ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ស្វា​លេង​ប៉ាហ៊ី រឿង​លោក​ថាក់ស៊ីន មិន​មែន​ជា​ដើម​ចម​នៃ​ទំនាស់​រវាង​កម្ពុជា-ថៃ​ទេ

13 ឆ្នាំ មុន

កម្ពុជា​ពិតជា​ដឹង​យ៉ាង​ច្បាស់​ថា ការ​ទទូច​ចង់​បាន​យន្ត​ការ​ទ្វេ​ភាគី ​ក្នុង​រឿង​ជំលោះ​ព្រំដែន​កម្ពុជា​-ថៃ​ របស់​ក្រុង​បាកកនោះ គឺគ្រាន់តែ​ជា​ឡប់​ឡែ​ក្នុង​ការ​បិទបាំង​នូវ​ភាព​កម្សោយ​ផ្នែក​នយោ​បាយ​ ​និង​ការទូត​របស់អាប់​ភីស៊ីត និង​កាស៊ីត រួមទាំង​​ក្រុមខ្លួន​តែ​ប៉ុណ្ណោះ ​ព្រោះ​ថា ពួក​គេ​បាន​ឆ្លៀត​​យក​បញ្ហា​ទំនាស់​ព្រំដែន​កម្ពុជា-​ថៃ​ មកធ្វើ​ជា​ល្បែង​នយោ​បាយ ក្នុង​ការ​ដុត​កំដៅ​ចលនា​ជាតិ​និយម បញ្ឆេះ​បញ្ហាជ្រុល​និយម​ជា​មួយ​ប្រទេស​ជិត​ខាង​ ដូចជា​កម្ពុជា

កម្ពុជា​ពិតជា​ដឹង​យ៉ាង​ច្បាស់​ថា ការ​ទទូច​ចង់​បាន​យន្ត​ការ​ទ្វេ​ភាគី ​ក្នុង​រឿង​ជំលោះ​ព្រំដែន​កម្ពុជា​-ថៃ​ របស់​ក្រុង​បាកកនោះ គឺគ្រាន់តែ​ជា​ឡប់​ឡែ​ក្នុង​ការ​បិទបាំង​នូវ​ភាព​កម្សោយ​ផ្នែក​នយោ​បាយ​ ​និង​ការទូត​របស់អាប់​ភីស៊ីត និង​កាស៊ីត រួមទាំង​​ក្រុមខ្លួន​តែ​ប៉ុណ្ណោះ ​ព្រោះ​ថា ពួក​គេ​បាន​ឆ្លៀត​​យក​បញ្ហា​ទំនាស់​ព្រំដែន​កម្ពុជា-​ថៃ​ មកធ្វើ​ជា​ល្បែង​នយោ​បាយ ក្នុង​ការ​ដុត​កំដៅ​ចលនា​ជាតិ​និយម បញ្ឆេះ​បញ្ហាជ្រុល​និយម​ជា​មួយ​ប្រទេស​ជិត​ខាង​ ដូចជា​កម្ពុជា ក្នុង​បំណង​កេង​ចំណេញ​នយោ​បាយ រក្សា​តំណែង​របស់​ពួកគេ​ដែល​បាន​មក​ដោយ​មិនស្របច្បាប់​ និង​ពោរ​ពេញ​ទៅដោយ​ល្បិច​កល ។

កាលពីថ្ងៃ​អាទិត្យ ទី​២២ សីហា ២០១០ ដោយ​មើល​ឃើញ​ស្រមោល​ នៃ​ពន្លឺ​ពហុ​ភាគី​ចេះ​តែ​​លេច​ឡើង​បន្តិច​ម្តង​ៗ កាន់តែ​ច្បាស់​នោះ អាប់​ភីស៊ីត បាន​ប្រញាប់​ប្រញាល់​បន្ទន់​ឥរិយា​បថ​​ក្អេង​ក្អាង​របស់​ខ្លួន​ ពី​ការ​ចង់​ប្រើ​កំលាំង​សង្គ្រប់​​មក​លើ​កម្ពុជា បែរជា​ស្ម័គ្រ​ចិត្ត​អង្វ​រសុំ​ជួប​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប នៅ​ប្រទេស​បែល​ហ៊្សិក ក្នុង​ខែ​តុលា​ខាងមុខ ។ ជា​ង​នេះ​ទៅ​ទៀត​​ កាលពីថ្ងៃចន្ទ ទី​២៣ សីហា ឆ្លៀត​ពេល​ដែល​កម្ពុជា​បាន​ប្រកាស​ ពី​ការ​សុំ​លាលែង​របស់​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ពី​តួនាទីជា​ទី ប្រឹក្សា​ផ្ទាល់​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និងទីប្រឹក្សា​សេដ្ឋ​កិច្ច​នៃ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ក្រុង​បាង​កក​បាន​ឆក់​ឱកាស​នេះ​ ហើយ​ប្រកាសថា ខ្លួន​បញ្ជូន​​ឯក​អគ្គ​រាជ​ទូត​របស់​ខ្លួន​ត្រឡប់​មក​កម្ពុជា​វិញ កាលពីថ្ងៃទី​២៤ សីហា ក្នុង​បំណង​បំភ័ន្ត​ភ្នែក​អន្តរជាតិ​ថា ស្ថាន​ការណ៍​ជម្លោះ​កម្ពុជា​-ថៃ មានភាពធូរស្រាល​ហើយ ហើយ​បញ្ហា​កម្ពុជា​-ថៃ​អាច​ដោះ​ស្រាយដោយ ទ្វេ​ភាគី ។

នេះ​គ្រាន់តែ​ជា​ការ​ឆ្លៀត​​កេង​ចំណេញ​របស់​អាប់​ភីស៊ីត និងកាស៊ីត មក​លើ​កម្ពុជា​​​ប៉ុណ្ណោះ ហើយ​កម្ពុជា​ក៏​យល់​ច្បាស់​ពី​ល្បិច​ «ស្វា​ស៊ី​បាយ​រួច​លាប​មាត់​ពពែ» របស់​ក្រុម​លោកដែរ ​ជា​ពិសេស​ល្បិច​ស្វា​លេងប៉ាហ៊ីរបស់​លោក ។ ដូច្នេះ​អាប់ភីស៊ីត គួរ​ល្មម​ឈប់ធ្វើ​ភ្លី​ភ្លើ ហើយ​ត្រូវ​​ទទួល​ស្គាល់​ការ​ពិត​អំពីបញ្ហា​ដែល​កើត​ឡើង រវាង​ប្រទេស​ទាំង​ពីរ​នៅ​ចំពោះ​មុខ​ហើយ ។ តាម​ពិត​ រឿង​លោក​ថាក់​ស៊ីន មិនមែនជា​ដើមចម​នៃ​ទំនាស់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នោះ​ទេ ។
ទំនាស់​ពិត​ប្រាកដ​នោះ គឺថៃ​បាន​បញ្ជូន​ទ័ព​របស់​ខ្លួន​រាប់​រយ​នាក់​មកឈ្លាន​ពាន​ទឹកដី​កម្ពុជា កាលពីថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០០៨ គឺមួយ​សប្តាហ៍​ក្រោយ​ពេល​ដែលប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ត្រូវ​បាន​ចុះ​ក្នុងបញ្ជី​បេតិក​ភណ្ឌ​ពិភព លោក​នោះ ។ ម្យ៉ាង​វិញទៀត គឺវា​បណ្តាល​មក​ពី​ការ​រឹង​រូស​របស់​ក្រុម​វង្វេង​ប្រវត្តិ​សាស្ត្រ​ថៃ ដែល​បាន​​ចចេស​ប្រើ​ប្រាស់​ផែនទី​ចោរ ឯក​តោ​ភាគី ​ដែលជា​ផែនទី​គ្មាន​មូលដ្ឋាន​ និងអន្តរជាតិ​មិន​ទទួលស្គាល់ ដើម្បី​ប្លន់​ទឹក​ដីកម្ពុជា ។
ថ្វីបើ​ស្ថាន​​ភាពចុង​ក្រោយ​ នៃ​ភាពតានតឹង​រវាងប្រទេស​ទាំង​ពីរ ​បានបង្ហាញ​ពីភាពធូរ​ស្រាលខ្លះៗ ហើយតាមរយៈ​កា​របញ្ជូន​អគ្គ​រាជ​ទូត​របស់ខ្លួន​ឱ្យ​ត្រឡប់​ចូលទៅធ្វើ​ការ​ដូចធម្មតា​វិញ និងការ​ចាប់ផ្តើម​និយាយ​ឆ្លង​ឆ្លើយ​គ្នា​ក្នុង​កំរិត​ការ​ទូត​ក៏ដោយ ក៏​គេ​ពិ​បាក​នឹង​វាយតំលៃថា យន្ត​ការ​ដោះស្រាយ​ទំនាស់​តាម​បែប​ទ្វេ​ភាគី​ ដែលថៃ​ទទូច​ចង់​បាន អាចនឹង​រក​ច្រក​ចេញ​បានណាស់ ពីព្រោះរដ្ឋា​ភិបាល​ក្រុង​បាងកក​បច្ចុប្បន្ន​ហាក់​​​គ្មាន​ចេតនា​បញ្ចប់​រឿង​រ៉ាវ​នេះដោយ​ងាយ​ស្រួល​នោះ​​ទេ ដោយហេតុថា អាប់ភីស៊ីត នៅតែ​មាន​​បំណង​យក​កម្ពុជា​ធ្វើជា​ចំណាប់ខ្មាំង​នយោ​បាយ​របស់​ខ្លួន​ដដែល ដើម្បី​រក្សា​អំណាច​ពួកគេ​បន្ត​ទៅ​​ទៀត ។

ដោយ​មើល​ឃើញ​នូវទង្វើ​ដ៏សែន​ពុតត្បុត​របស់​អាប់ភីស៊ីត ក្នុងរឿង​វិវាទ​រ៉ាំ​រ៉ៃ​នៃព្រំដែន​កម្ពុជា-ថៃនេះហើយ ទើប​លោក​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ ​បាន គីមូន បានឆ្លើយ​តប​ជា​បន្ទាន់ តាម​រយៈ​អ្នកនាំ​ពាក្យ​របស់​លោក​គឺ​លោក Farhan Haq ថា​ លោកអគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ បានត្រៀម​ខ្លួន​រួច​រាល់​ហើយ ក្នុងការជួយដល់​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​​ជំលោះ​ព្រំដែន​កម្ពុជា​-ថៃ ក្រោយ​ពេលដែលលោក​បាន​ទទួលសំណើ​តាម​រយៈ​លិខិត​របស់ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​បានស្នើ​សុំ​ដល់​អង្គ​ការ​សហប្រជាជាតិ និងក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហប្រជាជាតិ​ ចូល​រួម​ក្នុង​កិច្ច​ការនេះ ក្នុងបំណងបញ្ចៀស​​​ការ​ផ្ទុះ​សង្គ្រាម​ដែលរដ្ឋា​ភិ​បាល​​បាងកក​បាន​គំរាមនោះ ។

ម្យ៉ាងវិញ​ទៀត បើ​តាម​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម​ លោកស្រី Nguyen Phuong Nga ដែលបច្ចុប្បន្ន​ប្រទេស​វៀត​ណាម ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ក៏​បានបញ្ជាក់​​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​របស់ខ្លួនដែរថា «ក្នុងឋានៈ​ជា​ប្រធានអាស៊ាន វៀតណាម​កំពុងធ្វើ​ការ​ពិភាក្សា​គ្នា​យ៉ាង​សកម្ម​បំផុត ជាមួយនឹង​សមាជិក​អាស៊ាន ដទៃទៀត អំពី​សំណើ​របស់កម្ពុជា ដែលសុំ​ឱ្យ​អាស៊ាន​ធ្វើជា​អ្នកសំរបសំរួល​លើជំលោះ​ប្រា​សាទ​​ព្រះវិហារ​នោះ» ។ សេចក្តី​ប្រកាស​ព័ត៌​មាន​នេះ​ បានធ្វើ​ឡើង​ក្រោយ​ពេល​ប្រធាន​អាស៊ាន​បច្ចុ​ប្បន្ន​បានទទួល​លិខិត​ស្នើ​សុំ​ពីក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​​កម្ពុជា​​ ។

ដូច្នេះ​ជំរើស​មាន​តែ​មួយ គឺការ​បញ្ចប់​បញ្ហា​តាន​​តឹង​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ​ តាម​រយៈ​យន្តការ​ពហុ​ភាគី ។ ពិសេស​ សម្តេច​​នាយ​ករដ្ឋម​ន្ត្រី​ហ៊ុន សែន បានបញ្ជាក់​រួចហើយ កាល​ពីពេលថ្មីៗ​នេះ​ថា យន្ត​ការ​ពហុ​ភាគី​ដែល​មាន​អន្តរជាតិ​ចូលរួម​ អាច​នឹង​ជួយ​ជា​ត្រី​វិស័យ​ដល់​កម្ពុជា និងថៃ​បញ្ចប់​បញ្ហា​វិវាទ ដែល​កើត​​​មាន​រវាងប្រទេស​ទាំង​ពីរបាន​ដោយ​សន្តិ​វិធី ហើយ​ជាមួយនឹង​យន្ត​ការ​ពហុ​ភាគី​ក៏ជាមធ្យោយ​បាយ​មួយជួយ​សំរាល​បញ្ហា​នានា​ដល់​រដ្ឋាភិបាល​ក្រុង​​បាងកក ឱ្យ​មានភាពងាយស្រួល​ក្នុងការ​បក​ស្រាយ​ដល់ប្រជា​ជាតិ​ខ្លួន​ឱ្យ​យល់ថា អ្វីៗ​បាន​កើត​​ឡើង​ក្រោម​អំណាចនៃ​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពីឆ្នាំ​១៩៦២មក​ម៉្លេះ ហើយ​រឿង​នោះ ​​​ក៏​មិនមែនជា​កំហុស​របស់នាយករដ្ឋ​មន្ត្រី​​ថៃ កាលពី​សម័យនោះដែរ ។ ប៉ុន្តែ​អ្វី​ដែលសំខាន់​នោះ ថាតើ​លោក​អាប់ភីស៊ីត មានចេតនា​ពិត​ប្រាកដ​ក្នុង​ការបញ្ចប់​បញ្ហា​ ឬក៏ទុក​រឿងនេះ​ដើម្បី​ជា​ហ្គេមនយោបាយ​រក្សា​អំណាច​របស់ខ្លួន​នោះ ៕

ដោយ៖ ខេមរា ខេមរៈ