ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​មួយ​ចំនួន​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​លើ​ចេកអំបូង​លឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ទីផ្សារ​ចេកអំបូង​លឿង​កើនឡើង បាន​ធ្វើ​ឲ្យ​ឧកញ៉ា​ធំ​ៗ​មួយ​ចំនួន​នៅ​កម្ពុជា​ចាប់ផ្តើម​បោះទុន​វិនិយោគ​លើ​ដំណាំ​នេះ ដើម្បី​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​បាន​បោះទុន​៣០​លាន​ដុល្លារ​ដាំចេក​អំបូង​លឿង​លើ​ផ្ទៃដី​១​ពាន់​ហិ​កតា​នៅ​ក្នុងស្រុក​ឈូក…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ទីផ្សារ​ចេកអំបូង​លឿង​កើនឡើង បាន​ធ្វើ​ឲ្យ​ឧកញ៉ា​ធំ​ៗ​មួយ​ចំនួន​នៅ​កម្ពុជា​ចាប់ផ្តើម​បោះទុន​វិនិយោគ​លើ​ដំណាំ​នេះ ដើម្បី​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​បាន​បោះទុន​៣០​លាន​ដុល្លារ​ដាំចេក​អំបូង​លឿង​លើ​ផ្ទៃដី​១​ពាន់​ហិ​កតា​នៅ​ក្នុងស្រុក​ឈូក ខេត្តកំពត បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ថា ទីផ្សារ​ចេកអំបូង​លឿង​មាន​ភាពល្អ​ប្រសើរ និង​មាន​តម្លៃ​ល្អ​ខ្លាំង បើ​ធៀប​នឹង​ចេក​ធម្មតា​នៅ​ក្នុងស្រុក ។ លោក​មាន​ប្រសាសន៍​ថា ៖« ចេក​នេះ​មិនមែន​ដាំ​បាន​នៅ​គ្រប់​ប្រទេស​នោះ​ទេ ប៉ុន្តែ​កម្ពុជា​មាន​ដី​ដែល​អំណោយផល​សម្រាប់​ដាំចេក​នេះ ប៉ុន្តែ​កន្លង​មក​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍ ទើប​ចេក​នេះ​មិនសូវ​មាន​ដាំ​នៅ​កម្ពុជា ។ លោក​បន្ត​ថា ៖« យើង​អាច​នាំ​ចេញ​ចេក​ប្រភេទ​នេះ​ចេញពី​កម្ពុជា​ជា​លើក​ដំបូង​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ​នេះ ប៉ុន្តែ​បរិមាណ​ជាក់ស្តែង​មិន​ទាន់​ដឹង​នៅឡើយ​ទេ »​។ លោក​បន្ត​ថា យើង​អាច​នាំ​ចេញ​ចេក​ប្រភេទ​នេះ​បាន​ទូ​ទាំង​ពិភពលោក ដោយសារ​វា​ជា​ចេក​មាន​រសជាតិ​ឆ្ងាញ់ និង​អាច​រក្សា​ទុក​បាន​យូរ ងាយស្រួល​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ក្រៅប្រទេស »​។

លោក​ឧកញ៉ា ហ៊ុន ឡាក់ បន្ថែម​ថា នៅ​កម្ពុជា​មាន​ផ្ទៃដី​មាន​ជីជាតិ​ដែល​អំណោយផល​ដល់​ដំណាំ​នេះ ប៉ុន្តែ​កន្លង​មក​មិនសូវ​មាន​អ្នក​ដាំ ដោយសារ​ការ​យល់​ដឹង​នៅ​មាន​កម្រិត ទើប​ធ្វើ ឲ្យ​ដំណាំ​នេះ​មិនសូវ​មាន​ភាព​ពេញ​និយម​នៅ​កម្ពុជា ។ លោក​ថា ៖« ដំណាំ​នេះ​អាច​ឲ្យ​ផល​ចំនួន​៦០​តោន​ក្នុង​១​ហិ​កតា​ក្នុង​១​ឆ្នាំ ដែល​ជា​ឱកាសល្អ​សម្រាប់​អ្នក​ដាំ​ដំណាំ​នេះ »​។

ជាមួយ​គ្នា​នេះ លោក​ឧកញ៉ា លឹ​ម ហេង​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​បាន​និង​កំពុង​ចាប់ផ្តើម​វិនិយោគ​ដាំចេក​អំបូង​លឿង​លើ​ផ្ទៃដី​១​ពាន់​ហិ​កតា​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​, កំពង់ចាម និង​ខេត្តស្ទឹងត្រែង ដើម្បី​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន និង​ទីក្រុង​ឌូ​បៃ ដោយសារ​ប្រទេស​ទាំង​ពីរ​មាន​តម្រូវការ​ចេក​ប្រភេទ​នេះ​ខ្ពស់ ។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ៖« យើង​មាន​ទីផ្សារ​ទូលំទូលាយ តែ​អ្វី​សំខាន់​នា​ពេល​នេះ​យើង​ត្រូវ​ដាំចេក​ឲ្យ​បាន ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ទាំងនោះ »​។

ចេកអំបូង​លឿង ជា​ពូជ​ចេក​មក​ពី​សហរដ្ឋអាមេរិក ដែល​ជា​ចេក​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ភាពរ​មួ​ត​ល្អ ។
លោក​ឧកញ៉ា លឹ​ម ហេង បាន​បន្ត​ថា ៖« ជាមួយនឹង​ផែនការ​នាំ​ចេញ​នូវ​ចេក​ប្រភេទ​នេះ យើង​មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ម្សៅ​ចេក​ផង​ដែរ ព្រោះ​ផ្លែ​ចេក​ដែល​យើង​ប្រមូល​ផល​បាន មិន​ប្រាកដ​អាច​នាំ​ចេញ​បាន​ទាំងអស់​ទេ ។ ហេតុនេះ​យើង​ទាមទារ​ការ​កែ​ច្នៃ​វា​ទៅ​ជា​ម្សៅ ដើម្បី​ប្រើប្រាស់​ផលិត​អ្វី​ផ្សេង​ៗ​ទៀត »​។
ទោះជា​យ៉ាងណា លោក​ឧក​ញ៉​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទុន​វិនិយោគ​ក្នុង​គំរោង​នេះ​នៅឡើយទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ