ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ Huawei នឹង​ចេញ​ស្មា​ត​ហ្វូ​ន​បត់​បាន​ថែម​ទាំង​ប្រើ 5G ទៀត

5 ឆ្នាំ មុន

ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ New Champions នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេស​ចិន លោក Ken Hu អគ្គនាយករង​របស់ Huawei បាន​ឲ្យ​ដឹង​ថា…

ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ New Champions នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេស​ចិន លោក Ken Hu អគ្គនាយករង​របស់ Huawei បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​នឹង​ចេញ​លក់​ស្មា​ត​ហ្វូ​ន​អាច​បត់បែន​និង​ប្រើ​ 5G​ បាន​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ​នេះ ។

លោក Hu បាន​អះអាង​ថា ៖« គម្រោង​សម្រាប់​វិស័យ​របស់​យើង​ទាក់ទិន​នឹង​ឧបករណ៍​ដែល​អាច​ប្រើ​ 5G​ បាន​នេះ​គឺ​ការ​ចេញ​លក់​ស្មា​ត ហ្វូ​ន​ទាំងនេះ​នៅ​ឆ្នាំ​ក្រោយ​ ។ នៅ Huawei ពួក​យើង​នឹង​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ​ 5G​ បាន​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ ។ ពួក​វា​នឹង​ទាញ​អត្ថប្រយោជន៍​ពី​បណ្តាញ ​5G​ ដែល​មាន​ល្បឿន​យ៉ាង​លឿន ខណៈ​ដែល​ភាពយឺត​មាន​តិច »​។

អគ្គ​​​​នាយករង​រូប​នេះ​បាន​បន្ត​ថា 5G ​នឹង​មាន​ល្បឿន​លឿន​ជាង​ 4G​ ដល់​ទៅ​១០០​ដង ហើយ​អាច​ឆ្លើយ​តប​បាន​លឿន​ជាង​មុន​ដល់​ទៅ​៥០​ដង​ផង​ដែរ ។

លោក​បាន​បន្ថែម​ថា ៖« សម្រាប់​ស្មា​ត​ហ្វូ​ន ដែល​អាច​ប្រើ​5G​បាន​ដំបូង​នេះ ពួក​យើង​នឹង​នាំ​មក​ជាមួយ​ស្គ្រី​ន​ដែល​អាច​បត់បែន​បាន​។ វា​ជា​លើក​ទី​មួយ​ដែល​មានការ​បំពាក់​ស្មា​ត​ហ្វូ​ន​ជាមួយនឹង​ស្គ្រី​ន​ដែល​អាច​បត់បែន​បាន​នេះ »​។ ស្មា​ត​ហ្វូ​ន​នេះ​អាច​នឹង​ប្រើ Kirin 980 Processor ដែល​ត្រូវ​បាន​ប្រកាស​នៅ IFA កាលពី​ដើមខែ​នេះ រួម​ជាមួយនឹង Baling 5000 ដែល​ជា​5G modem របស់​ក្រុមហ៊ុន ។

លើស​ពី​នេះ​ទៀត ទូរស័ព្ទ​ដែល​អាច​បត់បែន​បាន​ខាងលើ​នឹង​ប្រើ​បច្ចេកវិទ្យា​អេ​ក្រង់​OLED ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយដោយ​ក្រុមហ៊ុន​ផលិត​ជា​ច្រើន​ដូច​ជា Japan Display, LG Display និង Samsung Display​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ នៅ​កម្មវិធី IFA កាលពី​ដើមខែ​នេះ លោក DJ Koh នាយក​ប្រតិបត្តិ​របស់ Samsung បាន​និយាយ​ថា ក្រុមហ៊ុន​លោក​ក៏​មាន​គម្រោង​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​នៅ​ចុងឆ្នាំ​នេះ​ដែរ ។

លោក DJ Koh បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា Samsung នឹង​ប្រកាស​នូវ​ព័ត៌មាន​លម្អិត​ស្ដី​ពី​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​នៅ​ចុងឆ្នាំ​នេះ ។

លោក​បាន​និយាយ​ថា ៖« វា​ដល់​ពេល​ក្នុង​ការ​ផ្តល់​ជូន​ហើយ បន្ទាប់​ពី​ការ​ស្ទង់​មតិ​របស់​Samsung បាន​បង្ហាញ​ថា ទូរស័ព្ទ​ទាំងនេះ​មាន​ទីផ្សារ » ។

លោក Koh បាន​ផ្តល់​សញ្ញា​ថា ព័ត៌មាន​បន្ថែម​អាច​នឹង​ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ឆ្នាំ​នេះ​ក្នុង​សន្និសីទ Samsung Developer Conference នា​ខែវិច្ឆិកា​នៅ​រដ្ឋ San Francisco សហរដ្ឋ​អា​មេរិ​ក ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​ពី​ពេលវេលា​ដាក់​លក់​ឡើយ ។

ការ​សម្រេចចិត្ត​នេះ​កើត​មាន​ឡើង ខណៈ​ដែល ​Samsung ចង់​ជំរុញ​ការ​លូតលាស់​នៃ​អាជីវកម្ម​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ដែល​មើលឃើញ​ការ​លក់​ធ្លាក់​ចុះ​ប្រមាណ​២០%​កាលពី​ត្រីមាស​ទី​២​ឆ្នាំ​នេះ ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ បាន​ជួប​ប្រទះ​នឹង​ការ​ប្រកួតប្រជែង​ជាមួយ​Apple និង ​Huawei​ ក្នុង​ទីផ្សារ​ទូរស័ព្ទ​កម្រិត​ខ្ពស់​។ ទូរស័ព្ទ​ដែល​អាច​បត់​បាន​នេះ អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ភាព​ខុស​ប្លែក​ពី​ដៃគូ​ប្រកួតប្រជែង និង​អាច​ឲ្យ​ពួក​គេ​លក់​ទូរស័ព្ទ​នេះ​ក្នុង​តម្លៃ​ខ្ពស់​ជាងគេ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ