ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីមានដំណឹងលេចឮថា មានការធ្វើផ្លូវ និងសាងសង់ស្ពាន១ទៀតឆ្លងកាត់ទន្លេ សេកុង មានជនមួយចំនួនតូច និងមន្ត្រីរាជការមួយក្តាប់តូច បានធ្វើការរុករានទន្ទ្រានយកដីព្រៃធ្វើកម្ម សិទ្ធផ្ទាល់ខ្លួន ដែលមានដាំបង្គោលរបង ឈើ ថ្ម និងដំណាំខ្លះៗ ហើយត្រូវកំលាំងនៃគណៈកម្មការចម្រុះ របស់រដ្ឋបាលខេត្តស្ទឹងត្រែងធ្វើប្រតិបត្តិការរុះរើ។
ការអនុវត្តដាក់បង្គោលដាំលើដីព្រៃយ៉ាងអនាធិបតេយ្យ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច អីប៊ូក ក្នុងឃុំស្តៅ ស្រុកសេសាន ដឹកនាំដោយលោក ជា ថាវរិទ្ធ អភិបាលរងខេត្ត ដែលមានកំលាំងរបស់មន្ទីរបរិស្ថាន រដ្ឋបាលព្រៃឈើ មន្ត្រីអធិការកិច្ច មន្ត្រីនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ។
លោក អន ចាន់ សុជាតិ នាយខណ្ឌរង រដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យដឹងថា ការទន្ទ្រាន កាន់កាប់ដីព្រៃដោយខុសច្បាប់នៅចំនុចខាងលើ គឺមានទំហំក្បាលដី១៥០០ម៉ែត្រ ដែលពីមុនជាដី សម្បទានសេដ្ឋកិច្ចរបស់អតីតក្រុមហ៊ុនសុខ ហេង ដែលរដ្ឋាភិបាល ដកហូតទុកជាសម្បត្តិរដ្ឋជាច្រើន ឆ្នាំមកហើយ តែនាថ្មីៗនេះមានប្រជាពលរដ្ឋចំនួនតូចបានរុករានចាប់ជាកម្មសិទ្ធិ ត្រូវអាជ្ញាធរខេត្ត ធ្វើ ប្រតិបត្តិការរុះរើ។
លោក នាយខណ្ឌរងបានបន្តថា ចាប់ពីចំនុចអីប៊ូក ក្នុងឃុំស្តៅ ស្រុកសេសាន ការទន្ទ្រានដី មានចំនួន៩ចំនុច ក្នុងនោះមាន៣ចំនុច សង់កូនខ្ទម និងមានដាំដំណាំផ្សេងៗ ដែលកូនខ្ទមទាំង៣នេះ មន្ត្រីជំនាញ បង្កសំណុំរឿងទៅតុលាការរកមុខម្ចាស់មកទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយរុះរើចេញ។
មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ពីមុនគឺជាដីសម្បទានសេដ្ឋកិច្ច របស់ ក្រុមហ៊ុនសុខ ហេង ដើម្បីដាំដំណាំកសិឧស្សាហកម្ម ដែលរដ្ឋ បានសម្បទានចំនួន៧៤០០ហិកតា ហើយមិនធ្វើការអភិវឌ្ឍអ្វី ត្រូវបានដកហូត កាត់មកនៅសល់៦២០ហិកតា ក្រោយមកទៀត ទោះក្រុមហ៊ុន សុខ ហេង សល់ដី៦២០ហិកតា ក៏គ្មានការអភិវឌ្ឍអ្វីសោះ ទើបរាជរដ្ឋាភិបាល បានដាក់ដីទាំង នោះមកជាសម្បត្តិរដ្ឋទាំងស្រុង។
លោក មិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បាន ឱ្យដឹងថា មន្ត្រីនៃមន្ទីរសាម៉ី និងរៀបចំចុះបញ្ជី នៅពេលខាងមុខឆាប់ៗនេះ ហ៊ុមព័ទ្ធ រួចប្រគល់ជូន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកគ្រប់គ្រង។
លោក ជា ថាវរិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្រោយពីចុះ ដក់ហូតបង្គោលរបង និងលើកស្លាក់ ដើម្បីជៀសវាង ការទន្ទ្រានដីជាបន្តទៀត លោក នឹងប្រើប្រាស់កំលាំងប្រដាប់អាវុធចុះល្បាត រៀងរាល់១សប្តាហ៍ម្តង បើឃើញមានករណីរុករានដីព្រៃដោយខុសច្បាប់ទៀតនោះ និងអនុវត្តទៅតាមច្បាប់៕
ចែករំលែកព័តមាននេះ