្តបន្ទាប់ពោល គឺមិនក្រោម៥ក្បាលទេ ៕
ចែករំលែកព័តមាននេះ