រាជធានីភ្នំពេញ ៖ នៅដើមសប្តាហ៍នេះ មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលប្រើប្រាស់ និងផលិតផលម្ហូបអាហារ នៅតាមទីផ្សារគោលដៅសំខាន់ៗរួមមាន ផ្សារចំនួន ៩ និងផ្ទះ តូបលក់ទំនិញ ម៉ាតនានាចំនួន ៣៧ ទីតាំង ដើម្បីធានាការពារនូវសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់ផលិតផលទំនិញមិនសមស្រប ពិសេសផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ជាយថាហេតុ ។
- ការត្រួតពិនិត្យផ្ដោតសំខាន់លើផលិតផលទំនិញម្ហូបអាហារចម្រុះគ្រប់ប្រភេទ
- ស្រង់យកសំណាកគំរូដើម្បីធ្វើការវិភាគរកសារធាតុគីមីហាមឃាត់បានចំនួន ៨០ សំណាកគំរូ។
- ជាលទ្ធផល គឺ បានដកហូតផលិតផលពុំមានអនុលោមភាពចំនួន ៤០,៥៧ គីឡូក្រាម និងបានបញ្ជូនសំណាកគំរូស្រាស ចំនួន៣គំរូ មកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធី។
ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខាក៏បានចែកជូនផ្ទាំងរូបភាពស្ដីពី «ការស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព» ជូនអាជីវករ និងអ្នកប្រើប្រាស់ ដើម្បីចូលរួមស្វ័យត្រួតពិនិត្យលើស្លាកសញ្ញាផលិតផលវេចខ្ចប់ស្រេច ការទុកដាក់ទំនិញ លក្ខខណ្ឌអនាម័យ និងការចេះប្រុងប្រយ័ត្នលើកត្តាជាគ្រោះដែលអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ជាយថាហេតុ ផងដែរ។
ក្នុងករណីបងប្អូនជា អាជីវករ ពាណិជ្ជករ អ្នកលក់ដូ និងជាអ្នកប្រើប្រាស់ មានសំណួរ ឬមានបំណងផ្តល់ព័ត៌មាន សូមទាក់ទងទូរស័ព្ទសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ ឬដោនឡូតកម្មវិធី CCF Complaint App តាមរយៈទូរសព្ទឆ្លាតវៃ ដើម្បីផ្ញើបណ្តឹងឬព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. សហការស្វែងរកដំណោះស្រាយតាមនីតិវិធី ៕










ចែករំលែកព័តមាននេះ