ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​រមណី​ដ្ឋា​ន​នគរ​ភ្នំ​នេះ មាន​អ្វី​ដែល​ប្លែក​ច្រើន​មែន​!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ភ្នំ​សំពៅ​ក្រៅពី​មាន​ប្រវត្តិ​ទាក់ទង និង​រឿងព្រេង​និទាន​ហើយ​នោះ ភ្នំ​នេះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​អាណិកជន​ខ្មែរ នៅ​សហរដ្ឋអាមេរិក​មួយ​ឈ្មោះ លោកស្រី អេ​ឡែ​ន រៀបចំ​កែ​លំអ​ទៅ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​មានឈ្មោះ ថា…

ខេត្តព្រៃវែង ៖ ភ្នំ​សំពៅ​ក្រៅពី​មាន​ប្រវត្តិ​ទាក់ទង និង​រឿងព្រេង​និទាន​ហើយ​នោះ ភ្នំ​នេះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​អាណិកជន​ខ្មែរ នៅ​សហរដ្ឋអាមេរិក​មួយ​ឈ្មោះ លោកស្រី អេ​ឡែ​ន រៀបចំ​កែ​លំអ​ទៅ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​មានឈ្មោះ ថា រមណី​ដ្ឋា​ន​នគរ​ភ្នំ ។

អាជ្ញាធរ​ស្រុក​បាភ្នំ​បាន​ឲ្យ​ដឹង​ថា ពី​ដំបូង​មាន​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​មួយ​ក្រុម​បាន​នាំ​គ្នា​មក​លេង​នៅ​លើ​ភ្នំ​នេះ ហើយ​បាន​ប្រមូល​ថវិកា​គ្នា​កសាង​បាន​ជណ្តើរ​មួយ នៅ​ខាងជើង​ភ្នំ មាន​កាំជណ្តើរ​ចំនួន​១៣៣​កាំ ។ ក្រោយមក​នៅ​ឆ្នាំ​២០០០ ដោយ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ និង​ខាង​ក្រសួង​ផង​នោះ​ក្រុម​គ្រួសារ​លោកស្រី អេ​ឡែ​ន អាណិកជន​នៅ​សហរដ្ឋអាមេរិក​ក៏​បាន​ធ្វើ​ជណ្តើរ​ឡើង​ពី​ជើងភ្នំ​មក​ដល់​ចង្កេះភ្នំ ចំនួន​២​ថែម​ទៀត គឺ​ជណ្តើរ​ខាងកើត​ភ្នំ​មួយ និង​ខាងកើត​ឈាង​ខាងត្បូង​ភ្នំ​មួយ និង​ចាប់ផ្តើម​រៀបចំ​ធ្វើ​ប្រាសាទ​នៅ​លើ​ភ្នំ​នេះ​ជា​បន្តបន្ទាប់​រហូត​ស្ទើ​ពេញ​ភ្នំ​ទៅ​ហើយ និង​ពេល​នេះ​ក៏​កំពុង​កសាង​ស្រះ​ផ្កាឈូក​រូបចម្លាក់​មនុស្ស និង​ទេវតា​បន្ថែម​ទៀត​ផង ។

ក្បាច់រចនា​នៃ​តួ​ប្រាសាទ និង​រូបចម្លាក់​នីមួយ​ៗ គួប​ផ្សំ​ជាមួយនឹង​ទេសភាព​នៃ​ផ្ទាំង​ថ្ម​ធំ​ៗ​ជា​ច្រើន​ព្រមទាំង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៅ​លើ​ភ្នំ​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​កុះករ នៅ​ក្នុង​រដូវ​បុណ្យ​ទាន​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ក្រៅពី​រដូវ​បុណ្យ​ទាន​ភ្នំ​សំពៅ​នេះ​ក៏​មាន​សភាព​ស្ងប់ស្ងាត់​ដែរ ព្រោះ​មិនសូវ​មាន​អ្នក​មក​លេង​កម្សាន្ត​នោះ​ទេ ។

នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ឈាន​ជើង​ចូល​ដល់​ជើងភ្នំ​សំពៅ​នេះ​គេ និង​បានឃើញ​ជណ្តើរ​ដ៏​ស្រស់​ស្អាត​ចំនួន​៣ ដែល​កសាង​ឡើង ដើម្បី​នាំ​អ្នកទេសចរ​ទៅ​លើ​ភ្នំ ក្នុង​នោះ បើ​គេ​ឡើង​តាម​ជណ្តើរ​ធំ​ដែល​នៅ​ខាង​មុខ​ភ្នំ ក្នុង​ទិស​ប៉ែក​ខាងកើត​ឈាង​ខាងត្បូង​គេ​ត្រូវ​ដើរ​ឡើង​តាម​កាំជណ្តើរ​ចំនួន​៣៧៥​កាំ ទើប​ទៅ​ដល់​ដំណាក់​ទី​៣ នៃ​តួ​ភ្នំ​ត្រង់​ចំណុច​អាស្រម លោកយាយ​ធំ​បង្អស់​នៃ​ភ្នំ​សំពៅ​ដែល​នៅ​ខាង​មុខ​អាស្រម មាន​សាលាឆទាន​២ សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​អង្គុយ​យក​ខ្យល់អាកាស និង​សម្រាក​ពី​ការ​នឿយហត់ ។

ចំណែក​នៅ​ខាងក្រោយ​អាស្រម​នោះ​មាន​ប្រាសាទ​ចំនួន​៥​ប្រកបដោយ​ក្បាច់រចនា​យ៉ាង​ស្រស់​ឆើតឆាយ សម្រាប់​ឲ្យ​អ្នកទេសចរ​ទស្សនា​កម្សាន្ត ។ ប៉ុន្តែ​បើក​គេ​ឡើង​តាម​ជណ្តើរ​ខាងកើត​ដែល​មាន​១៤៣​កាំ និង​ជណ្តើរ​ខាងជើង​ដែល​មាន​១៣៣​កាំ គេ​និង​ឡើង​ដល់​ត្រឹម​ដំណាក់​ទី​១ ត្រង់​ចំណុច​អាស្រម​លោកយាយ​ព័ន្ធ​កាឡី បន្ទាប់​មក​គេ​ត្រូវ​បន្តដំណើរ​តាម​ជណ្តើរ​រួម​មួយទៀត ឡើង​ទៅ​លើ​ដែល​មាន​ចំនួន​២៤៦​កាំ គេ​នឹង​ទៅ​ដល់​ដំណាក់​ទី​៣ ត្រង់​ចំណុច​អាស្រម​លោកយាយ​ធំ​ដដែល ប៉ុន្តែ​បើ​គេ​កាច់​បត់​ស្តាំ​នៅ​ត្រង់​កណ្តាលផ្លូវ​ឡើង​តាម​ជណ្តើរ​១​ទៀត​ដែល​មាន​៩៨​កាំ គេ និង​ទៅ​ដល់​ដំណាក់​ទី​២ ដែល​នៅ​ទីនោះ​មាន​ប្រាសាទ​ចំនួន​៤ និង​អាស្រម​លោកតា​ឥសី​មួយ បន្ទាប់​មក​បើ​គេ​ឡើង​តាម​ជណ្តើរ​ចំនួន​៥៦​កាំ​ទៀត គេ និង​ឡើង​ទៅ​ដល់​ដំណាក់​ទី​៣ អាស្រម​លោកយាយ​ធំ ទើប​បន្ត​ឡើង​តាម​ជណ្តើរ​ចំនួន​៧៥​កាំ​ទៀត និង​បាន​ទៅ​ដល់​ដំណាក់​ទី​៤ ចុង​ក្រោយ​គេ​បង្អស់ ដែល​នៅ​ទីនោះ​មាន​អាស្រម​ពុទ្ធរូប​មួយ​ព្រះ​អង្គ​ដ៏​ធំ និង​នៅ​ខាងក្រោយ​អាស្រម​មាន​រូបសំណាក​លោកតា​ម្ចាស់​ភ្នំ​ដ៏​ធំ​មួយ​ឈរ​យ៉ាង​អង់អាច​ក្លាហាន ចាំ​មើល​ការ​ខុស​ត្រូវ​នៅ​លើ​ភ្នំ​នេះ ហើយ​នៅ​ក្រោយខ្នង​លោកតា​ម្ចាស់​ភ្នំ​ក៏​មាន​សាលាឆទាន​មួយទៀត សម្រាប់​ឲ្យ​អ្នកទេសចរ​សម្រាក​យក​ខ្យល់អាកាស​ផង​ដែរ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ទាំង​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​បាភ្នំ​នេះ​បាន​អះអាង​ថា រមណីយដ្ឋាន​នគរ​ភ្នំ​នេះ​ត្រូវការ​កសាង និង​ការ​អភិវឌ្ឍ​ជា​ច្រើន​ថែម​ទៀត ដើម្បី​ឲ្យ​រមណី​ដ្ឋា​ន​មួយ​នេះ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​លេង​កម្សាន្ត​កាន់តែ​ច្រើន​ថែម​ទៀត ទាំង​ក្នុង​រដូវ​បុណ្យ​ទាន​ផ្សេង​ៗ និង​នៅ​ក្នុង​ថ្ងៃ​ធម្មតា ប៉ុន្តែ​ពេល​នេះ​នៅ​មិន​ទាន់​មាន​អ្នក​វិនិយោគ ឬ​ដៃគូ​អភិវឌ្ឍ​ណាមួយ​ចូល​មក​ទាក់ទង និង​អាជ្ញាធរ ដើម្បី​ធ្វើការ​កែ​លំអ​តំបន់​នេះ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ