ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​នៃ​ការ​វិនិយោគ​កើនឡើង​កាន់តែ​ខ្លាំង ក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​បង្កើត​ឡើង​បាន​ប្រមាណ​២​ស​ប្តា​ហ៍ មកនេះ សកម្មភាព​នៃ​ការ​វិនិយោគ​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ។ នេះ​បើ​តាម​ការ​អះអាង​ពី​អ្នកជំនាញ​នានា ។…

រាជធានី​ភ្នំពេញ ៖ ក្រោយ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​បង្កើត​ឡើង​បាន​ប្រមាណ​២​ស​ប្តា​ហ៍ មកនេះ សកម្មភាព​នៃ​ការ​វិនិយោគ​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ។ នេះ​បើ​តាម​ការ​អះអាង​ពី​អ្នកជំនាញ​នានា ។

លោកស្រី តាំង ហួរ អគ្គ​នាយិកា​ក្រុមហ៊ុន AMATAK Property Service Co, Ltd បាន​ឲ្យ​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ម្សិលមិញ​ថា លោកស្រី​បាន​ជួប​ជាមួយ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​ពួក​គេ​បាន​សម្តែង​ការ​កោតសរសើរ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំ​មក​នូវ​សុខ​សន្តិភាព ពិសេស​ការ​បង្រួបបង្រួម​គណបក្ស​នយោបាយ​ចំនួន​១៩​ទៀត ឲ្យ​ចូលរួម​ផ្តល់​មតិយោបល់​ផ្សេង​ៗ ដើម្បី​ជា​ចំណែក​ចូលរួម​អភិវឌ្ឍន៍​ប្រទេស ។

លោកស្រី​បន្ត​ថា ៖« ដោយសារ​សកម្មភាព​នយោបាយ​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​មាន​ភាព​ចាស់ទុំ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​បាន​ចាប់ផ្តើម​មាន​សកម្មភាព​វិនិយោគ​កាន់តែ​ច្រើន​នៅ​កម្ពុជា »​។ លោកស្រី​ថា ៖« ការ​រក្សា​បាន​សន្តិភាព ស្ថិរភាព​នយោបាយ ពិសេស​សេដ្ឋកិច្ច​ល្អ​ប្រសើរ​នេះ​ហើយ ទើប​តម្លៃ​ដី​បាន​ឡើងថ្លៃ​ស្ទើរ​គ្រប់​ទីកន្លែង »​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា រយៈពេល​៨​ខែ​ឆ្នាំ​២០១៨​នេះ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ចំនួន​ទឹកប្រាក់​ជិត​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មាន​គម្រោង​សំណង់​ជិត​២០០០​គម្រោង​ត្រូវ​បាន​ចុះបញ្ជី ។

អ្នក​នាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងផង​ដែរ​ថា ជា​ការ​ពិត​ក្រោយ​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​រួច អ្នក​វិនិយោគ​ក្នុងស្រុក និង​អ្នក​វិនិយោគ​អន្តរជាតិ បាន​ចាប់ផ្តើម​វិនិយោគ​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស ។ ពួក​គេ​សម្រេចចិត្ត​លឿន បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​អាណត្តិ​មុន​ៗ ដោយសារ​ពួក​គេ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ។

អ្នក​នាង​បន្ត​ថា ៖« អ្នក​ទាំងនោះ​បាន​វិនិយោគ​លើ​ផ្នែក​ចម្រុះ​រួម​មាន សណ្ឋាគារ អា​ផាត​ម៉ិ​ន ការិយាល័យ និង​វិនិយោគ​លើ​ដីធ្លី​ជាដើម ហើយ​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ថា​អ្នក​វិនិយោគ​មក​ពី​អឺរ៉ុប និង​អា​មេ​រិ​ក ក៏​នឹង​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ដែល​នេះ​ជា​ចំណុច​វិជ្ជមាន ហើយ​យើង​ស្វាគមន៍ » ។
គួរ​រំឭក​ថា កាលពី​ចុងខែ​សីហា មាន​ក្រុមហ៊ុន​ធំ​ៗ​នៅ​អឺរ៉ុប​គ្រោង​មក​បោះទុន​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ដោយ​ពួក​គេ​អះអាង​ថា កម្ពុជា​ជា​ប្រទេស​ល្អ​ប្រសើរ​សម្រាប់​ការ​វិនិយោគ និង​កំណើន​ទេសចរ​អន្តរជាតិ​កើនឡើង​កាន់តែ​ច្រើន​ឡើង​ៗ ។

លោក Mauro Gasparotti នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Savills Hotels បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ៖« យើង​បានឃើញ​ភាព​លូតលាស់​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ដែល​នឹង​ជំរុញ​នូវ​ការ​អភិវឌ្ឍ​ផ្នែក​សណ្ឋាគារ​នា​ថ្ងៃ​អនាគត ។ វា​ធ្វើ​ឲ្យ​យើង​រំជើបរំជួល ដោយសារ​វា​នាំ​មក​នូវ​ឱកាស​ថ្មី​ដ៏​សំខាន់​សម្រាប់​អតិថិជន ជា​អ្នក​អភិវឌ្ឍន៍​របស់​យើង​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ច្នៃប្រឌិត »​។
ក្នុង​ឱកាស​នោះ​ដែរ លោក Christian Puchher នាយក​ប្រចាំ​ទ្វីបអាស៊ី​នៃ​សណ្ឋាគារ​Hilton បាន​មាន​ប្រសាសន៍​ថា ជាមួយនឹង​ប្រាក់​ចំណូល​កើនឡើង និង​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ទេសចរ​និង​អ្នកជំនួញ​ជា​ច្រើន​ត្រូវ​បាន​ទាក់ទាញ​មក​កាន់​ប្រទេស​កម្ពុជា ដែល​ជា​គោលដៅ​នៃ​ប្រាសាទ និង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ខ្លួន​, ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត និង​តំបន់​ទេសចរណ៍ធម្មជាតិ​ជា​ច្រើន​ទៀត ហើយ​ជា​ការ​ពិត​ណាស់​ភ្ញៀវ​ទេសចរ​ទាំងនេះ​រំពឹង​ថា​នឹង​មាន​បន្ទប់​សណ្ឋាគារ​ល្អ​ៗ លើស​ពី​អ្នក​ធ្វើ​ទេសចរណ៍​ធម្មតា ។​​ លោក​បន្ត​ថា ៖« យើង​គ្រោង​នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​វិនិយោគ​សណ្ឋាគារ​នា​ពេល​ឆាប់​ៗ​នៅ​ក្នុង​ប្រទេស​ដ៏​អស្ចារ្យ​មួយ​នេះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ