ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC​និង​IMF​ពិភាក្សាផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ជំហាន​បន្ទាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​រៀបចំ​ផែ​ការ ឬ​ត្រីវិស័យ​កម្ពុជា​ឆ្ពោះទៅ​កាន់​ពិពិធ​កម្ម និង​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សម្រាប់​ជំហាន​បន្ទាប់ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) និង​មូល និ​ធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF) បាន​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​មក​ពី​បណ្តា​គ្រប់​វិស័យ​សម្រាប់​រៀបចំ​ផែនការ​អនុវត្ត​សេដ្ឋកិច្ច​កម្ពុជា​ជំហាន​បន្ទាប់…

រាជធានី​ភ្នំពេញ ៖ ដើម្បី​រៀបចំ​ផែ​ការ ឬ​ត្រីវិស័យ​កម្ពុជា​ឆ្ពោះទៅ​កាន់​ពិពិធ​កម្ម និង​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សម្រាប់​ជំហាន​បន្ទាប់ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) និង​មូល និ​ធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF) បាន​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​មក​ពី​បណ្តា​គ្រប់​វិស័យ​សម្រាប់​រៀបចំ​ផែនការ​អនុវត្ត​សេដ្ឋកិច្ច​កម្ពុជា​ជំហាន​បន្ទាប់ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ម្សិលមិញ ក្នុង​កម្មវិធី​សន្និសីទ​ស្តី​ពី «​ត្រីវិស័យ​ឆ្ពោះទៅ​កាន់​ពិពិធ​កម្ម និង​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជំហាន​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​កម្ពុជា » លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​ពិភាក្សា​គ្នា​ជាមួយ​ស្ថាប័ន ក្រសួង​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​នានា​នៅ​ថ្ងៃនេះ​គឺ​ដើម្បី​ស្វែងរក​ធាតុ​ចូល​សម្រាប់​រៀបចំ​ផែនការអភិវឌ្ឍន៍​ប្រទេស​ជា​ជំហាន​បន្ដ ហើយ​សង្ឃឹមថា នឹង​មាន​ធាតុ​ចូល​សម្រាប់​ឱ្យ​ភាគី​នីមួយ​ៗ​អាច​យក​ទៅ​អនុវត្ត​បាន​នា​ពេល​ខាង​មុខ ។

លោក​ជំទាវ​មាន​ប្រសាសន៍​ថា ៖« ការ​ប្រមូល​ធាតុ​ចូល​ថ្ងៃនេះ គឺ​ដើម្បី​ឱ្យ​យើង​បាន​សិក្សា​បន្ថែម​ទៀត​ថា​យើង​ត្រូវ​ដើរទៅ​តាម​ណា​នៅ​ពេល​ខាង​មុខ ។ យើង​ប្រមូល​ធាតុ​ចូល​នានា​ដើម្បី​ចងក្រង​ជា​ឯកសារ​មួយ​សម្រាប់​ជួយ​ដល់​រាជរដ្ឋាភិបាល​ដើម្បី​រៀបចំ​ជា​យុទ្ធសាស្ត្រ​គ្រា​បន្ទាប់ »​។

ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា បាន​មាន​ប្រសាសន៍​ថា សន្និសីទ​ថ្ងៃនេះ​ជា​វេទិកា​ដ៏​ល្អ​មួយ​សម្រាប់​ពិភាក្សា​ប្រធានបទ​សម្រាប់​ដោះស្រាយ​ជួរ​មុខ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នក​រៀបចំ​គោលនយោបាយ​កម្ពុជា​ដើម្បី​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពរឹងមាំ ។ លោក​ជំទាវ​បន្ដ​ថា ៖« ប្រធានបទ​ដែល​យើង​លើកយក​មក​ពិភាក្សា​ថ្ងៃនេះ​ទាន់​ពេលវេលា និង​មាន​សារសំខាន់​ណាស់​សម្រាប់​កំណើនសេដ្ឋកិច្ច​កម្ពុជា »​។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គ នាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​យល់​ឃើញ​ថា វេទិកា​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នកចូលរួម​បាន​យល់​ដឹង​អំពី​ស្ថានភាព​សេដ្ឋកិច្ច ឬ​ស្ថានភាព​នៃ​ការ​បម្រែបម្រួល​សេដ្ឋកិច្ច​របស់​ប្រទេស​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត ។ លោក​ឧកញ៉ា​បន្ត​ថា ៖« យើង​ឃើញ​ថា​ប្រទេស​យើង​រាល់​ថ្ងៃនេះ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឃើញ​ថា​ប្រទេស​យើង​មាន​សន្តិភាព​ពេញ​បរិបូរណ៍ អីចឹង​យើង​ត្រូវ​ជជែក​គ្នា​ថា​តើ​យើង​ត្រូវការ​ប្រើ​យន្តការ ឬ​វិធានការ​អ្វីខ្លះ​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ​ទៅ​មុខ​ទៀត »​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធន​គារ​ជាតិ​នៃ​កម្ពុជា គោលបំណង​នៃ​សន្និសីទ​នេះ​គឺ​ដើម្បី​ផ្តល់​ជា​វេទិកា​សម្រាប់​អ្នក​រៀបចំ​គោលនយោបាយ​និង​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​បាន​ជួប​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ចម្បង​ៗ ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ឈាន​ទៅ​ដំណាក់កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ និង​ស្វែងរក​ដំណោះស្រាយ​គោលនយោបាយ​សម្រាប់​កម្ពុជា ដោយ​ពិ​ភក្សា​លើ​ប្រធានបទ​ធំ​ចម្បង​ៗ២ គឺ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ប្រកួតប្រជែង​និង​ពិពិធ​កម្ម​ដើម្បី​ប្រើប្រាស់​សក្តានុពល​របស់​កម្ពុជា និង​ការ​ពិនិត្យ​មើល​បទ​ពិសោធន៍​ដែល​កម្ពុជា​អាច​ទទួលយក​ពី​អន្តរជាតិ​ក្នុង​ដំណើរកា​រវិ​វត្ត​ផ្នែក​រចនាសម្ព័ន្ធ​នៃ​ដំណាក់កាល​ថ្មី​នៃ​ការ​អភិវឌ្ឍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ